កម្ពុជា-ចិន សហការគ្នាពង្រឹងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដើម្បីជំរុញសេដ្ឋកិច្ច​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ចិន សហការគ្នាពង្រឹងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដើម្បីជំរុញសេដ្ឋកិច្ច​

កម្ពុជា-ចិន សហការគ្នាពង្រឹងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដើម្បីជំរុញសេដ្ឋកិច្ច​

កម្ពុជា និងចិន បានសម្រេចចុះអនុស្សណៈនៃការយោគយល់គ្នា(MoU) ក្នុងគោលបំណងពង្រឹងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលនឹងជំរុញឲ្យការធ្វើពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
 
កិច្ចព្រមព្រៀងនេះផ្ដោតសំខាន់លើការកសាងសមត្ថភាពមន្ត្រី និងស្ថាប័ន ការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹង ការផ្ទេរបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន ឡូជីស្ទីក និងការងារពិសោធន៍សំណង់សាធារណការ។
 
យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន ការចុះកិច្ចព្រមព្រៀងនេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ រវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ និងលោក LIU Wei រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនចិន អំឡុងពេលឯកឧត្តម ប៉េង ពោធិ៍នា ចូលរួមវេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ នៅប្រទេសចិន។
 
អ្នកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា យល់ឃើញថា កិច្ចព្រមព្រៀងកម្ពុជា-ចិន នឹងកាន់តែផ្ដល់ភាពវិជ្ជមានសម្រាប់វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។ លោកបានពន្យល់ថា កាលណាវិស័យដឹកជញ្ជូន និងឡូជីស្ទីកកាន់តែរីកចម្រើន នោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ​ក៏មានការរីកចម្រើនផងដែរ។
 

អ្នកឧកញ៉ា ស៊ិន ចន្ធី បង្ហាញក្ដីរំពឹងថា កិច្ចព្រមព្រៀងនេះនឹងអាចជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនកម្ពុជា ក៏ដូចជាជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនបន្ថែមទៀត។
 
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល ៨ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២សម្រេចបានជាង ១៥,៥ពាន់លានដុល្លារ ពោលគឺកើនឡើងជាង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា