កម្ពុជា ត្រៀមបង្កើត«មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ត្រៀមបង្កើត«មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា»

កម្ពុជា ត្រៀមបង្កើត«មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា»

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ កំពុង​សិក្សាពិនិត្យលទ្ធភាពបង្កើត «មជ្ឈមណ្ឌលជាតិប្រឆាំង​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីបង្កើនប្រសិទ្ធភាព និងល្បឿននៃការឆ្លើយតបចំពោះបទល្មើសអនឡាញ​ឱ្យបាន​ទាន់ពេលវេលា។

កម្ពុជាបានបង្ហាញពីឆន្ទៈម៉ឺងម៉ាត់ក្នុងការលុបបំបាត់​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដី។ ថ្លែងក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២៣ ខែកញ្ញា ឯកឧត្ត​ម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីឫសគល់នៃ​បញ្ហា​សកលនេះ ព្រមទាំងទិសដៅយុទ្ធសាស្ត្រថ្មីៗរបស់រាជរដ្ឋា​ភិបាល។

ប្រមុខក្រសួងមហាផ្ទៃបានរំលេចថា ការកើនឡើងយ៉ាង​គំហុកនៃបទល្មើសឆ្លងដែននេះ បណ្តាលមកពីមធ្យោបាយ​ប្រព្រឹត្តមានភាពងាយស្រួលខ្លាំង ដោយគ្រាន់តែមាន​ប្រព័ន្ធ​អ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិច។ ទន្ទឹមនឹងនេះ ភាពចន្លោះប្រហោងនៃច្បាប់ និងដែនយុត្តាធិការរវាង​ប្រទេសនីមួយៗ បានក្លាយជាឱកាសឱ្យក្រុមឧក្រិដ្ឋជនកេង​ចំណេញ ខណៈការចំណាយដើមទុនតិចតែទទួលបាន​ផលចំណេញមហាសាល។ បន្ថែមលើនេះ ការផ្លាស់ប្តូរទម្លាប់​រស់នៅ និងការធ្វើពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋមកជា​ការ​ទំនាក់ទំនង និងទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល រួមទាំងរូបិយ​ប័ណ្ណគ្រីបតូ ក៏ជាជំរុញឱ្យបទល្មើសនេះរាលដាលកាន់តែលឿន​ផងដែរ។

រដ្ឋាភិបាលកម្ពុជាបានចាត់ទុកការប្រយុទ្ធប្រឆាំង Online Scams ជារបៀបវារៈអាទិភាពបំផុត ដោយបានដាក់ឱ្យ​អនុវត្តច្បាប់ និងបង្កើតគណៈកម្មការចំពោះកិច្ចជាបន្តបន្ទាប់។ ជាពិសេស ក្រសួងមហាផ្ទៃកំពុងសិក្សាពិនិត្យ​លទ្ធភាព​បង្កើត «មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីឆ្លើយតប និងដោះស្រាយករណីឆបោក​បានទាន់​ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា គ្រប់ក្របខណ្ឌច្បាប់ និងយន្តការទាំងនេះ ធ្វើឡើងដើម្បី​សម្រេច​ឱ្យបាននូវការប្តេជ្ញាចិត្តនយោបាយក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា និងទប់ស្កាត់​មិនឱ្យកើតឡើងវិញ។

ចំណែកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនឱ្យ​បណ្តាញ​ឧក្រិដ្ឋកម្មអនឡាញ មកជ្រកកោននៅលើទឹកដីកម្ពុជា ដើម្បីបំផ្លាញវឌ្ឍនភាពជាតិ និងសេចក្តីសុខរបស់​ប្រជាជន ១៧ លាននាក់ឡើយ។

សូមជម្រាបថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញក្រសួងមហាផ្ទៃបានចុះ​ត្រួតពិនិត្យ​រដ្ឋបាលលើសពី ២៨,០០០ ទីតាំង និងបានបង្ក្រាបទីតាំង​ប្រព្រឹត្តបទល្មើសសរុប ៦៦៥ ទីតាំង។ ជាលទ្ធផល សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ២៦៨ សំណុំរឿង ដោយមានជនសង្ស័យ ២,៧៧៣ នាក់ ក្នុងនោះ ២,២០០ នាក់កំពុងឃុំខ្លួន។ ចំពោះជនបរទេសពាក់ព័ន្ធ កម្ពុជាបានបណ្តេញចេញពីប្រទេសសរុបចំនួនជាង ២ម៉ឺន១ពាន់នាក់ ដែលមាន ៣៨ សញ្ជាតិ។

កម្ពុជាក៏បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ និងអង្គការអន្តរជាតិ ដើម្បីឃាត់ខ្លួន និងបញ្ជូនមុខ​សញ្ញាមេខ្លោងសំខាន់ៗ ព្រមទាំងបន្តប្រមាញ់អ្នកគេចខ្លួន ដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មនេះឱ្យដល់ឫសគល់៕


ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា