អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៦៩ស្ថាប័ន ចូលរួមយកព័ត៌មានសន្និសីទអន្តរជាតិ ICCOS-2026 នៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៦៩ស្ថាប័ន ចូលរួមយកព័ត៌មានសន្និសីទអន្តរជាតិ ICCOS-2026 នៅកម្ពុជា

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៦៩ស្ថាប័ន ចូលរួមយកព័ត៌មានសន្និសីទអន្តរជាតិ ICCOS-2026 នៅកម្ពុជា

ភ្នំពេញ៖ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)»ក្រោមប្រធានបទ៖«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែល ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤​ខែកញ្ញា​​ ឆ្នាំ២០២៦ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ២៧៦នាក់ មកពី ៦៩ស្ថាប័ន (អន្តរជាតិ ៣៥ស្ថាប័ន មានចំនួន ៧១នាក់)​ ដែលមកពីអង្គភាពព័ត៌មានធំៗនៅក្នុងពិភពលោក ត្រូវបានអញ្ជើញឱ្យចូលរួមយកព័ត៌មាន ។

សន្និសីទអន្តរជាតិ ត្រូវបានប្រារព្ធពិធីបើកក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ​ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសណ្ឋាការសូហ្វីតែល ភូគាត្រា ភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីបណ្តា ប្រទេសជាង ២០ មកពីគ្រប់ទ្វីបលើពិភពលោក រួមមាន៖ សហរដ្ឋអាមេរិក ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសមកពីអាហ្វ្រិក អឺរ៉ុប និងបណ្តាប្រទេស ជាសមាជិកអាស៊ាន ព្រមទាំងអង្គការស្ថាប័នអន្តរជាតិចំនួន៦។

សន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹង Online Scams ព្រមទាំងរួមចំណែក ដល់កិច្ចខិតខំជាសកលក្នុងការទប់ទល់នឹង ឧក្រិដ្ឋកម្មឆ្លងដែនដែលជាវិបត្តិសកលលោក។

មុននឹងអញ្ជើញឱ្យចូលរួមយកព័ត៌មានសន្និសីទកម្រិតអន្តរជាតិនេះ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការសម្របសម្រួល ដឹកនាំដោយក្រសួងព័ត៌មាន បានរៀបចំដំណើរទស្សនកិច្ចដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ឱ្យចុះទៅផ្ដិតយកព័ត៌មាន នៅតាមមណ្ឌល Scam Compound ដែលសមត្ថកិច្ចកម្ពុជា បង្ក្រាបបាន នៅខេត្តព្រៃវែង ខេត្តស្វាយរៀង​ ខេត្តកណ្តាល​ និងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តបង្ក្រាបទល្មើស Online Scams ឱ្យដល់ឫសគល់ និងឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់ របស់ពិភពលោក​ ក្នុងការបោសសំអាតបទល្មើសនេះ។

ជាក់ស្ដែង នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះផលិតព័ត៌មាននៅ អតីតទីតាំង online scams មានឈ្មោះថា មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មម៉ឺនជ័យ ឬ ៨ park ស្ថិតនៅតំបន់ច្រកទ្វាអន្តរជាតិ ម៉ឺនជ័យ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលអតីតទីតាំង online scams នេះ ត្រូវបានគណៈបញ្ជាការឯកភាព ខេត្តព្រៃវែង ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​នៅដើមខែកុម្ភៈ និងបាន​បិទ​ឃុំ​​ទីតាំង​ទាំង​ស្រុង​ ។ តមក អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះផលិតព័ត៌មានពីការបង្រ្កាបបទល្មើស អនឡាញនៅទីតាំងការស៊ីណូ Golden galaxy ស្ថិតនៅ ក្រុងបាវិត ខេត្តស្វាយរៀង ដែលធ្វើបទបង្ហាញដោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ។ គិតមកពេលនេះ ខេត្តស្វាយរៀង បានបង្រ្កាបទីតាំងមជ្ឈមណ្ឌលឆបោកធំៗ លែងមានទៀតហើយ ប៉ុន្តែក្រុមនេះ បំបែកខ្លួនជាក្រុមតូចៗ ហើយសមត្ថកិច្ចនៅបន្តស្រាវជ្រាវ និងបង្ក្រាបឧក្រិដ្ឋជនទាំងនេះ ។

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏បានចុះទៅថតរូប និងផលិតព័ត៌មាន នៅអតីតទីតាំង Online scams «ក្រុមហ៊ុន Jin Zi Hui Property Management Co., Ltd.» ស្ថិតនៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ។ ទីតាំងនេះ ត្រូវបានចុះបង្រ្កាបនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដែលមានមេក្លោងពីរនាក់ជាជនជាតិចិន ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ ។

ដោយឡែក យុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ​នៅរាជធានីភ្នំពេញ ក្នុងរយៈពេល ១ឆ្នាំ មកនេះ អាជ្ញាធរមានសមត្ថកិច្ច បានបើកប្រតិបត្តិការ ទ្រង់ទ្រាយធំ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យប្រមាណ ៣០០០នាក់ មាន២២សញ្ជាតិ និងបង្កកទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងបទល្មើសប្រមាណ ៨០ម៉ឺនដុល្លារអាមេរិក ។

គួរបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំង online scams ទ្រង់ទ្រាយធំបានជាង៨០កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា