ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងជូនអង្គសន្និសីទអន្តរជាតិអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្លាំងអនុវត្តច្បាប់កម្ពុជាដើម្បីបោសសម្អាតស្កេម! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងជូនអង្គសន្និសីទអន្តរជាតិអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្លាំងអនុវត្តច្បាប់កម្ពុជាដើម្បីបោសសម្អាតស្កេម!

ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងជូនអង្គសន្និសីទអន្តរជាតិអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្លាំងអនុវត្តច្បាប់កម្ពុជាដើម្បីបោសសម្អាតស្កេម!

នាឱកាសចូលរួមថ្លែងសុន្ទរកថា លើប្រធានបទ «ការឆ្លើយតបក្នុងតំបន់និងសាកលលោកចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ឆ្លើយតបនឹងការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បណ្តាប្រទេសជាច្រើន និងអង្គការអន្តរជាតិ បានខិតខំប្រឹងប្រែងដាក់ចេញនូវក្របខណ្ឌច្បាប់ និងយន្តការកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងថា ការឆ្លើយតបក្នុងតំបន់និងសាកលលោក រួមទាំងកម្លាំងអនុវត្តច្បាប់កម្ពុជាក៏មានការវិវឌ្ឍន៍ទៅតាមបទល្មើសនេះដូចគ្នាដែរ។

បើតាមឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ការឆ្លើយតបបញ្ហានេះ ដំបូងឡើយផ្តោតលើការការពារជនរងគ្រោះពីការឆបោក តាមរយៈការលើកកម្ពស់ការយល់ដឹង និងវិធានការបង្ការដទៃទៀត ប៉ុន្តែវិធានការទាំងនេះ មិនអាចទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកនេះមិនឱ្យរីកធំធាត់បាននោះឡើយ ដូច្នេះបានជាមានការផ្លាស់ប្តូរពីការការពារប្រជាពលរដ្ឋរៀងៗខ្លួន ទៅជាការធ្វើសកម្មភាព រួមគ្នាដើម្បីបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងនេះ ទើបអាចធានានូវសន្តិសុខ-សុវត្ថិភាពសម្រាប់ប្រជាជន និងសង្គម។

«ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាខាងលើ បានឈានមួយជំហាន ដែលបានទៅមុខ ក្នុងការរៀបចំក្របខណ្ឌច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែមេសា ឆ្នាំ២០២៦កន្លងទៅ»។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងបន្ថែមយ៉ាងដូច្នេះ ដោយបានបន្តទៀតថា ការបង្កើតច្បាប់ថ្មីនេះ បានបំពេញនូវចន្លោះប្រហោងនៃច្បាប់កន្លងមក និងលើកកម្ពស់ប្រសិទ្ធភាព នៃការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក៏ដូចជាប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នៅចំពោះមុខ អង្គវេទិកាមានការចូលរួមថ្លែងសុន្ទរកថា និងវាគ្មិនពីតំណាងលេខាធិការដ្ឋានមេគង្គ ឡានឆាង ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI នគរបាលសហព័ន្ធអូស្រ្តាលី អគ្គលេខាធិការអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ INTERPOL ឯកឧត្តម កែវ វណ្ណថន បានអះអាងថា ច្បាប់ថ្មីរបស់កម្ពុជាបានស្របនឹងការវិវឌ្ឍន៍នៃវិធានការរបស់តំបន់ និងសាកលលោកចំពោះឧក្រិដ្ឋកម្ម ដោយកំណត់ទោសទណ្ឌចំពោះបុគ្គលទាំងអស់ដែលមានការពាក់ព័ន្ធ រួមមាន អ្នករៀបចំ អ្នកជ្រើសរើសនិងប្រមូលមនុស្ស អ្នកផ្តល់ទីតាំង អ្នកគាំទ្រ និងបណ្តាញសម្អាតប្រាក់ដែលនៅពីក្រោយបទល្មើសនេះឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ឯកឧត្តមបានបន្ថែមទៀតថា សមត្ថកិច្ចកម្ពុជា ក៏បានបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្តាប្រទេសជាដៃគូ និងអង្គការអន្តរជាតិ ដើម្បីផ្លាស់ប្តូរព័ត៌មាន ស៊ើបអង្កេត និងធ្វើកោសលវិច័យវត្ថុតាងឌីជីថល សំដៅធានាថា ក្រុមឧក្រិដ្ឋជនមិនអាចកេងចំណេញពីភាពខុសគ្នា នៃយុត្តាធិការ ដើម្បីគេចវេសពីការទទួលខុសត្រូវផ្លូវច្បាប់ចំពោះសកម្មភាពរបស់ពួកគេឡើយ។ ឯកឧត្តមបន្តថា ផ្អែកលើការវិវឌ្ឍន៍ខាងលើទាំងកម្រិតសាកលលោក តំបន់ និងកម្ពុជា អ្វីដែលអាចមើលឃើញច្បាស់នោះគឺ មិនមានប្រទេស ឬស្ថាប័នណាមួយ អាចដោះស្រាយបញ្ហាឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យាតែឯងប្រកបដោយប្រសិទ្ធភាពឡើយ។

ដើម្បីលើកកម្ពស់ការឆ្លើយតបក្នុងតំបន់និងសាកលលោក ចំពោះបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនាមតំណាងក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម កែវ វណ្ណថន បានលើកទស្សនាទាន៤ចំណុចចែករំលែកជូនអង្គវេទិកា រួមមាន ១- លើកកម្ពស់ការរៀបចំក្របខណ្ឌច្បាប់ឱ្យទាន់សភាពការណ៍នៃបទល្មើស ២- ជំរុញការប្រើប្រាស់ឱ្យអស់លទ្ធភាពនិងប្រកបដោយប្រសិទ្ធភាពនូវយន្តការអន្តរជាតិ និងតំបន់ រួមមានយន្តការរបស់ UNODC, INTERPOL, ASEAN, LMLECC និងដៃគូផ្សេងទៀត ៣- លើកកម្ពស់ភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន និង៤-បណ្តុះបណ្តាលនិងកសាងសមត្ថភាពរួមគ្នារបស់មន្ត្រីអនុវត្តច្បាប់។

សូមបញ្ជាក់ថាក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានអគ្គស្នងការនគរបាលជាតិ ជាសេនាធិការ បាននិងកំពុងធ្វើការរួមគ្នាជាមួយបណ្ដាប្រទេស និងអង្គការដៃគូអន្តរជាតិ រួមមាន សាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាម៉េរិក ព្រីតថេន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ឥណ្ឌូនេស៊ី វៀតណាម ឡាវ ថៃ UNODC, INTERPOL, ASEAN, LMLECC និងដៃគូផ្សេងៗទៀត។

គិតត្រឹមរយៈពេល៦ខែ ដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ជាសេនាធិការ បានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៤៨៨កន្លែង និងឃាត់ខ្លួនជនសង្ស័យ២០.៩២៦នាក់ ស្មើ៣៨សញ្ជាតិ បញ្ជូនទៅតុលាការ២.៦៣៧នាក់ ស្មើនឹង២៦សញ្ជាតិ ធ្វើកិច្ចសន្យាអប់រំ១.៦៦៦នាក់ ស្មើ១៤សញ្ជាតិ និងមួយចំនួនទៀតបន្តការអនុវត្តតាមនីតិវិធីជំនាញ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា