ក្រុមហ៊ុនអាកាសចរណ៍ AirAsia និងPegasus មានជើងហោះហើររួមតែមួយ (Codeshare) ជាលើកដំបូង និងបង្កើនជើងហោះហើរទៅទីក្រុងអ៊ីស្តង់ប៊ុល (​ប្រទេសទួរគី) ជារៀងរាល់ថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនអាកាសចរណ៍ AirAsia និងPegasus មានជើងហោះហើររួមតែមួយ (Codeshare) ជាលើកដំបូង និងបង្កើនជើងហោះហើរទៅទីក្រុងអ៊ីស្តង់ប៊ុល (​ប្រទេសទួរគី) ជារៀងរាល់ថ្ងៃ

ក្រុមហ៊ុនអាកាសចរណ៍ AirAsia និងPegasus មានជើងហោះហើររួមតែមួយ (Codeshare) ជាលើកដំបូង និងបង្កើនជើងហោះហើរទៅទីក្រុងអ៊ីស្តង់ប៊ុល (​ប្រទេសទួរគី) ជារៀងរាល់ថ្ងៃ

ការពង្រីកវិសាលភាពហោះហើរ៖ ភាពជាដៃគូសហការថ្មីនេះនឹងត្រួសត្រាយផ្លូវសម្រាប់ពង្រីកផ្លូវហោះហើរបន្ថែមជាង ១០០ ខ្សែទៀត ក្នុងរយៈពេលខ្លី និងរយៈពេលវែង។

ការពង្រឹងទំនាក់ទំនងរវាងអាស៊ី – អឺរ៉ុប៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងបង្កើនការតភ្ជាប់ជើងហោះហើរ ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល រហូតដល់ចំនួន ៧ ជើងហោះហើរក្នុងមួយសប្តាហ៍។

កូឡាឡាំពួរទៅកាន់អឺរ៉ុប៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បើកផ្លូវហោះហើរទៅកាន់​ Stansted (ទីក្រុងឡុងដ៍), Vnukovo (ទីក្រុងម៉ូស្គូ), Esenboga (ទីក្រុងអង់ការ៉ា), Zurich (ប្រទេសស្វីស) និង ទីក្រុង​ Athens (ប្រទេសក្រិក) តាមរយៈទីក្រុងអ៊ីស្តង់ប៊ុល ជាមួយនឹងតម្លៃសំបុត្រពិសេសចាប់ពី ៧៩៩* រីងហ្គីតម៉ាឡេស៊ីសម្រាប់ការហោះហើរមួយជើង។

នៅទីក្រុងសេប៉ាំង (Sepang) ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia កំពុងបោះជំហានដ៏សំខាន់មួយទៀតក្នុងការពង្រីកការតភ្ជាប់ជើងហោះហើរអន្តរជាតិរបស់ខ្លួន ជាមួយនឹង​ការ​ដាក់ឱ្យដំណើរការប្រើប្រាស់ជើងហោះហើររួមតែមួយ (Codeshare) ជាលើកដំបូងបង្អស់ ក្រោមរូបភាពជាដៃគូប្រើប្រាស់ជើងហោះហើររួមតែមួយ​ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ (LCC) ដ៏ធំបំផុតរបស់ប្រទេសទួរគី ក្រុមហ៊ុនអាកាសចរណ៍ Pegasus ដែលបើកផ្លូវតភ្ជាប់ជើងហោះហើរឱ្យរលូនរវាងអាស៊ីអាគ្នេយ៍ និងអឺរ៉ុប តាមរយៈទីក្រុងអ៊ីស្តង់ប៊ុល។

            ភាពជាដៃគូ​នេះបានប្រមូលផ្តុំ​ក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ (LCC) ដ៏មានសក្តានុពលចំនួនពីរមកពីអាស៊ាន​ និងអឺរ៉ុប ដោយភ្ជាប់បណ្តាញហោះហើរដ៏ទូលំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅអាស៊ាន និងអាស៊ី ជាមួយនឹងបណ្តាញហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍ Pegasus នៅអឺរ៉ុប តាមរយៈមជ្ឈមណ្ឌលហោះហើរ Istanbul Sabiha Gökçen។ នេះក៏ជាការគូសបញ្ជាក់អំពីសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងបេសកកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ក្នុងការក្លាយជាក្រុមហ៊ុនអាកាសចរណ៍តភ្ជាប់បណ្តាញហោះហើរតម្លៃសមរម្យដំបូងគេបង្អស់លើពិភពលោក ស្របពេលក្រុមហ៊ុនអាកាសចរណ៍​មួយនេះ ធ្វើឱ្យការធ្វើដំណើរអន្តរជាតិកាន់តែងាយស្រួល និងមានតម្លៃសមរម្យ ព្រមទាំងជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់ទីក្រុងកូឡាឡាំពួរជាច្រកទ្វារដ៏សំខាន់រវាងអាស៊ី និងពិភពលោក។

ការសហការនាំយកក្រុមហ៊ុនអាកាសចរណ៍ AirAsia ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបឱ្យកាន់តែទូលំទូលាយ នឹងបើកច្រកជាបន្តបន្ទាប់នូវផ្លូវហោះហើរជាង ១០០ ខ្សែ រវាងអាស៊ី និងអឺរ៉ុប តាមរយៈបណ្តាញហោះហើររួមគ្នារបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia និង Pegasus។ ការចាប់ផ្តើមដំបូងជាមួយនឹងគោលដៅហោះហើរនៅអឺរ៉ុបចំនួន ៥ ដូចជា Stansted (ទីក្រុងឡុងដ៍), Vnukovo (ទីក្រុងម៉ូស្គូ), Esenboga (ទីក្រុងអង់ការ៉ា), Zurich (ប្រទេសស្វីស) និងទីក្រុង Athens (ប្រទេសក្រិក) នឹងជួយ​ត​ភ្ជាប់អ្នកដំណើរពីទីក្រុងកូឡាឡាំពួរ តាមរយៈទីក្រុងអ៊ីស្តង់ប៊ុល ដែលជាការកសាងមូលដ្ឋានគ្រឹះសម្រាប់បណ្តាញហោះហើរនៅអឺរ៉ុបឱ្យកាន់តែទូលំទូលាយ​ជាង​មុន​។​​

            ដើម្បីពង្រឹងការតភ្ជាប់ទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងបង្កើនចំនួនជើងហោះហើរកូឡាឡាំពួរ-អ៊ីស្តង់ប៊ុល (KUL-SAW) ពីចំនួន ៤ ទៅ ៧ ជើងហោះហើរក្នុងមួយសប្តាហ៍​ ចាប់ពី
ខែកុម្ភៈ ឆ្នាំ២០២៧ ដែលផ្តល់ជូនអ្នកដំណើរនូវការតភ្ជាប់ប្រកបដោយភាពបត់បែន និងមានភាពងាយស្រួលរវាងតំបន់ទាំងពីរ​។ ផ្លូវហោះហើរកូឡាឡាំពួរ-អ៊ីស្តង់ប៊ុល របស់ AirAsia X បានផ្តល់ការតភ្ជាប់ដោយផ្ទាល់រវាងតំបន់អាស៊ីអាគ្នេយ៍ និងទីក្រុងអ៊ីស្តង់ប៊ុលដែលជាច្រកទ្វារដ៏សំខាន់ តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ មកម៉្លេះ ហើយការប្រើប្រាស់ជើងហោះហើររួមតែមួយ (Codeshare) នេះ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់បទពិសោធន៍នៃការតភ្ជាប់​ជើងហោះហើរយ៉ាងរលូន ដោយអ្នកដំណើរអាចកក់សំបុត្រតែមួយ និងអាចបញ្ជូនវ៉ាលីដោយស្វ័យប្រវត្តិទៅកាន់គោលដៅចុងក្រោយ ដោយមិនចាំបាច់ធ្វើការចុះឈ្មោះ (Check-in) ឡើងវិញ ឬរង់ចាំយកវ៉ាលី ដើម្បីចុះឈ្មោះ (Check-in) បញ្ជូនវ៉ាលីម្តងទៀតក្នុងអំឡុងពេលផ្ទេរជើងហោះហើរ (Transit) នៅទីក្រុងអ៊ីស្តង់ប៊ុលឡើយ។
ការពង្រីកការតភ្ជាប់នេះនឹងផ្តល់ឱ្យអ្នកដំណើរនូវជម្រើសកាន់តែច្រើន និងភាពងាយស្រួល នៅពេលធ្វើដំណើររវាងអាស៊ី និងអឺរ៉ុប ព្រមទាំងជួយបើកឱកាសកាន់តែច្រើនបន្ថែមទៀត ខណៈដែលបណ្តាញហោះហើរនេះនៅតែបន្ត​រីកចម្រើន។

ការតភ្ជាប់ជើងហោះហើរថ្មីនេះ ក៏ផ្តល់អត្ថប្រយោជន៍ដល់គោលដៅទាំងសងខាងផងដែរ។ អ្នកដំណើរមកពីតំបន់អឺរ៉ុបនឹងអាចភ្ជាប់ជើងហោះហើរតាមរយៈទីក្រុងអ៊ីស្តង់ប៊ុល បន្តមកកាន់ទីក្រុងកូឡាឡាំពួរ ដែលជាកន្លែងដែលពួកគេអាចទទួលបានសេវាកម្មបណ្តាញតភ្ជាប់ Fly-Thru ដ៏ទូលំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅទូទាំងតំបន់អាស៊ាន អាស៊ី និងអូស្ត្រាលី។ នេះរាប់បញ្ចូលទាំងទិសដៅពេញនិយមនានាក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ចិន វៀតណាម និងទិសដៅជាច្រើនទៀត ស្របជាមួយនឹងការបង្កើនជើងហោះហើររបស់ខ្លួនទៅកាន់ទីក្រុង​អ៊ីស្តង់ប៊ុល ដែលជួយពង្រឹងបន្ថែមទៀតនូវការតភ្ជាប់រវាងអឺរ៉ុប និងអាស៊ី ព្រមទាំងផ្តល់ឱ្យ
អ្នកដំណើរមកពីអឺរ៉ុបនូវលទ្ធភាពកាន់តែទូលាយក្នុងការធ្វើដំណើរទៅកាន់គោលដៅដ៏មានប្រជាប្រិយភាពបំផុតប្រចាំតំបន់ តាមរយៈបណ្តាញហោះហើរដ៏ទូលំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia។

លោក Bo Lingam អគ្គនាយកប្រតិបត្តិនៃ AirAsia Group មានប្រសាសន៍ថា៖ “ក្នុង​ភាពជាដៃគូ​​នៃការប្រើប្រាស់ជើងហោះហើររួមគ្នា (Codeshare) លើកដំបូងបង្អស់របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia នេះ គឺជាសមិទ្ធផល​ដ៏មានអត្ថន័យនៅក្នុងខួបទី ២៥ ឆ្នាំរបស់យើង ព្រមទាំងជាជំពូកថ្មីនៃការផ្លាស់ប្តូរមុខមាត់ពីក្រុមហ៊ុនអាកាសចរណ៍​តម្លៃសមរម្យ​ឈានមុខគេក្នុងតំបន់អាស៊ាន ទៅជាបណ្តាញធ្វើដំណើរលំដាប់ពិភពលោកពិតប្រាកដ​។ ការតភ្ជាប់បណ្តាញ​ហោះហើរដ៏ទូលំទូលាយរបស់យើងនៅទូទាំងអាស៊ី ជាមួយនឹងបណ្តាញហោះហើរដ៏រឹងមាំនៅអឺរ៉ុបរបស់ក្រុមហ៊ុនអាកាសចរណ៍ Pegasus ពីទីក្រុងអ៊ីស្តង់ប៊ុល ដែមានវិសាលភាពនៃគោលដៅហោះហើរចំនួន ១៦០ ក្នុង ៥៦ ប្រទេស​។​ យើងកំពុងធ្វើឱ្យអ្នកដំណើររបស់យើងចូលទៅតំបន់អឺរ៉ុបឱ្យកាន់​តែ​មាន​ភាព​ងាយស្រួល ព្រមទាំងបង្កើត​ច្រកទ្វារសម្រាប់អ្នកធ្វើដំណើរមកពីអឺរ៉ុបមកស្វែងយល់តំបន់អាស៊ាន និងតំបន់ដទៃទៀតផងដែរ។ ភាពជាដៃគូនេះ​ផ្តល់ឱ្យអ្នកធ្វើដំណើរនូវជម្រើសជាច្រើន ការតភ្ជាប់ និងឱកាសកាន់តែច្រើនក្នុងការស្វែងយល់ពីពិភពលោក ជាមួយ​តម្លៃសំបុត្រសមរម្យ ព្រមទាំងជួយកសាងគ្រឹះសម្រាប់ការ​តភ្ជាប់​ឱ្យ​កាន់​តែប្រសើរឡើងបន្ថែមទៀត តាមរយៈភាព​ជាដៃគូយុទ្ធសាស្ត្រនាពេលអនាគត។”

លោកស្រី Güliz Öztürk អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Pegasus មានប្រសាសន៍ថា “អាកាសយានដ្ឋាន Istanbul Sabiha Gökçen គឺជាចំណុចតភ្ជាប់ដ៏ស័ក្តិសមបំផុតរវាងអឺរ៉ុប និងអាស៊ី។ ការដែលកិច្ចសហការជើងហោះហើររួមគ្នា (Codeshare) ដំបូងបង្អស់របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ត្រូវបានធ្វើឡើង​ជាមួយក្រុមហ៊ុនអាកាសចរណ៍ Pegasus គឺជាមោទនភាពមួយ៖ វាស្តែងឱ្យឃើញពីបណ្តាញហោះហើរដែលយើងបានកសាងឡើងចេញពីទីក្រុងអ៊ីស្តង់ប៊ុល​អស់​​រយៈពេលជាងពីរទសវត្សរ៍មកនេះ និងជាមជ្ឈមណ្ឌលហោះហើរដែលបន្តរីកចម្រើនឥតឈប់ឈរ។ បច្ចុប្បន្ន អ្នកដំណើររបស់យើងអាចធ្វើដំណើរទៅទីក្រុងកូឡាឡាំពួរដោយរលូន ហើយអាចបន្តដំណើរតាមរយៈបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលមានគោលដៅហោះហើរជាង ១៤០ នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ខណៈដែលអ្នកធ្វើដំណើរមកពីអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត ទទួលបាននូវច្រកទ្វារទៅប្រទេសទួរគី និងអឺរ៉ុប។ យើងនឹងរួមគ្នាកសាង​បន្ថែមលើសមិទ្ធផលនេះ ដោយអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការធ្វើដំណើរដែលកាន់តែមានភាពប្រទាក់ក្រឡា​គ្នារវាងបណ្តាញទាំងពីរ និងបើកទូលាយនូវគោលដៅហោះហើរឱ្យកាន់តែច្រើន ជួយឱ្យការធ្វើដំណើរកាន់តែមានភាពងាយស្រួល និង
ផ្ត​ល់​​តម្លៃសំបុត្រសមរម្យសម្រាប់អ្នកដំណើររបស់យើង។”

ដើម្បីអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏គួរឱ្យរំភើបនេះជាមួយ​ក្រុមហ៊ុនអាកាសចរណ៍​ Pegasus ក្រុមហ៊ុនអាកាសចរណ៍​ AirAsia នឹងផ្តល់ជូននូវតម្លៃសំបុត្រប្រម៉ូសិនពិសេសក្នុងរយៈពេលដូចដែលបាន​កំណត់ សម្រាប់ការហោះហើរពីទីក្រុងកូឡាឡាំពួរទៅកាន់ទិសដៅទាំង ៥ នេះ តាមរយៈអាកាសយានដ្ឋាន Istanbul Sabiha Gökçen ជាមួយនឹងតម្លៃសំបុត្រចាប់ពី ៧៩៩* រីងហ្គីតម៉ាឡេស៊ីសម្រាប់ការហោះហើរមួយជើង និងតម្លៃសំបុត្រចាប់ពី ១៩៩* ដុល្លារអាមេរិក សម្រាប់ការហោះហើរមួយជើង ពី Esenboga (ទីក្រុងអង់ការ៉ា), Vnukovo (ទីក្រុងម៉ូស្គូ), ទីក្រុង Athens (ប្រទេសក្រិក), ទីក្រុង Zurich (ប្រទេសស្វីស) និងតម្លៃសំបុត្រចាប់ពី ២៩៩* ដុល្លារអាមេរិក ពី Stansted (ទីក្រុងឡុងដ៍) មកកាន់ទីក្រុងកូឡាឡាំពួរ។ អាចធ្វើការកក់សំបុត្រចាប់ពី
ថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ តាមរយៈកម្មវិធី AirAsia MOVE សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៧។

*តម្លៃនេះរួមបញ្ចូលទាំងតម្លៃសេវាអ្នកដំណើរ កម្រៃសេវាកំណត់ដោយអាជ្ញាធរ ថ្លៃប្រេងឥន្ធនៈបន្ថែម កម្រៃសេវាផ្សេងៗដែលពាក់ព័ន្ធ និងទម្ងន់វ៉ាលីផ្ញើចំនួន ២០ គីឡូក្រាម។ ជើងហោះហើរទាំងនេះត្រូវបានប្រតិបត្តិការតាម
រយៈជើងហោះហើររួមគ្នា (Codeshare) ជាមួយក្រុមហ៊ុនអាកាសចរណ៍ Pegasus។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

**AirAsia Group ដែលត្រូវបានគេស្គាល់ថាជា AirAsia X Berhad

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា