ក្រសួងបរិស្ថានចុះ MOU ជាមួយអង្គការ CI ដើម្បីរួមគ្នាអភិរក្សធនធានធម្មជាតិកម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងបរិស្ថានចុះ MOU ជាមួយអង្គការ CI ដើម្បីរួមគ្នាអភិរក្សធនធានធម្មជាតិកម្ពុជា​

ក្រសួងបរិស្ថានចុះ MOU ជាមួយអង្គការ CI ដើម្បីរួមគ្នាអភិរក្សធនធានធម្មជាតិកម្ពុជា​

ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៦ដល់២០៣១។ កិច្ចសហការនេះផ្តោតលើការការពារ និងអភិរក្សធនធានធម្មជាតិ ការស្រាវជ្រាវ និងបច្ចេកវិទ្យា ព្រមទាំងការអភិវឌ្ឍសហគមន៍ ការកសាងសមត្ថភាព និងនិរន្តរភាពហិរញ្ញវត្ថុ។
 
អង្គការ CI បញ្ជាក់ថា អនុស្សរណៈនេះក៏មានគោលបំណងធ្វើឱ្យយុទ្ធសាស្ត្ររបស់អង្គការ CI ស្របគ្នាយ៉ា​ង​ពេញលេញជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» របស់ក្រសួងបរិស្ថាន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងរួមចំ​ណែកយ៉ាងសំខាន់ដល់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការអភិរក្សជីវៈចម្រុះ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិផងដែរ។
 
ឯកឧត្តម ខ្វៃ​ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់បណ្ដាញព័ត៌មាន AMS ថា កិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិកម្ពុជា គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការបង្កើនគម្របបៃតងនៅកម្ពុជា តាមរយៈការពង្រឹងគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សធជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។
 
អ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងទៀតថា កន្លងមក​ ភាពដៃគូរវាងក្រសួងបរិស្ថាន និងអង្គការ CI បានចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន ៤ នៅកម្ពុជា រួមមាន តំបន់បឹងទន្លេសាប នៅឧទ្យានជាតិតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃព្រៃឡង់ និងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលមានផ្ទៃដីសរុបប្រមាណជាងមួយលានហិកតា៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា