តម្លៃប្រេងធ្លាក់ចុះភ្លាមៗ ក្រោយ អាមេរិក និងអ៊ីរ៉ង់ ជួបចរចាទល់មុខលើកដំបូង, អ្នកវិភាគថា នេះជាសញ្ញាវិជ្ជមាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងធ្លាក់ចុះភ្លាមៗ ក្រោយ អាមេរិក និងអ៊ីរ៉ង់ ជួបចរចាទល់មុខលើកដំបូង, អ្នកវិភាគថា នេះជាសញ្ញាវិជ្ជមាន

តម្លៃប្រេងធ្លាក់ចុះភ្លាមៗ ក្រោយ អាមេរិក និងអ៊ីរ៉ង់ ជួបចរចាទល់មុខលើកដំបូង, អ្នកវិភាគថា នេះជាសញ្ញាវិជ្ជមាន

បរទេស ៖ តម្លៃប្រេងឆៅពិភពលោកនៅថ្ងៃពុធនេះ បានធ្លាក់ចុះមកក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែលវិញ បន្ទាប់ពីមន្ត្រីអាមេរិក និងអ៊ីរ៉ង់បានជួបមុខចរចាទល់មុខគ្នាជាលើកដំបូង ចាប់តាំងពីផ្ទុះសង្គ្រាមជិត ៧ ខែមកនេះ ។

បើតាម CNA, តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,០៧ ភាគរយ ឬ ៧ សេន ដោយដាក់លក់ត្រឹម ៩៩ ដុល្លារ ១៨ សេនក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់ក្រុមហ៊ុន WTI បានធ្លាក់ចុះ ០,៣៩ ភាគរយ ឬ ៣៥ សេន ដោយជួញដូរក្នុងតម្លៃត្រឹម ៩០ ដុល្លារ ១៧ សេនក្នុងមួយបារ៉ែល ។

ការធ្លាក់ចុះប្រេងពិភពលោកក្រោម ១០០ ដុល្លារ ក្នុងមួយបារ៉ែលជាលើកដំបូង ចាប់តាំងពីថ្ងៃទី៨ ខែកញ្ញានេះ បានកើតមានឡើង បន្ទាប់ពីបេសកជនអាមេរិក ២ រូបបានធ្វើការចរចាប្រកបដោយលទ្ធផលល្អជាមួយអ្នកសម្របសម្រួលរបស់ អ៊ីរ៉ង់ នៅឯទីក្រុងញូវយ៉ក ដើម្បីបញ្ចប់ជម្លោះមួយនេះ ។

លោក Tim Waterer ប្រធានអ្នកវិភាគនៅក្រុមហ៊ុន KCM Trade និយាយថា «បើធៀបនឹងប៉ុន្មានសប្តាហ៍មុនៗ បច្ចុប្បន្នស្ថានភាពនៃការផ្គត់ផ្គង់ប្រេងសកលកំពុងបង្ហាញសញ្ញាវិជ្ជមានជាងមុន» ។

ការស្តារឡើងវិញនេះ បានកើតមានឡើង បន្ទាប់ពីប្រទេសអារ៉ាប៊ី សាអូឌីតបានចាប់ផ្តើមដំណើរការបំពង់បង្ហូរប្រេង East-West របស់ខ្លួនទៅកាន់សមុទ្រក្រហមឡើងវិញ ក្រោយរងការវាយប្រហារដោយយន្តហោះដ្រូនរបស់ក្រុមជីវពលអ៊ីរ៉ាក់កាលពីថ្ងៃទី ១១ ខែកញ្ញា ។

បន្ថែមលើកត្តាដែលដាក់សម្ពាធឱ្យតម្លៃប្រេងធ្លាក់ចុះ, ទិន្នន័យក្នុងវិស័យនេះក៏បានបង្ហាញដែរថា គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង ១ លាន ៨ សែនបារ៉ែល ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា