អឺរ៉ុប បញ្ចេញនាវាចម្បាំងជាង ១០ គ្រឿងទុកច្បាំងជាមួយក្រុម ហ៊ូធី ដើម្បីសុវត្ថិភាពនាវាដឹកប្រេង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប បញ្ចេញនាវាចម្បាំងជាង ១០ គ្រឿងទុកច្បាំងជាមួយក្រុម ហ៊ូធី ដើម្បីសុវត្ថិភាពនាវាដឹកប្រេង

អឺរ៉ុប បញ្ចេញនាវាចម្បាំងជាង ១០ គ្រឿងទុកច្បាំងជាមួយក្រុម ហ៊ូធី ដើម្បីសុវត្ថិភាពនាវាដឹកប្រេង

ព្រុចសែល ៖ សហភាពអឺរ៉ុបបានប្រកាសពីការត្រៀមបញ្ចេញនាវាចម្បាំងជាង ១០ គ្រឿងទៅការពារសុវត្ថិភាព ដល់បណ្តានាវាដឹកប្រេងឥន្ធនៈ និងទំនិញផ្សេងៗទៀតនៅសមុទ្រក្រហម ខណៈដែលក្រុមសកម្មប្រយុទ្ធ ហ៊ូធី បាននិងកំពុងមានប្រៀបយ៉ាងខ្លាំងនៅក្នុងដែនទឹកមួយនេះ ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ, លោកស្រី Kaja Kallas ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុបអះអាងថា បេសកកម្មជើងទឹករបស់សហភាពអឺរ៉ុប ដើម្បីការពារនាវាចរណ៍នៅសមុទ្រក្រហម ហៅកាត់ Aspides ត្រូវការបន្ថែមនូវនាវាចម្បាំងរបស់ខ្លួន ឱ្យបានច្រើនជាង ១០គ្រឿង ខណៈបច្ចុប្បន្នបេសកកម្មមួយនេះមាននាវាត្រឹម ៦ គ្រឿងប៉ុណ្ណោះ ដែលកំពុងប្រតិបត្តិការតាំងពីឆ្នាំ ២០២៤ មក ។

លោកស្រីថា ដំបូងឡើយ ប្រតិបត្តិការ Aspides ត្រូវការនាវាយ៉ាងហោចណាស់ ១០ គ្រឿងប៉ុណ្ណោះ ប៉ុន្តែ ស្ថានភាពនៅពេលនេះ លោកស្រីគិតថា ត្រូវតែបង្កើនការចូលរួមចំណែកនូវនាវាចម្បាំង បន្ថែមទៀត ។

ជាមួយគ្នានេះ លោក Kaja Kallas ក៏បានផ្ញើលិខិតមួយច្បាប់ទៅកាន់សមាជិកសហភាពអឺរ៉ុប ទាំង ២៧ ប្រទេស កាលពីថ្ងៃទី១៩ ខែកញ្ញា ដើម្បីស្នើសុំឱ្យបង្កើនការចូលរួមចំណែកមួយនេះផងដែរ ។

លោកស្រីបញ្ជាក់ថា សំណើបង្គ្រប់នាវាចម្បាំង ឲ្យកើនដល់ជាង ១០ គ្រឿងនេះ នឹងត្រូវយកទៅពិភាក្សា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស នាពេលឆាប់ៗនេះ។

អ៊ីតាលី ដែលជាប្រទេសស្នូលមួយ ក្នុងបេសកកម្ម Aspides បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងរៀបចំបេសកកម្មជើងទឹកដោយផ្ទាល់ខ្លួនឯង ក្រោមហេតុផលថា មិនអាចរង់ចាំសហភាពអឺរ៉ុបឆ្លើយតបទៅនឹងវិបត្តិថ្មីនេះបានឡើយ ។

បើតាម Jerusalem Post, ការប្រកាសត្រៀមចំណាយនាវាចម្បាំងជាង១០គ្រឿង ទុកប្រយុទ្ធតទល់នឹងក្រុមហ៊ូធី នៅសមុទ្រក្រហម បានធ្វើឡើង បន្ទាប់ពី សហរដ្ឋអាមេរិកបានបដិសេធការស្នើសុំម្តងហើយម្តងទៀតពី អារ៉ាប៊ី សាអ៊ូឌីត ក្នុងការចូលរួមប្រយុទ្ធ នៅយេម៉ែន ។

បញ្ហានេះ រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏ធ្លាប់បានរៀបចំផែនការវាយប្រហារតាមអាកាសលើក្រុមហ៊ូធី កាលពីថ្ងៃអាទិត្យ តាមការស្នើសុំពីអារ៉ាប៊ី សាអ៊ូឌីត ផងដែរ ប៉ុន្តែ លោកប្រធានាធិបតីអាមេរិកវ័យ៨០ឆ្នាំរូបនេះ បានសម្រេចចិត្តលុបចោល ការវាយប្រហារនេះវិញ នៅវិនាទីចុងក្រោយ ដោយលើកហេតុផលថា មិនចង់ឲ្យសង្គ្រាមមជ្ឈិមបូព៌ា កាន់តែរីករាលដាល ៕

ប្រភព ៖ jpost , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា