រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សន្និសីទអន្តរជាតិ ICCOS គឺជាការបង្ហាញពីការប្តេជ្ញា​ចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សន្និសីទអន្តរជាតិ ICCOS គឺជាការបង្ហាញពីការប្តេជ្ញា​ចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សន្និសីទអន្តរជាតិ ICCOS គឺជាការបង្ហាញពីការប្តេជ្ញា​ចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន

ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន​មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ថា សន្និសីទអន្តរជាតិដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន សេដ្ឋកិច្ច សន្តិសុខ និងសង្គមនៅក្នុងបណ្តាប្រទេសជាច្រើន។

ឯកឧត្តមបានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហារបស់ប្រទេសណាមួយតែឯងនោះទេ។ បណ្តាញឧក្រិដ្ឋកម្មទាំងនេះអាចប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីប្រព្រឹត្តបទល្មើសទៅលើជនរងគ្រោះនៅប្រទេសមួយទៀត ខណៈដែលមេខ្លោង និងលំហូរហិរញ្ញវត្ថុខុសច្បាប់អាចស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នា។ ហេតុដូច្នេះហើយ គ្មានប្រទេសណាមួយអាចប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះប្រកបដោយប្រសិទ្ធភាពតែម្នាក់ឯងបានឡើយ។ កម្ពុជារៀបចំសន្និសីទនេះ ដើម្បីប្រមូលផ្តុំការប្តេជ្ញាចិត្ត បទពិសោធន៍ និងសមត្ថភាពរបស់បណ្តាប្រទេស អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ វិស័យហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យា ឱ្យឈានទៅរកវិធានការរួមដែលអាចអនុវត្តបានជាក់ស្តែង។ គោលបំណងរបស់យើង មិនមែនគ្រាន់តែបិទទីតាំងឆបោកនោះទេ ប៉ុន្តែត្រូវកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូល និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោកទាំងនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការប្តេជ្ញាចិត្ត និងការអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាការងារអាទិភាព ដោយបានបង្កើតយន្តការពិសេស និងដាក់ចេញយុទ្ធនាការបង្ក្រាបនៅទូទាំងប្រទេស។
ការអនុវត្តនេះមានការចូលរួមពីក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងការសហការជាមួយដៃគូអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ ទាំងការត្រួតពិនិត្យទីតាំងសង្ស័យ ការបង្ក្រាប និងបិទទីតាំងឆបោក ការដកហូត ឬព្យួរអាជ្ញាបណ្ណអាជីវកម្មដែលពាក់ព័ន្ធ ការស៊ើបអង្កេត និងការបញ្ជូនសំណុំរឿងទៅតុលាការ។
ទន្ទឹមនឹងនេះ កម្ពុជាក៏បានពង្រឹងក្របខណ្ឌច្បាប់ តាមរយៈច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្តល់មូលដ្ឋានច្បាប់សម្រាប់ការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្ម ការស៊ើបអង្កេត និងការចាត់វិធានការលើទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើស។ យុទ្ធនាការនេះមិនមែនជាប្រតិបត្តិការរយៈពេលខ្លីនោះទេ ប៉ុន្តែជាការងារដែលត្រូវបន្តអនុវត្តប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ​ដ៏ខ្ពង់​ខ្ពស់​​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បានផ្តួចផ្តើមគំនិតធ្វើជាម្ចាស់​ផ្ទះនិង​ម្ចាស់ការ​ក្នុង​ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូល​រួមសហការគាំទ្រពីអង្គការអន្តរជាតិជាដៃគូ ដើម្បី​បង្ហាញពីការប្តេជ្ញាចិត្ត ឆន្ទៈនយោបាយរបស់ រាជរដ្ឋាភិបាល និងលទ្ធផលនៃយុទ្ធនាការ​បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការ លើកលែង និងមិនរាថយ ព្រមទាំងការបើកចំហរកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សន្និសីទអន្តរជាតិនេះ មានការចូលរួមសហការគាំទ្រ របស់អង្គការអន្តរជាតិចំនួន ៣ រួមមាន៖ អង្គការនគរបាល ព្រហ្មទណ្ឌអន្តរជាតិ ការិយាល័យអង្គការសហ​ប្រជា​ជាតិទទួលបន្ទុកគ្រឿងញៀននិង ឧក្រិដ្ឋកម្ម ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក និងមជ្ឈមណ្ឌលសហប្រតិបត្តិការ សន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង ព្រមទាំង ការចូលរួមពីប្រតិភូនៃ​បណ្តាប្រទេសចំនួន ២៧ អង្គការអន្តរជាតិចំនួន ៦ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ៥០០ នាក់៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា