ស្ថាបនិក​ក្រុមហ៊ុន G Adventures គូសបញ្ជាក់ពី​ការប្ដេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាបនិក​ក្រុមហ៊ុន G Adventures គូសបញ្ជាក់ពី​ការប្ដេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

ស្ថាបនិក​ក្រុមហ៊ុន G Adventures គូសបញ្ជាក់ពី​ការប្ដេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលក្រុមហ៊ុន G Adventures រៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Summit) នៅកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ, ស្ថាបនិកក្រុមហ៊ុន G Adventures បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការរៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Summit) នេះឡើង ដោយមានគណៈប្រតិភូចូលរួមសរុបប្រមាណ ៧០០នាក់។ ព្រឹត្តិការណ៍នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ហាញ និងផ្សព្វផ្សាយអំពីសក្ដានុពលនៃទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ លោកក៏បានសម្ដែងនូវការកោតសរសើរចំពោះចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយបានកត់សម្គាល់ថា ចក្ខុវិស័យនេះស្របគ្នាទៅនឹងបេសកកម្មចម្បងរបស់ក្រុមហ៊ុន G Adventures ដែលតែងតែផ្ដោតលើការអភិវឌ្ឍទេសចរណ៍សហគមន៍ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជា​​​​ពលរដ្ឋនៅមូលដ្ឋាន។ ស្ថាបនិកក្រុមហ៊ុន ក៏បានជម្រាបជូនសម្ដេចធិបតី ថា កម្ពុជាមានសក្តានុពលទេសចរណ៍វប្បធម៌ដ៏សម្បូរបែប ព្រមទាំងមានសក្ដានុពលទេសចរណ៍ធម្មជាតិជាច្រើន ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បន្ថែមពីនេះ, លោក Bruce Poon Tip បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន G Adventures ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ដោយផ្ដោតលើការប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈកិច្ចសហការជាមួយភ្នាក់ងារទេសចរណ៍អន្តរជាតិ, ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកាល្បីៗ ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងភាពទាក់ទាញរបស់កម្ពុជា ព្រមទាំងបង្ហាញទៅកាន់ពិភពលោកថា​កម្ពុជា គឺជាគោលដៅប្រកបដោយសុវត្ថិភាព​ និង ភាពកក់ក្តៅ ជាមួយនឹងភាពរាក់ទាក់របស់ប្រជាពលរដ្ឋកម្ពុជា។

ជាការឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន G Adventures ដែលបានជ្រើសរើសកម្ពុជា​ ជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍លំដាប់ពិភពលោកដ៏មានសារៈសំខាន់នេះ និងបានគូសបញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូអន្តរជាតិ ជាកត្តាដ៏សំខាន់បំផុត ក្នុងការបង្ហាញពីការពិតនៃសក្ដានុពល​ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក​។ សម្តេចធិបតី ក៏បានគូសរំលេចពីគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពលើការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។ ក្នុងនោះ, សម្ដេចធិបតីបានសង្កត់ធ្ងន់លើការគាំទ្ររបស់រាជរដ្ឋាភិបាលដល់សហគមន៍ទេសចរណ៍ តាមរយៈការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់, ការពង្រឹងសមត្ថភាពសហគមន៍​មូលដ្ឋាន និងការលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ដោយ​តម្កល់ផលប្រយោជន៍របស់សហគមន៍មូលដ្ឋានជាស្នូល។ ទន្ទឹមនឹង​នេះ, សម្ដេចធិបតីក៏បានលើកឡើងពីការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដូចជាការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តភ្ជាប់តំបន់សំខាន់ៗរបស់កម្ពុជា ជាអាទិ៍ រាជធានីភ្នំពេញ, ខេត្តសៀមរាប​ និងតំបន់ជុំវិញ ជាដើម។ លើសពីនេះ, សម្តេចធិបតី ក៏បានគូសបញ្ជាក់​ពី​ការ​ធ្វើទំនើបកម្មប្រព័ន្ធផ្តល់ទិដ្ឋាការ និងការសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរមកកាន់កម្ពុជា។

មុន​នឹង​បញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន G Adventures បន្តធ្វើការជាមួយក្រសួងទេសចរណ៍, ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញភាពជាដៃគូសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និទ្ធ ថែមទៀត​​​​ សំដៅ​ធានាបាននូវភាពធន់ និងចីរភាពនៃវិស័យទេសចរណ៍កម្ពុជាក្នុងរយៈពេលវែង៕
ប្រភព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា