យន្តហោះ B-2 និង F-22 ហោះស្វាគមន៍លោក ស៊ី ជីនពីង, អ្នកជំនាញថា អាមេរិក កំញើញកម្លាំងយោធាទៅ ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យន្តហោះ B-2 និង F-22 ហោះស្វាគមន៍លោក ស៊ី ជីនពីង, អ្នកជំនាញថា អាមេរិក កំញើញកម្លាំងយោធាទៅ ចិន
នយោបាយ 24/09/2026

យន្តហោះ B-2 និង F-22 ហោះស្វាគមន៍លោក ស៊ី ជីនពីង, អ្នកជំនាញថា អាមេរិក កំញើញកម្លាំងយោធាទៅ ចិន

វ៉ាស៊ីនតោន ៖ យន្តហោះទម្លាក់គ្រាប់បែក B-2 និងយន្តហោះចម្បាំងបំបាំងកាយ F-22 នឹងហោះហើរពីលើទីតាំងប្រារព្ធពិធីស្វាគមន៍លោកប្រធានាធិបតីចិន ស៊ី ជីនពីង ខណៈអ្នកជំនាញយោធាមើលឃើញថា នេះជាការបង្ហាញពីការគោរព និងជាកំញើញកម្លាំងយោធារបស់អាមេរិកទៅកាន់ចិនផងដែរ ។

លោក ស៊ី ជីនពីង បានអញ្ជើញទៅដល់ទឹកដីនៃសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៣ ខែកញ្ញា ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ខណៈលោក ត្រាំ បានអញ្ជើញទៅទទួលស្វាគមន៍មេដឹកនាំចិនរូបនេះដោយផ្ទាល់នៅឯមូលដ្ឋានទ័ព Andrew ។

ការិយាល័យរបស់ជំទាវទីមួយអាមេរិកនិយាយថា ទាហានចំនួន ៤៧៩ នាក់ រួមទាំងយន្តហោះចម្បាំង F-22 ចំនួន ៤ គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក B-2 មួយគ្រឿងនឹងហោះហើរនៅចុងបញ្ចប់នៃពិធីស្វាគមន៍លោក ស៊ី ជីនពីង និងភរិយានៅឯសេតវិមាននៅព្រឹកថ្ងៃទី ២៤ ខែកញ្ញានេះ ។

បើតាមគេហទំព័រព័ត៌មានការពារជាតិ Eurasian Times, ការហោះហើរយន្តហោះចម្បាំង F-22 និង B-2 ពីលើសេតវិមាន ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនបង្ហាញទាំងភាពម៉ត់ចត់ផ្នែកការទូតផង និងជាការកំញើញកម្លាំងយោធាផង ។

កងទ័ពអាកាសអាមេរិកបានលើកសរសើរយន្តហោះទម្លាក់បែក B-2 ដែលមានរហស្សនាម “មច្ចុរាជជ្រែកអាកាស” ថាជាកម្លាំងយោធាដ៏មានឥទ្ធិពលនៅលើឆាកអន្តរជាតិ ដោយសារតែវាអាចវាយប្រហារគោលដៅនានានៅគ្រប់ទីកន្លែងក្នុងពិភពលោក ។

អ្នកជំនាញយោធាអាមេរិកនិយាយថា យន្តហោះទាំងពីរប្រភេទនេះនឹងបង្ហាញយ៉ាងច្បាស់នូវកម្លាំងថាមពលផ្នែកអាកាស ដែលប្រទេសចិនអាចនឹងត្រូវតតាំងជាមួយ ប្រសិនបើផ្ទុះជម្លោះជាមួយសហរដ្ឋអាមេរិក ។

បើតាម First Post, លោក ត្រាំ ក៏ធ្លាប់ធ្វើពិធីស្រដៀងគ្នានេះទទួលស្វាគមន៍លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ផងដែរ អំឡុងកិច្ចប្រជុំកំពូលមួយក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ ២០២៥ ។

កាលណោះ ក្រុមយន្តហោះបំបាំងកាយដែលរួមមានយន្តហោះទម្លាក់គ្រាប់បែក B-2 មួយគ្រឿង និងយន្តហោះចម្បាំង F-35 ចំនួន ៤ គ្រឿង បានហោះកាត់ផ្ទៃមេឃ ខណៈមេដឹកនាំទាំងពីរកំពុងឈប់ថតរូបនៅលើកម្រាលព្រំក្រហម ដែលមានអមដោយយន្តហោះ F-22 ចំនួន ៤ គ្រឿងដាក់បញ្ឈរនៅជុំវិញខ្លួន ៕

ប្រភព ៖ Eurasian Times – First Post ប្រែសម្រួល ៖ សុខ ជីវ័ន្ត

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា