រដ្ឋមន្រ្តី នេត្រ ភក្រ្តា៖ គ្មានប្រទេសណាអាចប្រយុទ្ធប្រឆាំងការឆបោកអនឡាញឱ្យទទួលបានជោគជ័យតែឯងបានឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តី នេត្រ ភក្រ្តា៖ គ្មានប្រទេសណាអាចប្រយុទ្ធប្រឆាំងការឆបោកអនឡាញឱ្យទទួលបានជោគជ័យតែឯងបានឡើយ

រដ្ឋមន្រ្តី នេត្រ ភក្រ្តា៖ គ្មានប្រទេសណាអាចប្រយុទ្ធប្រឆាំងការឆបោកអនឡាញឱ្យទទួលបានជោគជ័យតែឯងបានឡើយ

ខណៈកម្ពុជាទទួលរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ប្រយុទ្ធប្រឆាំងការឆបោកអនឡាញទាមទារឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ។ គ្មានប្រទេសណាអាចទទួលបានជោគជ័យក្នុងកិច្ចការនេះតែឯងបានឡើយ។

ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហារបស់ប្រទេសណាមួយតែឯងនោះទេ ប៉ុន្តែជាបញ្ហារួមរបស់សហគមន៍អន្តរជាតិ។ បណ្តាញឧក្រិដ្ឋកម្មបានប្រើប្រាស់មនុស្ស បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធហិរញ្ញវត្ថុខុសច្បាប់ ដើម្បីធ្វើសកម្មភាពឆ្លងកាត់ព្រំដែន។ ដូច្នេះ គ្មានប្រទេសណាមួយអាចប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះឱ្យទទួលបានជោគជ័យដោយតែម្នាក់ឯងនោះឡើយ។

ក្រោមការដឹកនាំផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានដំឡើងកម្រិតយន្តការពិសេស និងដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមពីក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ និងអង្គការអន្តរជាតិពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា គូសបញ្ជាក់បន្ថែមថា តាមរយៈបទពិសោធន៍ជាក់ស្តែងនេះ កម្ពុជាទទួលស្គាល់ថា ការបង្ក្រាបទីតាំងឆបោកគឺជាវិធានការចាំបាច់ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ឡើយ។ ដើម្បីឈានទៅបញ្ចប់ឧក្រិដ្ឋកម្មនេះ យើងត្រូវរួមគ្នាកាត់ផ្តាច់ខ្សែច្រវាក់ទាំងមូល ចាប់ពីការជួញដូរ និងការបង្ខំមនុស្សឱ្យធ្វើការ ការប្រើប្រាស់បច្ចេកវិទ្យាខុសគោលដៅ រហូតដល់រំហូរហិរញ្ញវត្ថុខុសច្បាប់ ដែលជាប្រភពគាំទ្រសកម្មភាពឧក្រិដ្ឋកម្ម។

ឯកឧត្តមបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជារៀបចំឡើងពេលនេះ មិនមែនគ្រាន់តែជាវេទិកាសម្រាប់ពិភាក្សាអំពីបញ្ហា ឬផ្លាស់ប្តូរទស្សនៈនោះទេ ប៉ុន្តែជាវេទិកាដើម្បីប្រមូលផ្តុំឆន្ទៈ ការប្តេជ្ញាចិត្ត និងបទពិសោធន៍របស់បណ្តាប្រទេស និងស្ថាប័នពាក់ព័ន្ធ ឱ្យឈានទៅរកវិធានការរួមដែលអាចអនុវត្តបានជាក់ស្តែង។

ស្មារតីស្នូលនៃសន្និសីទ គឺថា៖ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនត្រូវការកិច្ចសហប្រតិបត្តិការឆ្លងដែន ការផ្តល់ការគាំទ្រគ្នាទៅវិញទៅមក និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ការបង្ក្រាបត្រូវដើរទន្ទឹមនឹងការកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្ម ហើយការប្តេជ្ញាចិត្តត្រូវប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង និងលទ្ធផលដែលអាចវាស់វែងបាន។

កម្ពុជាចង់ឃើញសន្និសីទនេះក្លាយជាជំហានដ៏សំខាន់មួយ ក្នុងការជំរុញការប្តេជ្ញាចិត្តរួម ទៅជាសកម្មភាពរួម ដើម្បីកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្ម និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា