ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ កិច្ចសហប្រតិបត្តិការអន្តរជាតិជាសមាសធាតុមួយមិនអាចខ្វះបាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង Online Scams | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ កិច្ចសហប្រតិបត្តិការអន្តរជាតិជាសមាសធាតុមួយមិនអាចខ្វះបាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង Online Scams

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ កិច្ចសហប្រតិបត្តិការអន្តរជាតិជាសមាសធាតុមួយមិនអាចខ្វះបាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង Online Scams

ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជាសមាសធាតុមួយមិនអាចខ្វះបាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសារយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ក្រុមទុច្ចរិតមិនបានប្រកាន់ថា ប្រទេសណា តំបន់ណា ទ្វីបណា ឬ ជនជាតិណានោះទេ ដោយប្រតិបត្តិការរបស់ពួកគេ គឺពង្រាយគ្រប់ទីតាំងដែលអាចធ្វើបាន ទីតាំងដែលអាចឆ្លៀតឱកាស តាមរយៈឧបាយកល និងបច្ចេកវិទ្យាផ្សេងៗ និង ក្រុមបណ្តាញអង្គការចាត់តាំងដែលចាក់ស្រេះគ្រប់ទិសទី។ យោងលើបច្ច័យទាំងនេះ អ្វីដែលយើងត្រូវការបំផុតនោះ គឺកិច្ចសហប្រតិបត្តិការអន្តរជាតិដែលខ្លាំងមួយ ដែលលឿន រហ័ស ការចែករំលែកព័ត៌មាន និងការសហការជួយគ្នាទៅវិញទៅមក។ ការបញ្ជាក់នេះ ក្នុងពិធីបទសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បានបន្តថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបិទបញ្ចប់ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រតិភូដែលបានចូលរួមទាំងអស់ បានចូលរួមចែករំលែកទស្សនទាន និងបទពិសោធល្អៗ ដ៏មានសារៈសំខាន់ជាច្រើនដូចជា៖បទពិសោធនៃការឆ្លើយតបទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់បណ្តាប្រទេស ការចែករំលែកបញ្ហាប្រឈម និងនិន្នាការវិវឌ្ឍថ្មីៗនៃបទល្មើស ការកសាងភាពធន់នៃប្រព័ន្ធសន្តិសុខសាយប័រ ការវិវឌ្ឍនិងបញ្ហាប្រឈមថ្មីៗ ដែលកើតមានពីបញ្ញាសិប្បនិម្មិត AI ការចែករំលែកទស្សនទានអំពីការស៊ើបអង្កេតហិរញ្ញវត្ថុ និងបញ្ហាប្រឈមកើតចេញពី ប្រព័ន្ធហិរញ្ញវត្ថុឌីជីថលរាល់ខ្លឹមសារដែលបានជជែកពិភាក្សា និងចែករំលែកទាំងអស់នេះ សុទ្ធតែជាគន្លឹះ កូនសោដ៏សំខាន់ និងជាពិសេសបានឆ្លើយតបយ៉ាងប្រត្យក្ស ទៅនឹងមូលបទរបស់យើង គឺ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

ឯកឧត្តមបានបន្តទៀតថា កិច្ចពិភាក្សា និងការចែករំលែកធាតុចូលសំខាន់ៗ អំពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ក្នុងរយៈពេល១ថ្ងៃកន្លះកន្លងទៅនេះ ពិតជាបានបន្សល់ទុកនូវមេរៀនដ៏សំខាន់ៗ ប្រកបដោយគុណតម្លៃជាច្រើន សម្រាប់ប្រតិភូចូលរួមទាំងអស់ ប៉ុន្តែមេរៀនមួយដែលខ្ញុំ យល់ឃើញថា យើងពិតជាបានរៀនសូត្រ និងទទួលស្គាល់ទាំងអស់គ្នានោះ គឺ «ការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺពុំអាចមានប្រទេសណាមួយ អនុវត្តបានជោគជ័យ តែម្នាក់ឯងបានឡើយ ពោលគឺតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិពីគ្រប់កម្រិត» ដែលនេះ ក៏ជាប្រសាសន៍ដ៏មានអត្ថន័យ ប្រកបដោយទស្សនវិស័យរបស់ សម្តេចមហា បវរធិបតី នាយករដ្ឋមន្ត្រី ផងដែរ។
ឯកឧត្តមបានលើកឡើងថា ជាមួយនឹងការវិវឌ្ឍដ៏លឿនឆាប់រហ័សមិនគួរឱ្យជឿ នៃប្រព័ន្ធបច្ចេកវិទ្យា ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់យើង ហាក់មានភាពងាយស្រួលបើប្រៀបធៀបទៅនឹងអតីតកាល ក៏ប៉ុន្តែ ជាមួយគ្នានោះ និន្នាការនេះ ក៏បានហុចឱកាសដល់ក្រុមឧក្រិដ្ឋជន ប្រែក្លាយទៅជាបទឧក្រិដ្ឋនានា រួមទាំងការឆបោកផងដែរ។ ដូចដែលយើងទាំងអស់គ្នាបានទទួលស្គាល់ហើយថា រាល់ពាក្យថា «ឆបោក Scam» មិនថាក្នុងទម្រង់បែបណាក៏ដោយ គឺតែងតែបង្កនូវមហន្តរាយជាច្រើនដល់ជនរងគ្រោះ ដោយឡែក ចំពោះ «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams> ទៀតសោត គឺកាន់តែមានភាពស្មុគស្មាញ និងបង្កវិនាសកម្មកាន់តែធ្ងន់ធ្ងរបន្ថែមមួយកម្រិតទៀត ទៅលើសង្គមសេដ្ឋកិច្ច និងសន្តិសុខជាតិ និងមិនថាទៅលើប្រជាជន និងប្រទេសដែលត្រូវ បានឆបោក រួមទាំងប្រទេសដែលឧក្រិដ្ឋជនប្រើប្រាស់ជាមូលដ្ឋាន ដើម្បីឆបោកផងដែរ។

ឯកឧត្តម នេត សាវឿន បានបញ្ជាក់ថា យោងតាមពាក្យមួយនៃមូលបទសន្និសីទរបស់យើង គឺ «ច្រវាក់» ដែលមានន័យថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានបណ្តាញស្មុគស្មាញ ប្រទាក់ក្រឡា ដែលប្រៀបដូចជា ច្រវាក់ដ៏វែងអន្លាយ ពោលគឺច្រវាក់នៃបណ្តាញទំនាក់ទំនងជនល្មើស, ច្រវាក់នៃប្រព័ន្ធបច្ចេកវិទ្យា ស្មុគស្មាញ, ច្រវាក់នៃប្រព័ន្ធហិរញ្ញវត្ថុកខ្វក់ និងការសម្អាតប្រាក់, ច្រវាក់នៃការរត់ពន្ធមនុស្ស, ច្រវាក់នៃការបំផ្លិចបំផ្លាញសន្តិសុខជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។ ដូច្នេះ កាតព្វកិច្ចរបស់យើងទាំងអស់គ្នា គឺត្រូវធ្វើយ៉ាងណារួមគ្នាកាត់ផ្តាច់ឱ្យបាននូវច្រវាក់ទាំងនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា វិធានការបង្ការការពារដែលជាវិធានការស្នូលដ៏សំខាន់ក្នុងការទប់ស្កាត់ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងន័យនេះ ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់ចម្បងមិនអាចខ្វះបាន ដើម្បីឱ្យពលរដ្ឋយើងទាំងអស់បានដឹងអំពីល្បិចកល នៃការឆបោកតាមរយៈទូរស័ព្ទនិងសារក្លែងបន្លំនានា ឱកាសវិនិយោគក្លែងក្លាយ ឱកាស ការងារដែលផ្តល់ប្រាក់ខែខ្ពស់មិនគួរឱ្យទុកចិត្ត ការឆបោករូបភាពមនោសញ្ចេតនា និង ការប៉ុនប៉ងលួចទិន្នន័យនានា។ ចំពោះបរិបទកម្ពុជា គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានខិតខំយកចិត្តទុកដាក់លើកិច្ចការងារនេះ ជាអាទិភាពចម្បង តាមរយៈការរៀបចំ សិក្ខាសាលាអប់រំ ការលើកកម្ពស់ការយល់ដឹងតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម និង ការចុះអប់រំពលរដ្ឋតាមមូលដ្ឋាន តាមវេទិកាសាធារណៈនានា ក្នុងគោលដៅធ្វើយ៉ាងណា បញ្ចៀសពលរដ្ឋកុំឱ្យធ្លាក់ចូលក្នុងអន្លង់ នៃការឆបោកដ៏គ្រោះថ្នាក់នេះ។

វិធានការអនុវត្តច្បាប់ម៉ឺងម៉ាត់៖ គឺជាការឆ្លើយតបយ៉ាងសំខាន់និងមាន ប្រសិទ្ធភាព ចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយទាមទារឱ្យមានយុទ្ធនាការ បោសសម្អាត ស្រាវជ្រាវ ស៊ើបអង្កេត និងផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុត ធ្វើយ៉ាងណាកាត់ផ្តាច់ បណ្តាញឧក្រិដ្ឋជន និងឈានទៅលុបបំបាត់ឫសគល់នៃបញ្ហានេះ ចេញពីសង្គមជាតិ។ សម្រាប់ឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវឆន្ទៈមោះមុត ពុះពារមិនរាថយ ក្នុងការប្រើប្រាស់វិធានការអនុវត្តច្បាប់នេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហា ដោយក្នុងនោះ កម្ពុជា គឺជាប្រទេសដែលឈានមុខគេ ក្នុងការបង្កើតឱ្យមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា រួមជាមួយ ការឃាត់ខ្លួន ការផ្តន្ទាទោស និងការបណ្តេញចេញពីប្រទេស ការប្រើប្រាស់វិធានការបច្ចេកទេសរារាំងប្រតិបត្តិការរបស់ក្រុមឆបោក ការរឹតបន្តឹងរដ្ឋបាល ទីតាំងដែលប្រឈមនឹងហានិភ័យ ព្រមទាំងការពង្រឹងអភិបាលកិច្ចល្អ ប្រឆាំងនឹងអំពើពុករលួយ។ វិធានការច្បាប់ដ៏តឹងរ៉ឹងទាំងនេះ គឺជាខែលការពារដ៏រឹងមាំរបស់កម្ពុជា ប្រយុទ្ធប្រឆាំងតបត ទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវតែបន្តអនុវត្តរហូតដល់បទល្មើសមួយនេះ រលត់សាបសូន្យចេញពីប្រទេសកម្ពុជា៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា