អ្នកជំនាញពន្យល់ពីផលប៉ះពាល់ជុំវិញការប្រែប្រួលលឿននៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញពន្យល់ពីផលប៉ះពាល់ជុំវិញការប្រែប្រួលលឿននៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជា

អ្នកជំនាញពន្យល់ពីផលប៉ះពាល់ជុំវិញការប្រែប្រួលលឿននៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជា

ឥទ្ធិពលជម្លោះនៅមជ្ឈឹមបូព៌ា នៅតែជាក្ដីព្រួយបារម្ភសម្រាប់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា ជាពិសេសការកើនឡើងនូវតម្លៃប្រេងសាកល ដែលជាការដាក់សម្ពាធដល់ទីផ្សារប្រេងឥន្ធនៈនៅកម្ពុជា។ អ្នកជំនាញបារម្ភថា បញ្ហានេះ អាចនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបន្តរងផលប៉ះពាល់ និងមានកំណើនយឺត។
 
តម្លៃសាំងលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេសកម្ពុជា មានតម្លៃ ៥ ២៥០រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា និងតម្លៃ ៦១០០រៀល ក្នុង១លីត្រ សម្រាប់ម៉ាស៊ូត។ តម្លៃនេះត្រូវអនុវត្តចាប់ពីថ្ងៃទី២១កញ្ញា ដល់ថ្ងៃទី១ ខែតុលា។
 
តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាត្រូវបានកំណត់ដោយក្រសួងពាណិជ្ជកម្ម រៀងរាល់១០ថ្ងៃម្តង ឬលឿន ឬយូរជាងនេះតាមការចាំបាច់ ទៅតាមរូបមន្តគណនាច្បាស់លាស់មួយ ដោយប្រែប្រួលទៅតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ប្រេងឆៅ ក្នុងពិភពលោកមានតម្លៃ ១០២ ដុល្លារ ក្នុង១បារ៉ែល ខណៈ មុន ផ្ទុះសង្គ្រាម ប្រេងឆៅមានតម្លៃត្រឹមតែ ៧០ដុល្លារប៉ុណ្ណោះ ក្នុង១បារ៉ែល។
 
លោកបណ្ឌិត ថុង ម៉េងដាវីត អ្នកតាមដានភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ កត់សម្គាល់ឃើញថា បច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តមានការប្រែប្រួលយ៉ាងលឿនស្របតាមទីផ្សារអន្តរជាតិ ដោយសារកម្ពុជា គឺជាប្រទេសនាំចូលប្រេង ១០០ភាគរយ។
 
ក្នុងន័យនេះ ការប្រែប្រួលលឿននៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជា នឹងធ្វើឲ្យកម្ពុជា រងឥទ្ធិពលផ្ទាល់ពីវិបត្តិភូមិសាស្ត្រនយោបាយ សង្រ្គាមនិងជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា និងគោលនយោបាយផលិតកម្មរបស់ក្រុមអង្គការOPEC+ ។ ការប្រែប្រួលនេះកំពុងបង្កើតផលរំខានដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការកើនឡើងនៃអតិផរណា ថ្លៃដើមដឹកជញ្ជូន និងការចំណាយលើផលិតកម្មក្នុងវិស័យសំខាន់ៗ ដូចជា កសិកម្ម កាត់ដេរ និងការដឹកជញ្ជូន ដែលធ្វើឱ្យអំណាចទិញរបស់ប្រជាពលរដ្ឋធ្លាក់ចុះ និងបង្កើតសម្ពាធលើជញ្ជីងពាណិជ្ជកម្មជាតិ។
 
អ្នកជំនាញបានពន្យល់បន្ថែមថា ប្រសិនបើបញ្ហានេះនៅតែអូសបន្លាយ វាអាចធ្វើឲ្យល្បឿននៃកំណើនសេដ្ឋកិច្ចកើនឡើងយឺត និងបង្កើតរូបភាពអវិជ្ជមានដល់ការប្រកួតប្រែងផលិតកម្ម និងការដឹកជញ្ជូនទៅក្រៅរបស់កម្ពុជា ជាមួយប្រទេសជិតខាង។

ចំណែកអ្នកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា បញ្ជាក់ថា ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈសាកលដោយសារជម្លោះនៅជម្ឈឹមបូព៌ានៅតែជះឥទ្ធិពលដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីកកម្ពុជា។ ប៉ុន្តែ លោកបញ្ជាក់ថា បញ្ហានេះមិនបានបន្ទុចបង្អាក់សកម្មភាពក្នុងវិស័យដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្ដាដៃគូពាណិជ្ជកម្មអន្តរជាតិនោះឡើយ។
 
ជាក់ស្ដែង ជញ្ជីងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយដៃគូពាណិជ្ជកម្មនានា នៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានជាង ៥០ពាន់លានដុល្លារ កើនឡើងជាង ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
 
 ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា