«សេចក្តីប្រកាសទីក្រុងភ្នំពេញ» ១១ចំណុច៖ ជំហរកម្ពុជាក្នុង​ការ​លុបបំបាត់បទល្មើសអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«សេចក្តីប្រកាសទីក្រុងភ្នំពេញ» ១១ចំណុច៖ ជំហរកម្ពុជាក្នុង​ការ​លុបបំបាត់បទល្មើសអនឡាញ

«សេចក្តីប្រកាសទីក្រុងភ្នំពេញ» ១១ចំណុច៖ ជំហរកម្ពុជាក្នុង​ការ​លុបបំបាត់បទល្មើសអនឡាញ

ភ្នំពេញ៖សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់​ដោយ​បាន​អនុម័ត “សេចក្តីប្រកាសទីក្រុងភ្នំពេញ” ដោយបង្កើត​ឱ្យមាន​នូវការប្តេជ្ញាចិត្តចំនួន ១១ ចំណុច ដើម្បីពង្រឹងកិច្ច​សហ​ប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លង​ដែន​ពាក់ព័ន្ធ។ ការប្តេជ្ញាចិត្តទាំងនេះ គ្របដណ្តប់លើការសម្រប​សម្រួល​ក្នុងការអនុវត្តច្បាប់ ការកាត់ផ្តាច់រំហូរហិរញ្ញវត្ថុខុស​ច្បាប់ ការប្រមូលទ្រព្យសម្បត្តិ ត្រឡប់មកវិញ ការការពារជនរងគ្រោះ និងវិធានការនានាដើម្បីលុបបំបាត់ទីតាំងឆបោក​ធំៗ និងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ។

សន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំ​ឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់ជាង ៦០០នាក់ មកពី ២៨ប្រទេស និង ៧អង្គការ​អន្តរជាតិនៅ​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ ភូគីត្រា ។

អញ្ជើញចូលរួមបិទអង្គសន្និសីទឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការ​ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានអំពាវនាវឱ្យបណ្តាប្រទេសពាក់ព័ន្ធ ពង្រឹង​កិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស្អិតរមួត និងរហ័ស ដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ឆ្លងដែន។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​បានគូសបញ្ជាក់ជា​ពិសេសពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ​របស់បណ្តា​ប្រទេស​ពាក់ព័ន្ធ ក្នុងការកាត់ផ្តាច់ច្រវាក់ការឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា ដោយស្នើឱ្យគ្រប់ភាគីបន្តធ្វើការរួមគ្នា ដើម្បីឈានទៅបញ្ចប់បទល្មើសប្រភេទនេះ។

សូមជម្រាបថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ចប់ដោយបានអនុម័ត សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលអំពាវនាវឱ្យមានការឆ្លើយ​តបថ្នាក់ជាតិ តំបន់ និង សាកលលោកដើម្បី៖ (១) ពង្រឹងកិច្ច​សហ​ប្រតិបត្តិការអន្តរជាតិ (២)កាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម (៣)រារាំង និង ប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស (៤) ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា (៥)ពង្រឹង​ក្របខ័ណ្ឌ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ (៦) កសាងសមត្ថភាព និងភាពធន់ (៧) ពង្រឹងភាពជាដៃគូរវាងរដ្ឋ និង ឯកជន (៨) គាំទ្រការការពារជនរងគ្រោះដោយការជួញ​ដូរមនុស្ស និងជនងាយរងគ្រោះ (៩) អនុវត្តគោលការណ៍ មិនផ្តន្ទាទោសចំពោះជនរងគ្រោះ (១០) ទប់ស្កាត់ការឆបោក និងការជួញដូរមនុស្ស និង (១១) លុបបំបាត់ទីតាំង ឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។

សន្និសីទនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នា ឆ្ពោះទៅកាត់​ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដោយមានរាជរដ្ឋា​ភិបាលកម្ពុជាជាម្ចាស់ផ្ទះ និងមានការ​សហការ​គាំទ្រពីការិយា​ល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ (UNODC) អង្គការនគរ​បាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្ម អនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)។ សន្និសីទនេះបានប្រមូលផ្តុំអ្នកចូលរួមជាង ៦០០នាក់ មកពី ២៨ ប្រទេស និង ៧ អង្គការអន្តរជាតិ។

សន្និសីទដដែលបានប្រព្រឹត្តទៅដោយមានការរៀបចំវេទិកាកម្រិតខ្ពស់ស្តីពី “ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហា​បន្ទាន់​ក្នុង​​សាកលលោក” និងវេទិកាពិភាក្សាចំនួន ៣ ដែលផ្តោតលើ​កិច្ចសហប្រតិបត្តិការអន្តរជាតិ ការអនុវត្តច្បាប់ បច្ចេកវិទ្យា ការ​កាត់ផ្តាច់ហិរញ្ញវត្ថុ ភាពជាដៃគូរវាងរដ្ឋនិងឯកជន និងការ​ការពារ​ជនរងគ្រោះ។

សារពីកម្ពុជាតាមរយៈអង្គសន្និសីទ កម្ពុជាបានបញ្ជាក់ជាថ្មី​អំពីការ​ប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រែក្លាយ ការប្តេជ្ញាចិត្តទាំង​នេះឱ្យទៅជាសកម្មភាព​ប្រកបដោយចីរភាព និងវិធានការដែលមានប្រសិទ្ធភាព សម្រាប់ ការការពារជនរងគ្រោះ ព្រម​ទាំងទប់ស្កាត់បណ្តាញឆបោក​មិនឱ្យ​កើតមានឡើងវិញ៕
ដោយ៖ង៉ាន់ ទិត្យ,ម៉ាដេប៉ូ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា