មេក្រុមហ៊ុន AI ព្រមានការគ្រប់គ្រង AI លែងបាននឹងបង្កជាគ្រោះមហន្តរាយសកល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេក្រុមហ៊ុន AI ព្រមានការគ្រប់គ្រង AI លែងបាននឹងបង្កជាគ្រោះមហន្តរាយសកល

មេក្រុមហ៊ុន AI ព្រមានការគ្រប់គ្រង AI លែងបាននឹងបង្កជាគ្រោះមហន្តរាយសកល

អសប ៖ បណ្តាមេក្រុមហ៊ុនបច្ចេកវិទ្យា AI ធំៗមួយចំនួន កាលពីថ្ងៃពុធ បានថ្លែងប្រាប់ចំៗ ទៅកាន់អង្គប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា វិស័យ AI របស់ពួកគេត្រូវការបទប្បញ្ញត្តិសកលជាបន្ទាន់ ដើម្បីត្រួតពិនិត្យ ក្នុងបំណងបញ្ចៀសនូវហានិភ័យគ្រប់គ្រងលែងបាន ដែលអាចបង្កជាគ្រោះមហន្តរាយសកល ។

លោក Dario Amodei នាយកប្រតិបត្តិក្រុមហ៊ុន AI Anthropic និយាយថា «ប្រសិនបើមិនមានការគ្រប់គ្រងបានល្អទេនោះ លោកជឿថា AI អាចបង្កជាហានិភ័យដល់មនុស្សជាតិទាំងមូល» ។

លោក Sam Altman ប្រធានក្រុមហ៊ុន OpenAI ក៏បានបង្ហាញការព្រួយបារម្ភដូចគ្នានេះដែរ ដោយបានប្រាប់ក្រុមប្រឹក្សាដែលមានសមាជិកទាំង ១៥ រូបនេះថា មនុស្សជាតិអាចនឹងបាត់បង់ការគ្រប់គ្រងលើអនាគតរបស់ AI ។

បញ្ហានេះទាំង លោក Altman និងលោក Amodei បានអំពាវនាវឱ្យមេដឹកនាំពិភពលោកចាត់វិធានការនេះជាបន្ទាន់ ។

បើតាម Aljazeera, កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ UNSC ដែលធ្វើឡើង ស្របពេលជាមួយមហាសន្និបាត UN នៅទីក្រុងញូវយ៉ក ត្រូវបានរៀបចំឡើង ស្របពេលដែលអ្នកជំនាញកាន់តែច្រើនកំពុងព្រមានថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃ AI ទាមទារឱ្យមានការត្រួតពិនិត្យពីមនុស្សបន្ថែមទៀត ដើម្បីធានាថា វាមិនធ្លាក់ចេញពីការគ្រប់គ្រង ហើយបង្កជាគ្រោះមហន្តរាយជាសកលនោះឡើយ ។

ការព្រួយបារម្ភរបស់បណ្ដាមេក្រុមហ៊ុន AI ទាំងនេះធ្វើឡើងដំណាលគ្នានឹងរដ្ឋមន្ត្រីការបរទេសរបស់បារាំង និង ចក្រភពអង់គ្លេស ដែលបានលើកឡើងថា សហគមន៍អន្តរជាតិចាំបាច់ត្រូវចូលរួម និងបង្កើតក្របខ័ណ្ឌរួមមួយដើម្បីរបៀបគ្រប់គ្រងបច្ចេកវិទ្យានេះ។

យ៉ាងណា លោក Clement Delangue នាយកប្រតិបត្តិក្រុមហ៊ុន Hugging Face ដែលក្រុមហ៊ុនរបស់លោកបានរងការវាយប្រហារដោយគំរូ AI មិនអាចគ្រប់គ្រងបាន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានប្រាប់ក្រុមប្រឹក្សា UNSC ដែរថា ក្រុមហ៊ុនរបស់លោកបានពឹងផ្អែកលើបច្ចេកវិទ្យាដើម្បីការពារខ្លួននៅក្នុងហេតុការណ៍ទាំងនោះ។

លោក Delangue និយាយថា កម្មវិធី Hugging Face បានពឹងផ្អែកលើគំរូ AI របស់ចិន ដើម្បីជួយការពារប្រឆាំងនឹងការវាយប្រហារដោយភ្នាក់ងារ AI របស់ក្រុមហ៊ុនអាមេរិក OpenAI ដោយសារវាមានការរឹតបន្តឹងតិចជាងឧបករណ៍ស្រដៀងគ្នា របស់សហរដ្ឋអាមេរិក។

លោកថា «យើងត្រូវបានវាយប្រហារដោយ AI ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ យើងត្រូវតែដឹងពីរបៀបប្រើ AI ឲ្យបានត្រឹមត្រូវ» ៕

ប្រភព ៖ Aljazeera, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា