អាល្លឺម៉ង់ ស្នើ អាមេរិក ផលិតគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot នៅលើទឹកដី អឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់ ស្នើ អាមេរិក ផលិតគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot នៅលើទឹកដី អឺរ៉ុប

អាល្លឺម៉ង់ ស្នើ អាមេរិក ផលិតគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot នៅលើទឹកដី អឺរ៉ុប

ប៊ែរឡាំង ៖ ប្រមុខការពារជាតិអាល្លឺម៉ង់ កាលពីថ្ងៃ ពុធ បានស្នើឱ្យភាគីសហរដ្ឋអាមេរិក បង្កើតខ្សែសង្វាក់ផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot នៅក្នុងប្រទេសប្លុកអឺរ៉ុប ដើម្បីជួយឆ្លើយតបទៅនឹងសន្ទុះតម្រូវការយ៉ាងគំហុកនៅទូទាំងពិភពលោក នៃមីស៊ីលស្ទាក់ចាប់មួយនេះ ។

សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលស្ទាក់ចាប់ដ៏មានអនុភាពចំនួន ២ ប្រភេទ។

ក្នុងនោះ មីស៊ីលស្ទាក់ចាប់ PAC-2 របស់សំណាញ់មេឃ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 អាចបាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ។ មីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាសនេះ មួយគ្រាប់ៗត្រូវចំណាយពេលផលិតយូរខែ ឬឆ្នាំ ហើយមានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់។

បើតាម Anadolu, រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius និយាយថា លោកបានលើកសំណើបង្កើតខ្សែសង្វាក់ផលិតកម្មផលិតមីស៊ីលសំណាញ់មេឃ Patriot ទៅកាន់មន្ត្រីអាមេរិក ក្នុងអំឡុងទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ហើយលោកក៏បានពិភាក្សាជាមួយក្រុមហ៊ុន Raytheon ដែលជាក្រុមហ៊ុនផលិតអាវុធការពារជាតិខ្នាតយក្សរបស់សហរដ្ឋអាមេរិកផងដែរ។

លោក Pistorius អះអាងថា អាល្លឺម៉ង់ចង់ជួយបំពេញតម្រូវការដ៏ធំ នៃមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ដែលផលិតដោយសហរដ្ឋអាមេរិក តាមរយៈការបង្កើតខ្សែសង្វាក់ផលិតកម្មទាំងនៅអាល្លឺម៉ង់ និងប្រទេសអឺរ៉ុបផ្សេងៗទៀត។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានសួរថាតើមីស៊ីលស្ទាក់ចាប់ប្រភេទណាដែលអាល្លឺម៉ង់ចង់ផលិត? លោក Pistorius ឆ្លើយថា សំណើនេះ ផ្តោតសំខាន់លើការផលិតមីស៊ីលស្ទាក់ចាប់ PAC-3 និង PAC-2 GEM-T ពោលគឺពាក់ព័ន្ធនឹងសំណាញ់មេឃ Patriot ទាំងមូលតែម្ដង ។

យ៉ាងណា ប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ សង្កត់ធ្ងន់ថា ការសម្រេចចិត្តចុងក្រោយ គឺមិនស្ថិតនៅក្នុងដៃទីក្រុងប៊ែរឡាំងតែមួយនោះទេ ដោយលោកពន្យល់ថា ការបង្កើតខ្សែសង្វាក់ផលិតកម្មនៅអាល្លឺម៉ង់ ឬប្រទេសអឺរ៉ុបផ្សេងទៀត ត្រូវការការអនុម័តពីសហរដ្ឋអាមេរិក ដោយសារបញ្ហាកម្មសិទ្ធិបញ្ញា និងតម្រូវឱ្យក្រសួងការពារជាតិអាមេរិក សេតវិមាន និងក្រុមហ៊ុនផលិតពាក់ព័ន្ធយល់ព្រមជាមុនសិន៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា