អាមេរិកនិងអ៊ីរ៉ង់ទម្លាយភាពជាប់គាំង ដោយបើកច្រកហ័រមូស ជាថ្នូរ លែងបិទខ្ទប់សេដ្ឋកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកនិងអ៊ីរ៉ង់ទម្លាយភាពជាប់គាំង ដោយបើកច្រកហ័រមូស ជាថ្នូរ លែងបិទខ្ទប់សេដ្ឋកិច្ច

អាមេរិកនិងអ៊ីរ៉ង់ទម្លាយភាពជាប់គាំង ដោយបើកច្រកហ័រមូស ជាថ្នូរ លែងបិទខ្ទប់សេដ្ឋកិច្ច

ញូវយ៉ក ៖ ប្រភពនានាបានឱ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានទម្លាយភាពជាប់គាំង ដោយកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងជាដំណាក់កាល ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ ជាថ្នូរនឹងការបញ្ចប់ទណ្ឌកម្មបិទខ្ទប់ផ្នែកសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយរបស់ straitstimes នៅថ្ងៃសុក្រនេះ។

ប្រភពដែលស្និទ្ធនឹងកិច្ចពិភាក្សាទម្លាយភាពជាប់គាំងនេះ បានឱ្យដឹងថា អ្នកចរចារបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលស្ថិតនៅទីក្រុងញូវយ៉ក កំពុងស្វែងរកផ្លូវចេញពីជម្លោះជាដំណាក់កាល ដោយនឹងតម្រូវឱ្យទីក្រុងតេហេរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញ ហើយ ឱ្យទីក្រុងវ៉ាស៊ីនតោនដកចេញនូវការបិទខ្ទប់ផ្នែកសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់។

ច្រកសមុទ្រនេះបានក្លាយជាចំណុចសំខាន់នៃការចរចា ដើម្បីបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានអូសបន្លាយពេលជិត ៧ ខែមកហើយ។

អ៊ីរ៉ង់ចង់ឱ្យមានការបន្ធូរបន្ថយការបិទខ្ទប់របស់សហរដ្ឋអាមេរិក ដែលកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលទីក្រុងវ៉ាស៊ីនតោនចង់ឱ្យមានការធ្វើដំណើរដោយសេរីសម្រាប់នាវាដឹកប្រេងនៅលើផ្លូវដឹកជញ្ជូនប្រេងពិភពលោក ដែលបច្ចុប្បន្ន ត្រូវបានបិទដោយទីក្រុងតេហេរ៉ង់។

យោងតាមការលើកឡើងរបស់ប្រភពអ៊ីរ៉ង់ចំនួន ២, មន្ត្រីក្នុងតំបន់ចំនួន ២ និងប្រភពការទូតលោកខាងលិចចំនួន ២ បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ថា កិច្ចចរចានេះកំពុងជួបឧបសគ្គធំមួយ ដោយសារភាគីទាំងពីរមិនចង់ក្លាយជាអ្នកដំបូងគេ ដែលបោះបង់ចោលអំណាចតថ្លៃរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយជំហររបស់អ៊ីរ៉ង់ គឺការទទួលស្គាល់អំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការប្រឈមមុខដាក់គ្នាដ៏យូរអង្វែងនេះ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា វិធីដែលអាចធ្វើទៅបានបំផុតដើម្បីបញ្ចប់ភាពជាប់គាំងនេះ គឺការរៀបចំជាដំណាក់កាល ដោយអ៊ីរ៉ង់អនុញ្ញាតឱ្យមានការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកហ័រមូស ជាថ្នូរនឹងការដែលសហរដ្ឋអាមេរិកដកចេញនូវការបិទខ្ទប់ផ្នែកសេដ្ឋកិច្ច និងលទ្ធភាពដែលអ៊ីរ៉ង់អាចទទួលបានមកវិញនូវទ្រព្យសម្បត្តិដែលត្រូវបានបង្កក។

ប្រភពបានថ្លែងនៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិថា «វិធីមួយដើម្បីឆ្ពោះទៅមុខ គឺការដោះស្រាយវិបត្តិជាដំណាក់កាល។ ដំណាក់កាលដំបូង គឺការបញ្ចប់ការបិទខ្ទប់ និងការបើកច្រកហ័រមូសឡើងវិញ»៕

ប្រភព ៖ straitstimes ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា