វិមានក្រឹមឡាំង អញ្ជើញលោក គីម ជុងអ៊ុន មកទស្សនកិច្ចនៅ រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិមានក្រឹមឡាំង អញ្ជើញលោក គីម ជុងអ៊ុន មកទស្សនកិច្ចនៅ រុស្ស៊ី

វិមានក្រឹមឡាំង អញ្ជើញលោក គីម ជុងអ៊ុន មកទស្សនកិច្ចនៅ រុស្ស៊ី

មូស្គូ ៖ វិមានក្រឹមឡាំងបានប្រកាសជាផ្លូវការ កាលពីថ្ងៃ ព្រហស្បតិ៍ ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានអញ្ជើញឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានបង្ហើបប្រាប់សារព័ត៌មាន TASS ថា ទីក្រុងមូស្គូតែងតែរីករាយជានិច្ច ក្នុងការស្វាគមន៍មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយកាលបរិច្ឆេទជាក់លាក់ នឹងត្រូវសម្រេចតាមរយៈបណ្តាញការទូត។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ដល់ការអញ្ជើញនេះ តាំងពីការជួបជាមួយលោក គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង ក្នុងខែមិថុនា ឆ្នាំ២០២៤ និងបានលើកឡើងជាថ្មី ក្នុងអំឡុងពេលជួបគ្នានៅប្រទេសចិន ក្នុងខែកញ្ញា ឆ្នាំ២០២៥។

លោក គីម ធ្លាប់បានមកបំពេញទស្សនកិច្ចនៅរុស្ស៊ីចំនួនពីរលើកមកហើយ ដោយលើកចុងក្រោយ គឺក្នុងខែកញ្ញា ឆ្នាំ២០២៣ នៅពេលដែលលោកបានជួបជាមួយលោកប្រធានាធិបតី ពូទីន នៅឯមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Vostochny Cosmodrome ក្នុងតំបន់ Amur ភាគខាងកើតឆ្ងាយរបស់រុស្ស៊ី។ លោក គីម បានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីជាលើកដំបូងបង្អស់នៅឆ្នាំ២០១៩។

ប្រភពបង្ហើបឱ្យដឹងថា យោងតាមទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui ទៅកាន់ទីក្រុងមូស្គូ ក្នុងខែកក្កដាឆ្នាំនេះ គេរំពឹងថា ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់រដ្ឋធានីមូស្គូរបស់រុស្ស៊ី អាចនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី បានផ្សារភ្ជាប់គ្នាកាន់តែស៊ីជម្រៅខ្លាំងឡើង ចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងខែមិថុនា ឆ្នាំ២០២៤ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់រដ្ឋធានីរបស់កូរ៉េខាងជើង។

ប្រភពបញ្ជាក់ថា លោក ពូទីន និងលោក គីម បានជួបគ្នាជាលើកចុងក្រោយនៅខែកញ្ញា ឆ្នាំ២០២៥ ក្នុងរដ្ឋធានីប៉េកាំង ជាទីដែលមេដឹកនាំទាំងពីរបានចូលរួមក្នុងក្បួនព្យុហយាត្រាយោធា ដើម្បីអបអរសាទរខួបលើកទី៨០ នៃទិវាជ័យជម្នះរបស់ប្រទេសមហាយក្សចិន៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា