ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃកម្ពុជាក្នុងការបង្ក្រាបអំពើឆបោកអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃកម្ពុជាក្នុងការបង្ក្រាបអំពើឆបោកអនឡាញ

ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃកម្ពុជាក្នុងការបង្ក្រាបអំពើឆបោកអនឡាញ

លោក Nicholas Court ប្រធានក្រុមការងារសម្របសម្រួលនៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ (INTERPOL) បានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងជំនួបនោះ តំណាងអាំងទែប៉ូលបានកោតសរសើរ អាជ្ញាធរកម្ពុជា ក្នុងការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាច្រើនកន្លែងនាពេលកន្លងមក។

ប្រធានក្រុមការងារសម្របសម្រួលនៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ (INTERPOL) បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងជោគជ័យជាក់ស្តែងរបស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការលើកឡើងនេះធ្វើឡើងព្រឹកថ្ងៃទី២៤ ខែកញ្ញា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មុនពេលបញ្ចប់បេសកកម្មចូលរួមសន្និសីទអន្តរជាតិនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះការវាយតម្លៃប្រកបដោយសច្ចធម៌នេះ ដោយបានគូសបញ្ជាក់ថា លទ្ធផលដែលសមត្ថកិច្ចកម្ពុជាសម្រេចបាន គឺមិនអាចកាត់ផ្តាច់ចេញពីការចូលរួមចំណែក និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសំណាក់នគរបាលព្រហ្មទណ្ឌអន្តរជាតិបានឡើយ។ លោក Nicholas Court ប្រធានក្រុមការងារសម្របសម្រួលនៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ (INTERPOL) ក៏បានចាត់ទុកព្រឹត្តិការណ៍សន្និសីទអន្តរជាតិនេះថាជា «ការជួបជុំរវាងអ្នកមានបេះដូងដូចគ្នា» ក្នុងការរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសសកលមួយនេះ។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលឹកឡើងវិញអំពីការយកចិត្តទុកដាក់កម្រិតខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ស្មារតីនៃការសម្អាតផ្ទះខ្លួនឯង ត្រូវបានបង្កើតឡើងជាមួយនឹងចម្លើយយ៉ាងម៉ឺងម៉ាត់បំផុត គឺការបើកប្រតិបត្តិការបោសសម្អាតបទល្មើសអនឡាញឱ្យដល់ឫសគល់ប្រកបដោយភាពម្ចាស់ការ ព្រមទាំងបើកចំហស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយមិត្តភក្តិបរទេស និងដៃគូអន្តរជាតិ។ តាមរយៈបទពិសោធនេះ កម្ពុជាបានឈានដល់ការបង្កើតក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីអនុវត្តវិធានការផ្លូវច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។

ឆ្លងកាត់ប្រតិបត្តិការកន្លងមក សមត្ថកិច្ចកម្ពុជាបានបំបែកទីតាំងប្រព្រឹត្តបទល្មើសខ្នាតធំជាង ២០០ កន្លែង លើសំណុំរឿងសរុបជាង ៦០០ ករណី។ ជាលទ្ធផលមានជនជាតិខ្មែរ និងបរទេសជាង ២ ពាន់នាក់ ត្រូវបានចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ដោយប្រឈមមុខនឹងទោសទណ្ឌចន្លោះពី ៥ ឆ្នាំ ទៅ ២៥ ឆ្នាំ។ នៅក្នុងរបាយការណ៍ មានជនបរទេសប្រមាណជាង ៥០ ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញ និងត្រូវបានអនុវត្តនីតិវិធីបណ្តេញចេញពីកម្ពុជា ខណៈជនល្មើសសេសសល់ដែលព្យាយាមប្រមូលផ្តុំគ្នាក្នុងទ្រង់ទ្រាយតូច ក៏កំពុងត្រូវបានតាមបោសសម្អាតផងដែរ។

បន្ថែមលើនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានពន្យល់ចែករំលែកអំពីវិធានការបិទមិនឱ្យមានប្រតិបត្តិការល្បែងភ្នាល់តាមប្រព័ន្ធអនឡាញនៅតាមកាស៊ីណូ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តពីខែតុលាតទៅ។ តាមការប៉ាន់ស្មាន នឹងមានជនបរទេសប្រមាណ ២ សែននាក់បន្ថែមទៀត ត្រូវចល័តចាកចេញ ឬប្រឈមនឹងការអនុវត្តនីតិវិធីបណ្តេញចេញ បន្ទាប់ពីការបិទល្បែងអនឡាញទាំងនេះ និងការចុះអនុវត្តច្បាប់លើទីតាំងដែលល្មើសគោលការណ៍រាជរដ្ឋាភិបាល។

លោក Nicholas Court ប្រធានក្រុមការងារអាំងទែប៉ូល បានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រដល់កងកម្លាំងនគរបាលកម្ពុជា លើការងារស្រាវជ្រាវ ស៊ើបអង្កេត ការផ្លាស់ប្តូរព័ត៌មាន និងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាស៊ើបអង្កេតថ្មីៗជូនដល់មន្ត្រីនគរបាលកម្ពុជា៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា