រាជរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រងាយរងហានិភ័យពីសម្ពាធថ្លៃប្រេង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រងាយរងហានិភ័យពីសម្ពាធថ្លៃប្រេង

រាជរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រងាយរងហានិភ័យពីសម្ពាធថ្លៃប្រេង

ដោយសារកម្ពុជាបាន និងកំពុងបន្តជួបវិបត្តិនានាដែលកើតមានឡើងជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្ត “កម្មវិធី អន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ”។

ឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” និង “គោលការណ៍សមធម៌សង្គម”, រាជរដ្ឋាភិបាលបានគិតគូរដើម្បីជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យពីពហុវិបត្តិដែលកើតមានឡើងជាបន្តបន្ទាប់ ជាពិសេសការឡើងថ្លៃ ប្រេង និងឧស្ម័នឥន្ធនៈ។

ចុងក្រោយនេះ រដ្ឋាភិបាលដាក់ចេញឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ” ដោយគ្រួសារគោលដៅនីមួយៗ នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ ចំនួន ៤ (បួន) លើក ដោយក្នុង១លើកៗ ទទួលបានតាមកម្រិតដូចតទៅ៖

សម្រាប់ក្រុមគោលដៅនៅរាជធានីភ្នំពេញ គ្រួសារមួយទទួលប្រាក់ឧបត្ថម្ភ ៦ម៉ឺនរៀល ខណៈនៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ គ្រួសារមួយទទួលប្រាក់ឧបត្ថម្ភ ៤ម៉ឺន ៨ពាន់រៀល ហើយនៅទីជនបទវិញ គ្រួសារមួយទទួលបាន ៤ម៉ឺនរៀល។ បន្ថែមលើនេះ សមាជិកគ្រួសារទទួលបាន ៥ពាន់រៀលក្នុងម្នាក់ៗដូចៗគ្នា ទាំងនៅភ្នំពេញ ទីប្រជុំជន និងជនបទ។​

ការបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភទាំង ៤ លើកនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា, ថ្ងៃទី១៦ ខែតុលា, ថ្ងៃទី១៦ ខែវិច្ឆិកា​ និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦នេះទាំងអស់។ បច្ចុប្បន្ន, ក្រសួងផែនការបានរៀបចំបញ្ជីបច្ចុប្បន្នកម្មគ្រួសារគោលដៅរួចរាល់ ហើយមូលនិធិជាតិជំនួយសង្គមក៏បាន និងកំពុងរៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋគោលដៅតាមកាលបរិច្ឆេទកំណត់។

រាជរដ្ឋាភិបាលបញ្ជាក់ថា គ្រួសារក្រីក្រងាយរងគ្រោះ និងងាយរងហានិភ័យ ដែលត្រូវបានកំណត់អត្តសញ្ញាណ អាចទៅបើកប្រាក់ឧបត្ថម្ភលើកទី១ ពីបញ្ជារវីង (WING) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សូមរម្លឹកថា, កន្លងមករាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែបានគិតគូរ និង យកចិត្តទុកដាក់ជាប្រចាំ លើសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ ជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈ ការដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួន ដូចជា៖ កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩, កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងមានសម្ពាធអតិផរណា ក៏ដូចជាកម្មវិធីអន្តរាគមន៍ពិសេសនានាជូនគ្រួសារភៀសសឹកដោយសារជម្លោះព្រំដែន។

ជាមួយគ្នានេះ, រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់តាមដាន និងវាយតម្លៃស្ថានការណ៍ ក៏ដូចជាត្រៀមលក្ខណៈជាស្រេចក្នុងការដាក់ចេញវិធានការគាំទ្រនានាក្នុងករណីចាំបាច់ ដើម្បីផ្តល់ការគាំទ្រដល់ពលរដ្ឋ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” និងក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា