កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ

កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ

កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម និងការងារនាពេលអនាគត។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។

ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែងដែលទទួលបានការអញ្ជើញឱ្យចូលរួម និងថ្លែងបទអន្តរាគមន៍ក្នុងសន្និសីទ “ជំនាញពិភពលោក ឆ្នាំ២០២៦” ក៏ដូចជាថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងលោកជំទាវដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងអបអរសាទរប្រទេសចិន ដែលបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យប្រកបដោយភាពជោគជ័យ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម និងលោកជំទាវបានអញ្ជើញចុះហត្ថលេខាលើ MoU ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់គោលនយោបាយ និងការអនុវត្តឱ្យល្អប្រសើរក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងសមត្ថភាព និងលទ្ធភាព ក្នុងការពង្រឹងការអភិវឌ្ឍជំនាញបៃតង និងការគាំទ្រការធ្វើទំនើបកម្មឌីជីថលនៃប្រព័ន្ធ TVET ។ ភាគីទាំងពីរនឹងលើកទឹកចិត្តឱ្យស្ថាប័ន និងភាគីពាក់ព័ន្ធ ចូលរួមអនុវត្តសកម្មភាពដែលបានឯកភាពគ្នា និងសម្របសម្រួលជាប្រចាំ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌ MoU នេះ។

ឯកឧត្តម ហេង សួរ បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ដោយបានគូសបញ្ជាក់ពីបំណងរបស់កម្ពុជាក្នុងការប្រែក្លាយក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការឱ្យទៅជាការអនុវត្តជាក់ស្តែងសម្រាប់ឧត្តមប្រយោជន៍នៃភាគីទាំងពីរ ហើយក៏ជាការបើកទំព័រថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត និងស៊ីជម្រៅបន្ថែមទៀតរវាងក្រសួងទាំងពីរ។

ឯកឧត្តមរដ្ឋមន្រ្តីបានកត់សម្គាល់ឃើញថា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តោតសារៈសំខាន់លើការអភិវឌ្ឍជំនាញបច្ចុប្បន្ន និងពេលអនាគត ដែលមានចក្ខុវិស័យវែងឆ្ងាយ និងជាគន្លឹះមួយធ្វើឱ្យប្រទេសដទៃ និងកម្ពុជាអាចយកមករៀនសូត្រ បន្ថែមដើម្បីដុសខាត់នូវចន្លោះខ្វះខាតនានា។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញលោកជំទាវ វ៉ាង ស៊ាវភីង មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខផងដែរ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា