ជាមេក្លោងចោទប្រកាន់កម្ពុជារឿងឆបោកអនឡាញ ថៃបែរជាបញ្ជូនមន្រ្តីតូចតាចមកចូលរួមសន្និសីទអន្តរជាតិនៅភ្នំពេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជាមេក្លោងចោទប្រកាន់កម្ពុជារឿងឆបោកអនឡាញ ថៃបែរជាបញ្ជូនមន្រ្តីតូចតាចមកចូលរួមសន្និសីទអន្តរជាតិនៅភ្នំពេញ

ជាមេក្លោងចោទប្រកាន់កម្ពុជារឿងឆបោកអនឡាញ ថៃបែរជាបញ្ជូនមន្រ្តីតូចតាចមកចូលរួមសន្និសីទអន្តរជាតិនៅភ្នំពេញ

ខណៈដែលបណ្តាប្រទេសដៃគូ និងអង្គការអន្តរជាតិនានា បានបញ្ជូនមន្ត្រីជាន់ខ្ពស់មកចូលរួមសន្និសីទអន្តរជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសថៃបានចាត់តាំងត្រឹមលោកវរសេនីយ៍ឯក Narote Yuvaboon មកពីការិយាល័យនគរបាលផ្លូវល្បឿនលឿន នៃទីភ្នាក់ងារកណ្តាលស៊ើបអង្កេតនៃនគរបាលភូមិន្ទថៃ មកចូលរួម សន្និសីទនេះ នៅភ្នំពេញ ដែលទើបបានបញ្ចប់កាលថ្ងៃព្រហស្បតិ៍ ទី២៤ កញ្ញា។
 
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា តំណាងភាគីថៃពុំមែនជាវាគ្មិនផ្តល់មតិក្នុងកិច្ចប្រជុំនោះឡើយ ពោលគឺគ្រាន់តែមកចូលរួមធម្មតាប៉ុណ្ណោះ។ ដោយហេតុថាមន្រ្តីថ្នាក់ទាបរបស់ថៃមិនអាចសម្រេចអ្វីបានក្នុងនាមរដ្ឋាភិបាលថៃ ដូច្នេះ«សេចក្តីប្រកាសទីក្រុងភ្នំពេញស្តីពីការរួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលអនុម័តក្នុងសន្និសីទអន្តរជាតិនេះ មិនមានឈ្មោះប្រទេសថៃឡើយ។
 
 
សូមបញ្ជាក់ថា សេចក្តីប្រកាសទីក្រុងភ្នំពេញ​ត្រូវបានអនុម័តដោយតំណាងរដ្ឋាភិបាល ២១ប្រទេស ព្រមទាំងតំណាងអង្គការដៃគូធំៗជាច្រើនទៀត ដូចជា ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)។ ​
 
លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថា ការដែលថៃបញ្ជូនត្រឹមតែមន្ត្រីបច្ចេកទេសឱ្យមកធ្វើជាអ្នកសង្កេតការណ៍ ក្នុង«សន្និសីទអន្តរជាតិប្រឆាំងនឹងការឆបោកអនឡាញ» នៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថា ភាគីថៃខ្វះការប្តេជ្ញាចិត្តក្នុងការសហការប្រយុទ្ធប្រឆាំង និងលុបបំបាត់បទល្មើសឆបោកតាមអ៊ីនធឺណិតជាមួយកម្ពុជា និងសហគមន៍អន្តរជាតិ។
 
អវត្តមានរបស់ថៃក្នុង «សេចក្តីប្រកាសរួមទីក្រុងភ្នំពេញ» គឺដោយសារតំណាងភាគីថៃជា មន្ត្រីជាន់ទាប ដែលគ្មានសមត្ថកិច្ច ឬអំណាចធ្វើការសម្រេចចិត្តក្នុងកម្រិតគោលនយោបាយឡើយ។
 
ឥរិយាបថគេចវេសពីការទទួលខុសត្រូវនេះសបញ្ជាក់ថា ថៃនៅតែបន្តមើលរំលងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងជៀសវាងការប្តេជ្ញាចិត្តផ្លូវការ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ ឬការទទួលខុសត្រូវរួមគ្នាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែននេះ។
 
អង្គសន្និសីទ ដែលមានសមាសភាពចូលរួមជាង ៦០០ នាក់ មកពី ២៨ ប្រទេស និង ៧ អង្គការអន្តរជាតិ បានកោតសរសើរចំពោះលទ្ធផលបង្ក្រាបជាក់ស្តែងរបស់កម្ពុជា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ដែលបានបំបែកសំណុំរឿងបាន ៤៤១ ករណី បង្ក្រាបទីតាំងបាន ៨២ កន្លែង និងបណ្តេញជនបរទេសពាក់ព័ន្ធជាង ២ម៉ឺន ២ពាន់នាក់ ចេញពីកម្ពុជា។
 
ក្នុងសេចក្តីប្រកាសទីក្រុងភ្នំពេញ អង្គសន្និសីទបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុឧក្រិដ្ឋកម្ម រៀបចំយន្តការប្រមូលទ្រព្យសម្បត្តិលួចប្លន់ត្រឡប់មកវិញ ព្រមទាំងការពារជនរងគ្រោះ លុបបំបាត់ទីតាំងឆបោក និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានាឱ្យអស់ពីតំបន់ ដើម្បីធានាសុវត្ថិភាពឌីជីថលជូនប្រជាពលរដ្ឋគ្រប់ជាតិសាសន៍៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា