ជនជាតិខ្មែរនិងបរទេសពាក់ព័ន្ធឆបោកជិត ៥ពាន់នាក់ត្រូវឃុំខ្លួន ចំណែកនគរបាល ៧៧នាក់ត្រូវរងពិន័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជនជាតិខ្មែរនិងបរទេសពាក់ព័ន្ធឆបោកជិត ៥ពាន់នាក់ត្រូវឃុំខ្លួន ចំណែកនគរបាល ៧៧នាក់ត្រូវរងពិន័យ

ជនជាតិខ្មែរនិងបរទេសពាក់ព័ន្ធឆបោកជិត ៥ពាន់នាក់ត្រូវឃុំខ្លួន ចំណែកនគរបាល ៧៧នាក់ត្រូវរងពិន័យ

ជនជាតិខ្មែរ និងបរទេសជាប់ពាក់ព័ន្ធសំណុំរឿងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៤ ៨៣៤នាក់ ត្រូវបានឃាត់ និងឃុំខ្លួនជាបន្តបន្ទាប់ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារចំនួន ២៣កន្លែងទូទាំងប្រទេស គិតមកត្រឹមខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈមន្រ្តីនគរបាលជាតិ ៧៧នាក់ក៏ត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់ទណ្ឌកម្មវិន័យតាមកម្រិតនៃទោសដែលបានប្រព្រឹត្តផងដែរ។ នេះបើយោងតាមរបាយការ​ណ៍ដែលបញ្ជាក់ដោយលោក ទូច សុខៈ​ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥កញ្ញា។
 
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា ក្នុងចំណោមជនជាប់ឃុំខាងលើនេះ មានជនជាតិខ្មែរចំនួន ៤៩១នាក់ និងជនបរទេសចំនួន ៤ ៣៤៣នាក់ មកពី ២៧សញ្ជាតិផ្សេងៗគ្នា។ ជនជាប់ឃុំទាំងនេះត្រូវបានបែងចែកជា ៤ប្រភេទ ដែលភាគច្រើនជាជនត្រូវចោទ បន្ទាប់មកជាជនជាប់ចោទ។ ជនជាប់ឃុំផ្សេងទៀត គឺជាពិរុទ្ធជនដែលត្រូវបានតុលាការផ្ដន្ទាទោសរួចរាល់ ប៉ុន្តែសាលក្រមមិនទាន់ចូលជាស្ថាពរ ហើយក្រៅពីនោះ គឺជាទណ្ឌិត ដែលមានចំនួនតែ៣១នាក់ប៉ុណ្ណោះ។
 
លោក ទូច សុខៈ បានគូសបញ្ជាក់ផងដែរថា ក្នុងចំណោមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំង ២៣នៅទូទាំងប្រទេស មានពន្ធនាគារចំនួន ៥ មានចំនួនជនជាប់ឃុំពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាច្រើនជាងគេ គឺពន្ធនាគារខេត្តស្វាយរៀង បន្ទាប់មកគឺ ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តបន្ទាយមានជ័យ មណ្ឌលអប់រំកែប្រែទី១ (ម១) និងពន្ធនាគារខេត្តកោះកុង។
 
ដោយឡែក ចំពោះមន្រ្តីនគរបាលជាតិដែលទទួលរងទណ្ឌកម្មវិន័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាវិញ លោក ទូច សុខៈ បញ្ជាក់ថា បានធ្វើចំណាត់ការវិន័យផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់។ ក្នុងករណីស្រាល ក្រសួងបានអនុវត្តទណ្ឌកម្មវិន័យស្របតាមប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជាឆ្នាំ២០២៤​ ដូចជា ការព្រមានលើកទី១ ការបន្ថយឋានន្តរស័ក្តិ ការផ្អាកការងារ និងបៀវត្សរ៍បណ្តោះអាសន្ន រហូតដល់ការដកហូត ឬបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌតែម្ដង។
 
ចំពោះមន្ត្រីណាដែលមានការពាក់ព័ន្ធធ្ងន់ធ្ងរឈានដល់បទល្មើសព្រហ្មទណ្ឌ ក្រសួងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕

សេង បារាំង AMS

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា