ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាធ្វើឲ្យខេត្តមួយចំនួន​រងការជន់លិច​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាធ្វើឲ្យខេត្តមួយចំនួន​រងការជន់លិច​

ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាធ្វើឲ្យខេត្តមួយចំនួន​រងការជន់លិច​

របាយការណ៍​របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរនៅតាមបណ្តាខេត្តមួយចំនួន នៅថ្ងៃសុក្រនេះ​បានឲ្យដឹងថា តំបន់មួយចំនួន រួមមានខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ កំពង់ធំ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ កំពុងជន់លិចដោយសារជំនន់ទឹកភ្លៀង។​
 
ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS  ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៧ពាន់គ្រួសារ ស្មើនឹងប្រមាណ ៧ពាន់ខ្នងផ្ទះ នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ និងខេត្តកំពង់ធំ។
 
ក្នុងចំណោមនោះ ប្រជាពលរដ្ឋជាង ១៦០០គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ជាមួយគ្នានេះ ស្រូវជាង២ពាន់ហិចតាក៏រងផលប៉ះពាល់ផងដែរ។ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន កើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងគ្របដណ្តប់នៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
 
ខេត្តដែលមានភ្លៀងធ្លាក់ច្រើនជាងគេ រួមមាន ខេត្តកោះកុង កំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ។ ដោយឡែកតំបន់មួយចំនួននៅតាមបណ្តាខេត្តផ្សេងទៀត ដូចជាខេត្តបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង សៀមរាប ក៏កំពុងជន់លិចដោយសារជំនន់ទឹកភ្លៀងផងដែរ។
 
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យពលរដ្ឋក្នុងសង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្តាលចំនួនជាង៣០០គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
 
បើតាមលោកអភិបាលក្រុងប៉ោយប៉ែត ការជន់លិចនៅក្នុងក្រុងប៉ោយប៉ែតនេះ គឺបណ្តាលមកពីមានធ្លាក់ភ្លៀង និងមានទឹកមួយចំនួនហូរមកពីប្រទេសថៃ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានឱ្យដឹងថា មកដល់ថ្ងៃសុក្រនេះ ភ្លៀងនៅតែបន្តធ្លាក់ ធ្វើឱ្យទឹកក្នុងស្ទឹង អូរ ហក់ឡើងជាកំហក់ ​ផ្ទះពលរដ្ឋជាច្រើនខ្នងត្រូវជន់លិច ពលរដ្ឋជាច្រើនគ្រួសារត្រូវបានជម្លៀសចេញផងដែរ។
​
រីឯនៅខេត្តបាត់ដំបង កម្ពស់ទឹកស្ទឹងសង្កែ និងកម្ពស់ទឹកនៅតាមដងអូរ បានចាប់ផ្តើមហក់ឡើងយ៉ាងឆាប់រហ័ស។ មន្ទីរធនធានទឹកខេត្តបានអំពាវនាវដល់ពលរដ្ឋរស់នៅតាមដងអូរ និងស្ទឹង បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ សម្រាប់កម្ពស់ទឹកនៅតាមដងទន្លេមេគង្គ នៅស្ថានីយសំខាន់ៗភាគច្រើននៅក្រោមកម្រិតប្រុងប្រយ័ត្ននៅឡើយ។
 
គ្រោះទឹកជំនន់នាពេលនេះ គឺពាក់ព័ន្ធនឹងឥទ្ធិពលព្យុះទី១៦ ឈ្មោះ «ស៊ូរីហ្គាអេ» ដែលបានធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់នៅតំបន់មួយចំនួន ហើយភ្លៀងអាចនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦៕

សៅ សុខអេង​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា