ក្រោយពន្យល់ខុសពីរូបអប្សរាកាន់កញ្ចក់ មន្ទីរទេសចរណ៍ខេត្តសៀមរាបណែនាំមគ្គុទេសក៍ទេសចរណ៍ឱ្យប្រុងប្រយ័ត្នការ​ផ្តល់ព័ត៌មាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយពន្យល់ខុសពីរូបអប្សរាកាន់កញ្ចក់ មន្ទីរទេសចរណ៍ខេត្តសៀមរាបណែនាំមគ្គុទេសក៍ទេសចរណ៍ឱ្យប្រុងប្រយ័ត្នការ​ផ្តល់ព័ត៌មាន

ក្រោយពន្យល់ខុសពីរូបអប្សរាកាន់កញ្ចក់ មន្ទីរទេសចរណ៍ខេត្តសៀមរាបណែនាំមគ្គុទេសក៍ទេសចរណ៍ឱ្យប្រុងប្រយ័ត្នការ​ផ្តល់ព័ត៌មាន

បន្ទាប់ពីមគ្គុទេសក៍ទេសចរណ៍មួយរូបរងការរិះគន់ ពាក់ព័ន្ធនឹងការធ្វើអធិប្បាយខុសលើរូបចម្លាក់អប្សរាកាន់កញ្ចក់ ដែលស្ថិតនៅប្រាសាទអង្គរវត្ត ដោយបែរជាពន្យល់ថា ជារូបអប្សរាកាន់ការ៉េមទៅវិញនោះ​ មន្ទីរទេសចរណ៍ខេត្តសៀមរាប​ កាលពីថ្ងៃទី២៤ ខែកញ្ញា បានឱ្យមគ្គុទេសក៍ទេសចរណ៍រូបនោះធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើអត្ថាធិប្បាយ ឬការបកស្រាយព័ត៌មានណាមួយ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ខុសពីការពិត ឬប្រាសចាកពីខ្លឹមសារប្រវត្តិសាស្ត្រ វប្បធម៌ សិល្បៈ ប្រពៃណី និងបេតិកភណ្ឌជាតិ។​
 
មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ក្រោយពីទទួលការណែនាំ មគ្គុទេសក៍ទេសចរណ៍រូបនោះ បានបេ្តជ្ញាអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឱ្យស្របតាមក្រមសីលធម៌ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំពាក់ព័ន្ធនឹងវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍។
 
មន្ទីរទេសចរណ៍ខេត្តសៀមរាប បានរំលឹកដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ថា មគ្គុទ្ទេសក៍ទេសចរណ៍គឺជាបុគ្គលដែលផ្តល់ព័ត៌មាន និងជាអ្នកផ្សព្វផ្សាយ​​ផ្ទាល់អំពីប្រវតិ្តសាស្ត្រ វប្បធម៌ អរិយធម៌ ប្រពៃណី និងតម្លៃបេតិកភណ្ឌពិភពរបស់ប្រទេសកម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ 
 
ដូច្នេះ មគ្គុទ្ទេសក៍ទេសចរណ៍គ្រប់រូប ត្រូវធ្វើការអត្ថាធិប្បាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្អែកលើប្រភពព័ត៌មានដែលមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ និងអាចទុកចិត្តបាន ហើយត្រូវជៀសវាងការបន្ថែមខ្លឹមសារដោយខ្លួនឯងដែលអាចនាំឱ្យមានការយល់ច្រឡំ ឬធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងកិត្តិយសនៃបេតិកភណ្ឌជាតិ។
 
ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា  កញ្ចក់ឆ្លុះមុខដែលអប្សរាកាន់ស្ថិតនៅប្រាសាទអង្គរវត្ត ដែលកំពុងទទួលការចាប់អារម្មណ៍នេះ គឺជាកញ្ចក់ឆ្លុះមុខសម័យបុរាណ។
 
ឯកឧត្តម ស៊ុ ម៉ាប់ បានប្រាប់ឱ្យដឹងថា កញ្ចក់ឆ្លុះមុខក្នុងសម័យបុរាណខ្មែរ ជាពិសេសក្នុងសម័យអង្គរ ពីសតវត្សរ៍ទី៩ ដល់សតវត្សទី១៤ មិនមែនធ្វើអំពីកញ្ចក់ថ្លាដែលស្រោបដោយធាតុប្រាក់ដូចកញ្ចក់ទំនើបបច្ចុប្បន្នឡើយ តែជាកញ្ចក់ធ្វើអំពីសំរិទ្ធ លោហៈស្ពាន់ និងសំណប៉ាហាំ ដែលដុសខាត់ផ្ទៃមុខឲ្យរលោងស្អាត និងភ្លឺចែងសចាំងរហូតដល់អាចឆ្លុះមើលឃើញរូបភាពបាន។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា រូបអប្សរា ឬទេវតាដែលមានកាន់​កញ្ចក់ឆ្លុះមុខ ពិនិត្យមើលសម្រស់ តុបតែងលម្អសក់ ភាគច្រើននៅលើជញ្ជាំងប្រាសាទ ដូចជា ប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្ត។
 
​បើតាម លោក យិត ចាន់ដារដ្ឋ  កញ្ចក់សំរិទ្ធបុរាណ​ជាច្រើន ត្រូវបានរកឃើញក្នុងកំណាយបុរាណវិទ្យានៅតំបន់អង្គរ និងជុំវិញប្រទេសកម្ពុជា ដែលមួយចំនួនកំពុងរក្សាទុក និងដាក់បង្ហាញនៅសារមន្ទីរជាតិភ្នំពេញ និងសារមន្ទីរជាតិព្រះសីហនុ-អង្គរ នៅខេត្តសៀមរាប៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា