អ្នកជំនាញកម្ពុជាមើលឃើញសក្ដានុពល និងឱកាស បន្ទាប់ពីចិន​ដាក់ឱ្យ​ប្រើប្រាស់​ព្រែកជីកភីងលូ ដែលសម្រួលការតភ្ជាប់ជាមួយអាស៊ាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញកម្ពុជាមើលឃើញសក្ដានុពល និងឱកាស បន្ទាប់ពីចិន​ដាក់ឱ្យ​ប្រើប្រាស់​ព្រែកជីកភីងលូ ដែលសម្រួលការតភ្ជាប់ជាមួយអាស៊ាន

អ្នកជំនាញកម្ពុជាមើលឃើញសក្ដានុពល និងឱកាស បន្ទាប់ពីចិន​ដាក់ឱ្យ​ប្រើប្រាស់​ព្រែកជីកភីងលូ ដែលសម្រួលការតភ្ជាប់ជាមួយអាស៊ាន

ក្រោយចំណាយពេល​សាងសង់អស់​រយៈពេល ៤ឆ្នាំ នៅទីបំផុតប្រទេសចិនបានដាក់ឱ្យ​ប្រើប្រាស់​ព្រែកជីកភីងលូ(Pinglu) ដែលតភ្ជាប់ផ្លូវទឹករវាងប្រទេសចិន និងអាស៊ាន កាលពី​ថ្ងៃទី​១៦​ ខែកញ្ញា ឆ្នាំ២០២៦។ អ្នកជំនាញយល់ឃើញថា​ កម្ពុជា និងសមាជិកអាស៊ានផ្សេងទៀត នឹងទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូនពី​ព្រែកជីកថ្មីនេះ។
 
ចិនបានបោះទុនវិនិយោគជាង ១០ពាន់លានដុល្លារ ដើម្បីសាងសង់ព្រែកជីកប្រវែង ១៣៤,២​គីឡូម៉ែត្រនេះ ដែលតភ្ជាប់តំបន់ស្វយ័ត ក្វាងស៊ី ទៅកាន់ឈូងសមុទ្រ តុងកឹង ដោយជួយកាត់បន្ថយចម្ងាយដឹកជញ្ជូនតាមផ្លូវទឹកពីភាគនិរតីនៃប្រទេសចិនទៅកាន់សមុទ្រ បានជាង ៥៦០គីឡូម៉ែត្រ។​

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា ក្រៅពីចិន បណ្ដាសមាជិកអាស៊ានសុទ្ធតែទទួលបា​នប្រយោជន៍ដោយផ្ទាល់ និងប្រយោល ជុំវិញការឲ្យដាក់ប្រើប្រាស់ព្រែកជីកភីងលូរបស់ចិន។
 
សម្រាប់កម្ពុជា អាចទាញយកប្រយោជន៍ជាយុទ្ធសាស្រ្តសំខាន់ៗ ​ចំនួន ៤ រួមមាន៖ ការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន, ជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិន, ជំរុញការទាក់ទាញវិនិយោគិនបរទេស និងការបំពេញបន្ថែមរវាងព្រែកជីកភីងលូ និងព្រែកជីកហ្វូណនតេជោរបស់កម្ពុជានៅពេលខាងមុខ។

ចំណែក អ្នកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា ក៏បានបង្ហាញគំនិតសុទិដ្ឋិនិយមផងដែរជុំវិញ ការដាក់ឲ្យប្រើប្រាស់ព្រែកភីងលូ ដែលជាផ្លូវដឹកជញ្ជូនតាមទឹកថ្មីរវាងចិន និងអាស៊ាន។ អ្នកឧកញ៉ា ស៊ិន ចន្ធី មើលឃើញថា ព្រែកជីក ​Pinglu គឺជា​ព្រែកជីក​ដ៏សំខាន់​មួយ​ ​ព្រោះ​ទំហំ​ទំនិញដែល​ត្រូវ​ដឹកជញ្ជូន​រវាង​​អាស៊ាន​-ចិន​​ ភាគច្រើន​ពឹងផ្អែកលើ​ការដឹកជញ្ជូន​តាមកំពង់ផែ។
 
សម្រាប់អ្នកឧកញ៉ា ការដាក់ឲ្យដំណើរការព្រែកជីកនេះ ​​មិនត្រឹមជួយលើក​កម្ពស់ការប្រកួត​​ប្រជែង​ខាង​​សេដ្ឋកិច្ច​ក្នុង​​តំបន់​ប៉ុណ្ណោះទេ តែក៏ជាការតភ្ជាប់ផ្លូវទឹកដ៏សំខាន់រវាងអន្តរជាតិ និងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។

ជារួម ព្រែកជីក Pinglu នឹងជួយពង្រឹងការតភ្ជាប់រវាងចិន និងអាស៊ាន ដោយផ្តល់ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធយ៉ាងរឹងមាំសម្រាប់ការកសាង​សហគមន៍​ជោគវាសនារួម ​ចិន-អាស៊ាន​។ អ្នកវិភាគយល់ថា ផ្លូវទឹកថ្មីនេះនឹងជំរុញកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងចិន និងអាស៊ាន ហើយក៏ជាផ្លូវថ្មីមួយសម្រាប់ឱ្យពិភពលោកចែករំលែក «កាលានុវត្តភាពចិន» ផងដែរ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា