អ្នកឃ្លាំមើលសង្គម៖ ថៃសម្ដែងធ្វើល្អក្នុងសន្និបាត UN តែធាតុពិតមានគំនិតអាក្រក់លើកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកឃ្លាំមើលសង្គម៖ ថៃសម្ដែងធ្វើល្អក្នុងសន្និបាត UN តែធាតុពិតមានគំនិតអាក្រក់លើកម្ពុជា

អ្នកឃ្លាំមើលសង្គម៖ ថៃសម្ដែងធ្វើល្អក្នុងសន្និបាត UN តែធាតុពិតមានគំនិតអាក្រក់លើកម្ពុជា

អ្នកឃ្លាំមើលសង្គម និងមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានហៅការឡើងថ្លែងរបស់នាយករដ្ឋមន្ត្រីថៃនៅក្នុង​មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយកម្ពុជា គ្រាន់តែជាការសម្ដែងធ្វើល្អនៅចំពោះមុខសហគមន៍អន្តរជាតិតែប៉ុណ្ណោះ ប៉ុន្តែធាតុ​ពិត ថៃនៅតែធ្វើសកម្ម​ភាពផ្គើន រំលោភបំពានកាន់កាប់ដីខ្មែរដោយខុសច្បាប់ មិនគោរពកិច្ចព្រមព្រៀង សន្ធិសញ្ញាអន្តរជាតិ និងច្បាប់អន្តរជាតិឡើយ​។
 
ប្រតិកម្មនេះធ្វើឡើងក្រោយពីលោក អានុទីន ឆានវីរ៉ាកុល នាយករដ្ឋមន្ត្រីថៃ នៅ​ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ កញ្ញា ២០២៦ បាននិយាយថា លោកបានជួបសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែឧសភា ដើម្បីស្វែងរកការដោះស្រាយបញ្ហាព្រំដែនតាមរយៈកិច្ចសន្ទនាទ្វេភាគី កសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ ដើម្បីឈានទៅមុខជាមួយគ្នា។
 
ប៉ុន្តែលោកថ្លែងចោទប្រកាន់ថា កម្ពុជាមិនបានផ្តល់ឱកាសពិតប្រាកដដល់កិច្ចសន្ទនាទេ ហើយបានជ្រើសរើសផ្លូវមួយផ្សេងដោយផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS។ លោកពោលថា ប្រទេសថៃកំពុងចូលរួមដោយស្មោះត្រង់តាមយន្តការនេះ ប៉ុន្តែដំណើរការនេះ គឺទាក់ទងនឹងការកំណត់ព្រំដែនសមុទ្រតែប៉ុណ្ណោះ។
 
ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលថៃបានអះអាងថា ប្រទេសថៃមិនដែលចង់មានជម្លោះនោះទេ។ លោកស្នើកម្ពុជាធ្វើការជាមួយថៃ ដើម្បីពង្រឹងសន្តិសុខតាមបណ្តោយព្រំដែន រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត និងការដោះមីន។ លោកនិយាយយកល្អថា ព្រំដែនកម្ពុជាថៃត្រូវតែជាកន្លែងនៃវិបុលភាពរួមគ្នា មិនមែនជាកន្លែងដែលបន្តបន្សល់នូវស្លាកស្នាមនៃជម្លោះនោះទេ។
 
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោ​បាយ យល់ឃើញថា ការលើកឡើងរបស់លោក អានុទីន លើវេទិកា UN គឺជាល្បិចការទូត និងការបង្កើតនិទានកថានយោបាយដើម្បីគ្រប់​គ្រងស្ថានការណ៍ និងទាញចំណេញផ្នែកនយោបាយទាំងក្នុង និងក្រៅប្រទេសសម្រាប់ខ្លួនប៉ុណ្ណោះ។
 
ចំណែកលោកបណ្ឌិត យង់ ពៅ  អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាវិញ ក៏យល់ឃើញប្រហាក់ប្រហែលគ្នា​ផងដែរ។
 
បើតាមលោកបណ្ឌិត យង់ ពៅ ៖ «ការលើកឡើងរបស់អនុទីននេះ ថាប្រទេសថៃជាប្រទេសរងគ្រោះត្រូវកំណត់លក្ខខណ្ឌចរចានេះប្រាសចាកពីការពិតទាំងស្រុង តើប្រទេសថៃអាចរងគ្រោះពីការឈ្លានរបស់កម្ពុជា ឬរងគ្រោះដូចម្ដេច យើងដឹងហើយថា បើយើងនិយាយប្រៀបធៀបពីសមត្ថភាពសព្វបែបយ៉ាងគឺកម្ពុជាចាញ់ថៃ សមត្ថភាពយកកងទ័ព សេដ្ឋកិច្ចស្អីៗផ្សេងៗទៀត គឺមិនអាចគំរាមកំហែងថៃបានទេ ទី២យើងពិនិត្យមើលថាតើបច្ចុប្បន្ននេះកម្ពុជាកំពុងកាន់កាប់ទឹកដីថៃឬក៏ថៃកាន់កាប់ទឹកដីកម្ពុជា អានឹងយើងមិនឃើញនឹងភ្នែក ហើយយើងដោយរងគ្រោះពិតប្រាកដ»។
 
ចំពោះការលើកឡើងបែបក្រឡេចក្រឡុចរបស់នាយករដ្ឋមន្រ្តីថៃនេះ ឯកឧត្តម ចាន់​ រតនា អ្នកនាំពាក្យស្ដីទីក្រសួងការបរ​ទេសកម្ពុជា ក៏បានប្រតិកម្មឆ្លើយតបវិញផងដែរ។
 
អ្នកនាំពាក្យបានគូសបញ្ជាក់ថា ៖ «ការពិតយើងឃើញទាំងអស់គ្នាហើយ សម្ដីវាផ្សេងចិត្តវាផ្សឹង វាតែងតែនិយាយល្អនៅចំពោះមុខអន្តរជាតិចំពោះមុខបរទេស ប៉ុន្តែការអនុវត្តជាក់ស្ដែងរបស់វាធ្វើផ្សេង ចឹងសង្ឃឹមថាក្រោយពីវាថ្លែងចប់នៅអង្គការសហប្រជាជាតិ នៅពេលដែលត្រឡប់មកវិញវានឹងបញ្ជូនក្រុមវាស់វែងមកចូលប្រជុំជាមួយកម្ពុជា អានឹងបានវាឆ្លុះបញ្ចាំងដែលវានិយាយហើយធ្វើតាមអ្វីដែលវានិយាយ»។
 
គិតចាប់តាំងពីបទឈប់បាញ់លើកទី២ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក កម្ពុជាបានផ្ញើកំណត់ទូតយ៉ាងហោចណាស់ ១១លើក ទៅកាន់ភាគីថៃ ដើម្បីស្នើចាប់ផ្តើមការបន្តចុះអនុវត្តការងារខណ្ឌសីមាព្រំដែនលើដីជាក់ស្តែង ក្រោមយន្តការគណៈកម្មការ JBC ប៉ុន្តែថៃតែងតែព្រងើយកន្តើយចំពោះសំណើរបស់កម្ពុជា ដែលចង់បានព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ជាមួយប្រទេសជិតខាង។ 
 
ទោះបីយ៉ាងណា កម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា