កូរ៉េខាងត្បូង ខឹងសម្បារខ្លាំង ក្រោយលោក Zelensky ទម្លាយការសម្ងាត់រឿងឈ្លើយសឹក កូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ខឹងសម្បារខ្លាំង ក្រោយលោក Zelensky ទម្លាយការសម្ងាត់រឿងឈ្លើយសឹក កូរ៉េខាងជើង

កូរ៉េខាងត្បូង ខឹងសម្បារខ្លាំង ក្រោយលោក Zelensky ទម្លាយការសម្ងាត់រឿងឈ្លើយសឹក កូរ៉េខាងជើង

ញូវយ៉ក ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung កាលពីថ្ងៃព្រហស្បតិ៍បានខឹងសម្បារជាខ្លាំងទៅលើលោកប្រធានាធិបតី Volodymyr Zelensky បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនរូបនេះទម្លាយព័ត៌មានរសើប អំពីការបញ្ជូនឈ្លើយសឹកកូរ៉េខាងជើងទៅឱ្យកូរ៉េខាងត្បូងជាអ្នកចាត់ការ ។

លោក Lee Jae Myung ថែមទាំងបានចោទប្រកាន់លោក Zelensky ពីបទរំលោភបំពានកិច្ចព្រមព្រៀងរក្សាការសម្ងាត់រវាងប្រទេសទាំងពីរផងដែរ ។

បើតាម Straits Times, លោក Zelensky បានទម្លាយព័ត៌មានដ៏រសើបនៅចំពោះមុខអង្គការសហប្រជាជាតិថា អ៊ុយក្រែនបានបញ្ជូនទាហានកូរ៉េខាងជើងចំនួន ២ នាក់ទៅកាន់កូរ៉េខាងត្បូង និងថា ឈ្លើយសឹកទាំងពីរពិតជាមិនងាយស្រួលក្នុងការចាប់ខ្លួនទាំងរស់នោះទេ ។

ការលាតត្រដាងរបស់លោក Zelensky បានធ្វើឱ្យបក្សប្រឆាំងនៅកូរ៉េខាងត្បូងឆេះដុំជាខ្លាំង រហូតផ្ទុះការរិះគន់យ៉ាងដៃទៅលើរដ្ឋបាលលោកប្រធានាធិបតី Lee Jae Myung ចំពោះការបណ្តែតបណ្តោយឱ្យមេដឹកនាំបរទេស ជាអ្នកទម្លាយព័ត៌មានរសើបនេះមកកាន់ប្រជាពលរដ្ឋខ្លួនឯងទៅវិញ ។

ជាការឆ្លើយតប លោកប្រធានាធិបតី Lee Jae Myung បានបញ្ជាក់តាមបណ្តាញសង្គម X ថា លោកមិនដឹងថាតើហេតុអ្វីបានជាភាគីអ៊ុយក្រែនបំពានកិច្ចព្រមព្រៀងរក្សាការសម្ងាត់ ហើយធ្វើឱ្យរឿងនេះបែកធ្លាយជាសាធារណៈនោះទេ ហើយវាជារឿងដែលគួរឱ្យខកចិត្តខ្លាំងជាទីបំផុត ។

លោក Lee សង្កត់ធ្ងន់ថា បញ្ហាបញ្ជូនឈ្លើយសឹកកូរ៉េខាងជើងមកកាន់កូរ៉េខាងត្បូង គឺជាបញ្ហាមួយមានលក្ខណៈរសើបបំផុត ដែលអាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ផ្នែកការទូត សន្តិសុខ និងស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ។

យ៉ាងណា ខាងភាគីអ៊ុយក្រែនបានចេញមុខបន្ថយកំដៅវិញ ដោយទីប្រឹក្សារបស់លោកប្រធានាធិបតី Zelensky អះអាងថា អ៊ុយក្រែន ជា “ប្រទេសបើកទូលាយ” ដូច្នេះខ្លួនគ្រាន់តែបានផ្សព្វផ្សាយអង្គហេតុ អំពីការបញ្ជូនឈ្លើយសឹកកូរ៉េខាងជើងទៅកាន់កូរ៉េខាងត្បូងប៉ុណ្ណោះ ។ ភ្លាមៗនេះខាងភាគីកូរ៉េខាងជើងក៏ពុំទាន់បញ្ចេញប្រតិកម្មឆ្លើយតបណាមួយ ចំពោះបញ្ហានេះនៅឡើយនោះដែរ ។

បើតាម Straits Times, ឈ្លើយសឹកទាំង ២ នាក់នោះ ត្រូវបានចាប់ខ្លួនកាលពីដើមឆ្នាំ២០២៥ ក្នុងចំណោមទាហានកូរ៉េខាងជើងដទៃទៀត ដែលកំពុងជួយកងទ័ពរុស្ស៊ីប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន។

សមាជិកសភាកូរ៉េខាងត្បូងម្នាក់ធ្លាប់បានបង្ហើបថា ក្រោយចាប់ខ្លួន អ្នកទាំងពីរមានបំណងចង់រស់នៅជីវិតធម្មតាក្នុងប្រទេសកូរ៉េខាងត្បូង ។

យោងតាមការប៉ាន់ស្មានរបស់អ៊ុយក្រែន និងកូរ៉េខាងត្បូង, កូរ៉េខាងជើងបានបញ្ជូនទាហានសរុបចន្លោះពី ១៤ម៉ឺននាក់ ទៅ ១៥ម៉ឺននាក់ ចាប់តាំងពីឆ្នាំ២០២៤ ដើម្បីគាំទ្រសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

ចំណែកការវាយតម្លៃរបស់អ៊ុយក្រែន និងប្រភពឯករាជ្យ អះអាងថា ក្រៅពីបញ្ជូនទាហាន, កូរ៉េខាងជើងក៏បានផ្គត់ផ្គង់ឱ្យរុស្ស៊ីនូវគ្រាប់កាំភ្លើងធំ និងគ្រាប់កាំភ្លើងត្បាល់រាប់លានគ្រាប់ រួមជាមួយមីស៊ីលផ្លោង ប្រព័ន្ធកាំភ្លើងធំចម្ងាយឆ្ងាយ និងប្រព័ន្ធបាញ់រ៉ុក្កែតផងដែរ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា