អ្នកនាំពាក្យ៖ ការគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេសពលរដ្ឋនៃគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ ការគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេសពលរដ្ឋនៃគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល

អ្នកនាំពាក្យ៖ ការគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេសពលរដ្ឋនៃគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថា ការគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេសពលរដ្ឋនៃគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា។ គោលនយោបាយគិតគូរដល់ជីវភាពពលរដ្ឋតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដោយផ្ទាល់បែបនេះត្រូវបានអនុវត្តតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា រាជរដ្ឋាភិបាលក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឥន្ធនៈ។ ប្រជាពលរដ្ឋចំនួនប្រមាណជា ៤លាន ៦សែននាក់ នៅទូទាំងប្រទេសនឹងទទួលបានការឧបត្ថម្ភក្នុងគម្រោងនេះ ដោយក្នុងមួយគ្រួសារទទួលបាន៦ម៉ឺនរៀល សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន៨ពាន់រៀលសម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង៤ម៉ឺនរៀលសម្រាប់អ្នករស់នៅទីជនបទ។ លើសពីនេះ សមាជិកគ្រួសារម្នាក់ៗទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន៥ពាន់រៀល។

ឯកឧត្តមបានបន្ថែមថា ការផ្តល់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋគោលដៅទាំងនោះនឹងធ្វើឡើងតាមកាលបរិច្ឆេទដែលបានកំណត់ចំនួន៤លើក គឺលើកទី១៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លើកទី២៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លើកទី៣៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងលើកទី៤៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។ ពួកគេអាចទៅបើកប្រាក់ឧបត្ថម្ភលើកទី១ ពីបញ្ជរវីង (WING) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡលងថា កន្លងមករាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែបានគិតគូរនិងយកចិត្តទុកដាក់ជាប្រចាំលើសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន ដោយដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួនដូចជា៖ (១) កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (២) កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និង (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក៏ដូចជាកម្មវិធីអន្តរាគមន៍ពិសេសនានាជូនគ្រួសារភៀសសឹកដោយសារសង្គ្រាមឈ្លានពានទឹកដីនៅតាមព្រំដែនជាដើម។ រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ តាមដាន និងវាយតម្លៃស្ថានការណ៍ ក៏ដូចជាត្រៀមលក្ខណៈជាស្រេចក្នុងការដាក់ចេញវិធានការគាំទ្រនានា ក្នុងករណីចាំបាច់ ដើម្បីផ្ដល់ការគាំទ្រដល់ប្រជាពលរដ្ឋ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” និងស្របតាម “គោលការណ៍ណែនាំស្តីពីក្របខណ្ឌ កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ដោយឡែក ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះនិងងាយរងហានិភ័យដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឥន្ធនៈនេះ គឺជាការយកចិត្តទុកដាក់បន្ថែមទៀត លើការដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចធិបតី នាយករដ្ឋមន្ត្រី បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចុះតម្លៃប្រេងនិងបញ្ចុះពន្ធ អាករ ផ្សេងៗជាច្រើនរួចមកហើយ នៅពេលដែលវិបត្តិប្រេងនិងឥន្ធនៈឡើងថ្លៃដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។

ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា ជាក់ស្តែង រាជរដ្ឋាភិបាលបានបន្តបញ្ចុះតម្លៃប្រេងចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ, បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀតដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស១០០ដុល្លារ/បារ៉ែល និងបញ្ចុះពន្ធគយមក០(សូន្យ)ដុល្លារ។ ទោះជាយ៉ាងនេះក្តី ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមនៃប្រេងសាំងពី១០% មក៤% និងប្រេងម៉ាស៊ូតពី ១០% មក ០% ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ទៀតថា ការគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេសពលរដ្ឋនៃគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា។ គោលនយោបាយគិតគូរដល់ជីវភាពពលរដ្ឋតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដោយផ្ទាល់បែបនេះត្រូវបានអនុវត្តតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ជាក់ស្តែង ក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតកូវីដ១៩ រាជរដ្ឋាភិបាលបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីជួយឧបត្ថម្ភពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់។

គួរបញ្ជាក់ថា គោលនយោបាយនេះត្រូវបានបន្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះនិងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឥន្ធនៈ នៅពេលនេះគឺជាឧទាហរណ៍ស្រាប់។ ក្រៅពីនោះ រាជរដ្ឋាភិបាលមានគោលនយោបាយគាំពារសង្គមយ៉ាងទូលំទូលាយ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ដូចជាស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ការផ្តល់អាហារូបករណ៍ ដល់កុមារក្រីក្ររហូតដល់ចប់មធ្យមសិក្សា ជនមានពិការភាព និងចាស់ជរាអាយុ៦០ឆ្នាំឡើង៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា