ជប៉ុន ត្រៀមពង្រាយប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយ ក្នុងសមយុទ្ធឈុតធំជាមួយ អាមេរិក ខែក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ត្រៀមពង្រាយប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយ ក្នុងសមយុទ្ធឈុតធំជាមួយ អាមេរិក ខែក្រោយ

ជប៉ុន ត្រៀមពង្រាយប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយ ក្នុងសមយុទ្ធឈុតធំជាមួយ អាមេរិក ខែក្រោយ

តូក្យូ ៖ សមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំរវាងជប៉ុន និងសហរដ្ឋអាមេរិក មានឈ្មោះថា “Keen Sword” ដែលគ្រោងចាប់ផ្តើមនៅពាក់កណ្តាលខែតុលាខាងមុខនេះ នឹងរួមបញ្ចូលការដាក់ពង្រាយប្រព័ន្ធមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយ Type 12 របស់កងកម្លាំងស្វ័យការពារជើងគោកជប៉ុនជាលើកដំបូង។

បើតាម Kyodo News, ប្រព័ន្ធមីស៊ីល Type 12 គឺជាប្រភេទមីស៊ីលនាំផ្លូវបាញ់ពីដីគោកកម្ទេចនាវាចម្បាំង ដែលទើបតែត្រូវបានដាក់ពង្រាយនៅឯមូលដ្ឋាន Camp Kengun ក្នុងខេត្ត Kumamoto កាលពីខែមីនា ឆ្នាំ២០២៦។

មីស៊ីលនាំផ្លូវនេះ មានសមត្ថភាពវាយប្រហារចម្ងាយរហូតដល់ ១,០០០ គីឡូម៉ែត្រ ដែលអាចបាញ់ដល់តំបន់ឆ្នេរភាគខាងកើតរបស់ប្រទេសចិន និងតំបន់ជុំវិញកោះតៃវ៉ាន់។

ទោះបីមិនមានការបាញ់គ្រាប់ពិតក៏ដោយ ប៉ុន្តែកងទ័ពជប៉ុន និងសហរដ្ឋអាមេរិក នឹងធ្វើការចែករំលែកព័ត៌មាន អំពីគោលដៅសត្រូវរួមគ្នា និងអនុវត្តរួមគ្នានូវនីតិវិធីនៃការបាញ់មីស៊ីល។

យោងតាម SBS News, ការបញ្ចេញសាច់ដុំយោធានេះ ធ្វើឡើងក្រោមសេណារីយ៉ូការពារការប៉ុនប៉ងចូលលុកលុយ និងវាយប្រហារលើប្រជុំកោះ Nansei របស់ជប៉ុន។

ប៉ុន្តែប្រភពបញ្ជាក់ថា នេះជាការវិវត្តដ៏សំខាន់មួយក្នុងសម្ព័ន្ធភាពយោធារវាងប្រទេសទាំងពីរ ដោយសារសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ជប៉ុន ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការប្រតិបត្តិការរួមគ្នា ដើម្បីឆ្លើយតបនឹងការពង្រីកឥទ្ធិពលយោធារបស់ចិន និងកម្មវិធីនុយក្លេអ៊ែរ រួមទាំងមីស៊ីលរបស់កូរ៉េខាងជើង។

ល្បែងសង្គ្រាមនេះទៀតសោត ក៏ជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងគោលនយោបាយសន្តិសុខក្រោយសម័យសង្គ្រាមរបស់ជប៉ុន ដែលស្ថិតក្រោមរដ្ឋធម្មនុញ្ញ ដែលបានបោះបង់ចោលសិទ្ធិធ្វើសង្គ្រាម៕

ប្រភព ៖ Kyodo News និង SBS News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា