រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នៅទីក្រុងញូវយ៉ក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ថាកម្ពុជាយល់ច្បាស់អំពីតម្លៃនៃទំនុកចិត្ត ដោយផ្អែកលើប្រវត្តិសាស្ត្ររបស់ខ្លួនផ្ទាល់។ ប្រទេសរបស់យើង បានឆ្លងកាត់ជម្លោះ ការប្រល័យពូជសាសន៍ ការបែកបាក់ និងទុក្ខវេទនារបស់ប្រជាជនយ៉ាងធ្ងន់ធ្ងរ អស់ រយៈពេលជាច្រើនទសវត្សរ៍។ កម្ពុជាបានកសាងសន្តិភាពឡើងវិញតាមការសន្ទនា ការកសាងជំនឿ ទំនុកចិត្ត ព្រមទាំងសេចក្តីក្លាហានផ្នែកនយោបាយ និងគតិបណ្ឌិត ដែលស្តែងចេញតាមរយៈ «នយោបាយ ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សា និងឯកភាពជាតិ។ 

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា បទពិសោធន៍នេះនៅតែជាកត្តាកំណត់លើវិធីសាស្ត្ររបស់កម្ពុជាក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ និងការ ប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី រួមទាំងជម្លោះពាក់ព័ន្ធនិងព្រំដែនកម្ពុជា-ថៃផងដែរ។

ក្នុងស្មារតីនេះ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសហគមន៍អន្តរជាតិ ដែលបានបន្តយក ចិត្តទុកដាក់ ចូលរួមចំណែក និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវដំណោះស្រាយ ដោយសន្តិវិធី និងយូរអង្វែងចំពោះជម្លោះនេះ។

ប្រមុខការទូតកម្ពុជាអះអាងថា ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ។ ក្រៅពីការធ្វើឱ្យទំនាក់ទំនងមានភាពតានតឹង ជម្លោះនេះបានបន្សល់ទុកនូវស្លាកស្នាមដ៏ ជ្រាលជ្រៅ និងយូរអង្វែង រួមទាំងការខូចខាតដល់បេតិកភណ្ឌវប្បធម៌ និងការបន្តគំរាមកំហែងពីសំណាក់ គ្រាប់មិនទាន់ផ្ទុះ ជាដើម។ ទោះជាយ៉ាងក្តី ភូមិសាស្ត្របានចងភ្ជាប់ប្រទេសយើងជាមួយគ្នា។ ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ប្រទេសទាំងពីរត្រូវរួមរស់ក្បែរគ្នាជានិច្ច ហើយសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជនយើង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ ដូច្នេះ ការកសាងទំនុកចិត្តឡើងវិញ មិនមែនគ្រាន់តែជារឿងដែលយើងចង់បានប៉ុណ្ណោះទេ ប៉ុន្តែវាជាកត្តាចាំបាច់សម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគី និងសម្រាប់ការយកចិត្តទុកដាក់រួមរបស់យើង ដែលចង់មានសន្តិភាពយូរអង្វែង និងទំនាក់ទំនងជាប្រទេស ជិតខាងល្អនឹងគ្នា។ សម្រាប់កម្ពុជាការស្តារទំនុកចិត្តឡើងវិញត្រូវតែផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង។ 

ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា  នេះជាការចាំបាច់ដែលត្រូវមានការអនុវត្តប្រកបដោយប្រសិទ្ធភាពពេញលេញ និងសុឆន្ទៈ ចំពោះរាល់ការព្រមព្រៀងគ្នា ក្នុងនោះរួមមានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កុងសង់ស៊ីសហ៊ូសៀន (Fuxian Consensus) និងជាពិសេសសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំង ពីរបានប្តេជ្ញាចិត្តបដិសេធការគំរាមកំហែង ឬការប្រើកម្លាំង និងការគោរពខណ្ឌសីមាព្រំដែនអន្តរជាតិ ក៏ដូច ជាការអនុវត្តវិធានការជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ និងជំរុញ ប្រក្រតីភាពទំនាក់ទំនងទ្វេភាគី។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងចំណោមវិធានការទាំងនេះ ការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែន របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន នឹងរួមចំណែកយ៉ាងសំខាន់ដល់ការដោះស្រាយបញ្ហាទាមទារ នានា ដែលនៅសេសសល់ពាក់ព័ន្ធនឹងព្រំដែន និងការបង្កើតខ្សែព្រំដែនមួយដ៏ច្បាស់លាស់ដែលភាគី ទាំងពីរទទួលស្គាល់ទៅវិញទៅមក ដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ អ្វីដែលមានសារៈសំខាន់ដូចគ្នាដែរ ហើយមានផលប៉ះពាល់ ដោយផ្ទាល់លើផ្នែកមនុស្សធម៌ នោះគឺការមិនអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានខ្លួនវិញបានរបស់ប្រជា ពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ ដោយសារការបន្តកាន់កាប់ ការរារាំងរបស់កម្លាំងយោធាថៃ។ ដូចដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានលើកឡើងនៅពេលចុះទៅពិនិត្យ តំបន់ព្រំដែនកាលពីខែកក្កដាកន្លងទៅថា «ពួកគេត្រូវការ និងសមទទួលបាននូវការអនុញ្ញាតឱ្យ វិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ»។

ដោយ៖ពលជ័យ

ទាវ សារៈមុនិន្ទ

ទាវ សារៈមុនិន្ទ

ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា