កិច្ចប្រជុំមហាសន្និបាត អ.ស.ប.៖ ប្រមុខការទូតកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងពហុភាគីនិយម ការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ការពារអធិបតេយ្យនិងបូរណភាពដែនដីរបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កិច្ចប្រជុំមហាសន្និបាត អ.ស.ប.៖ ប្រមុខការទូតកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងពហុភាគីនិយម ការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ការពារអធិបតេយ្យនិងបូរណភាពដែនដីរបស់ខ្លួន

កិច្ចប្រជុំមហាសន្និបាត អ.ស.ប.៖ ប្រមុខការទូតកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងពហុភាគីនិយម ការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ការពារអធិបតេយ្យនិងបូរណភាពដែនដីរបស់ខ្លួន

នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវឲ្យមានការអនុវត្តឱ្យបានពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ រួមមាន សេចក្តីប្រកាសរួមទីក្រុង កូឡាឡាំពួរ កិច្ចព្រមព្រៀងកុងសង់ស៊ីសហ៊ូសៀន (Fuxian Consensus) និងសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងការបន្តសកម្មភាពខណ្ឌសីមានិងវាស់វែងព្រំដែននៃគណៈកម្មការព្រំដែនរួម (JBC) ជាប្រញាប់។ 

ឯកឧត្តមក៏បានគូសបញ្ជាក់ពីការខូចខាតបេតិកភណ្ឌវប្បធម៌ ការបារម្ភចំពោះការគំរាម កំហែងដែលបង្កដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងស្ថានភាពមនុស្សធម៌របស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង ២០,០០០ នាក់ ដែលត្រូវបានភៀសសឹក និងមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ចំពោះការ ទាមទារដែនសមុទ្រ ឯកឧត្តមបានបញ្ជាក់ជាថ្មីពីផ្តួចផ្តើមរបស់កម្ពុជាក្នុងដំណើរការនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានលុបអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ដោយឯកតោភាគី ដើម្បីការពារសិទ្ធិដែនសមុទ្រអធិបតេយ្យរបស់កម្ពុជា ស្រប តាមច្បាប់អន្តរជាតិ។

លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន រួមទាំងតាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការសហការជាមួយការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងបទល្មើស (UNODC) និងអង្គការប៉ូលីសអន្តរជាតិ(INTERPOL) ព្រមទាំង បានប្រកាសពីភាពត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ពីថ្ងៃទី១៥–១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ឯកឧត្តម ក៏បានបញ្ជាក់ជាថ្មីពីការចូលរួមចំណែក យ៉ាងយូរអង្វែងរបស់កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាព អ.ស.ប. ដោយបានបញ្ជូនកងកម្លាំងមួកខៀវកម្ពុជា ជាង ១០,០០០ នាក់ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

តាមរយៈការចូលរួមយ៉ាងសកម្ម និងប្រកបដោយស្មារតីស្ថាបនានៅក្នុងមហាសន្និបាត អ.ស.ប. លើកទី៨១ កម្ពុជាបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងពហុភាគីនិយម ការពារធម្មនុញ្ញអង្គការ សហប្រជាជាតិនិងច្បាប់អន្តរជាតិ ការពារអធិបតេយ្យនិងបូរណភាពដែនដីរបស់ខ្លួន ព្រមទាំងធ្វើការយ៉ាង ស្ថាបនាជាមួយដៃគូអន្តរជាតិ ដើម្បីឈានទៅសម្រេចបាននូវសណ្តាប់ធ្នាប់អន្តរជាតិមួយដែលមានសន្តិភាព បរិយាប័ន្ន ភាពធន់ និងផ្អែកលើវិធានច្បាប់៕

ដោយ៖ពលជ័យ

ទាវ សារៈមុនិន្ទ

ទាវ សារៈមុនិន្ទ

ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា