ប្រាសាទលាក់នាង បង្ហាញភាពរុងរឿងនៃវិស័យសុខាភិបាល និងក្បួនវេជ្ជសាស្ត្រសម័យអង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រាសាទលាក់នាង បង្ហាញភាពរុងរឿងនៃវិស័យសុខាភិបាល និងក្បួនវេជ្ជសាស្ត្រសម័យអង្គរ

ប្រាសាទលាក់នាង បង្ហាញភាពរុងរឿងនៃវិស័យសុខាភិបាល និងក្បួនវេជ្ជសាស្ត្រសម័យអង្គរ

ស្ថិតនៅខាងលិចប្រាសាទតាកែវ ប្រាសាទលាក់នាង ដែលកសាងឡើងនៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧ គឺជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលស្តែងពីភាពរីកចម្រើនជឿនលឿននៃវិស័យសុខាភិបាល និងក្បួនវេជ្ជសាស្ត្របុរាណក្នុងសម័យអង្គរ។
 
ប្រាសាទលាក់នាង ដែលត្រូវបានស្ថាបនាឡើងនៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧ មិនមែនត្រឹមតែជាទីសក្ការបូជាខាងសាសនានោះឡើយ។ ប្រាសាទនេះជាភស្តុតាងប្រវត្តិសាស្ត្រយ៉ាងរស់រវើក ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង ១០២ ដែលធ្លាប់គ្របដណ្ដប់ទូទាំងចក្រភពខ្មែរ។
 
យោងតាមឯកសារដែលបង្ហាញដោយអាជ្ញាធរជាតិអប្សរា ក្នុងសម័យកាលនោះ វិស័យសុខាភិបាលខ្មែរត្រូវបានរៀបចំឡើងដោយឈរលើស្មារតីមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត ក្រោមព្រះរាជហឫទ័យប្រកបដោយទសពិធរាជធម៌នៃព្រះមហាក្សត្រ ដូចដែលមានចារឹកក្នុងសិលាចារឹកមន្ទីរពេទ្យថា «ជំងឺផ្លូវកាយរបស់ប្រជារាស្ត្រ គឺជាជំងឺផ្លូវចិត្តរបស់ព្រះរាជា ហើយទុក្ខឈឺចាប់របស់ប្រជារាស្ត្រ គឺរឹតតែឈឺចាប់ជាងការឈឺចាប់របស់ព្រះរាជាទៅទៀត»។
 
ប្រព័ន្ធសុខាភិបាលបុរាណនេះមានរចនាសម្ព័ន្ធគ្រប់គ្រងយ៉ាងច្បាស់លាស់ និងមានវិជ្ជាជីវៈខ្ពស់ ដោយមានការបែងចែកតួនាទីជាប្រព័ន្ធ រួមមាន៖ គ្រូពេទ្យជំនាញ គិលានុបដ្ឋាយិកា ឱសថការី គ្រូពេទ្យជំនួយ អ្នកថែទាំ និងអ្នកកិនផ្សំថ្នាំ។ លើសពីកន្លែងព្យាបាលជំងឺ មន្ទីរពេទ្យសម័យនោះថែមទាំងជាជម្រកសង្គ្រោះប្រជារាស្ត្រក្រខ្សត់ និងជាទីជួយជ្រោមជ្រែងអ្នកដាច់សង្វែងដោយមានផ្តល់ជូនទាំងម្ហូបអាហាររូបត្ថម្ភទៀតផង។
 
សម្បុកចំណេះដឹងផ្នែកវេជ្ជសាស្ត្រដ៏អស្ចារ្យត្រូវបានស្តែងឡើងយ៉ាងប្រកដប្រជាតាមរយៈបំណែកហោជាងថ្មភក់ដ៏កម្រនៃប្រាសាទលាក់នាង។ ចម្លាក់នោះបានបង្ហាញពីរូបភាពគ្រូពេទ្យបុរាណកំពុងលូកដៃទៅសង្កត់លើកដៃរបស់អ្នកជំងឺដើម្បី «ស្ទង់ជីពចរ» យ៉ាងល្អិតល្អន់។ នេះជាវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យយ៉ាងស្ទាត់ជំនាញ ដើម្បីវាយតម្លៃចង្វាក់បេះដូង លំហូរឈាម និងស្ថានភាពសរីរាង្គខាងក្នុង មុននឹងសម្រេចចិត្តផ្សំថ្នាំបុរាណ ឬជ្រើសរើសវិធីព្យាបាល។
 
ចម្លាក់នៅប្រាសាទលាក់នាងមិនត្រឹមតែជានិមិត្តរូបនៃសិល្បៈរចនាបថបាយ័នដ៏រស់រវើកប៉ុណ្ណោះទេ ប៉ុន្តែជា «ឯកសារប្រវត្តិសាស្ត្រវេជ្ជសាស្ត្រ» ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបញ្ជាក់យ៉ាងច្បាស់ថាដូនតាខ្មែរមានចំណេះដឹងជ្រៅជ្រះ និងមានក្បួនខ្នាតវេជ្ជសាស្ត្រត្រឹមត្រូវតាំងពីមួយពាន់ឆ្នាំមុនមកម៉្លេះ។
 
ការឈានជើងចូលទស្សនាប្រាសាទលាក់នាង គឺជាការធ្វើដំណើរត្រឡប់ទៅស្វែងយល់ពីឫសគល់នៃបេតិកភណ្ឌវេជ្ជសាស្ត្រជាតិ ដែលជាមោទនភាពដ៏ខ្ពង់ខ្ពស់ និងជាកេរដំណែលដូនតាដែលកូនខ្មែរគ្រប់រូបត្រូវរួមគ្នារក្សា ការពារ និងលើកតម្កើងឱ្យបានគង់វង្ស៕
ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា