ការរួមគ្នាគាំពារសង្គមជួយឱ្យប្រជាពលរដ្ឋរួចផុតពីភាពក្រីក្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការរួមគ្នាគាំពារសង្គមជួយឱ្យប្រជាពលរដ្ឋរួចផុតពីភាពក្រីក្រ

ការរួមគ្នាគាំពារសង្គមជួយឱ្យប្រជាពលរដ្ឋរួចផុតពីភាពក្រីក្រ

ការគាំពារសង្គម មានសារៈសំខាន់ក្នុងការជួយប្រជាពលរដ្ឋឱ្យរួចផុតពីភាពក្រីក្រ និងការលំបាកក្នុងជីវភាព ព្រមទាំងរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការវាយតម្លៃយុទ្ធសាស្ត្រទំនាក់ទំនងស្តីពីការគាំពារសង្គមនៅកម្ពុជា» កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

លោក ចឿង ធានី ប្រធាននាយកដ្ឋានគាំទ្រប្រតិបត្តិ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានគូសបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើឱ្យការងារទំនាក់ទំនង និងការផ្សព្វផ្សាយស្តីពីការគាំពារសង្គម កាន់តែមានសុខដុមនីយកម្ម សង្គតិភាព និងប្រសិទ្ធភាព ទាំងក្នុងទិដ្ឋភាពគោលនយោបាយ និងការអនុវត្តជាក់ស្តែង។

ជាមួយគ្នានេះ សិក្ខាសាលាក៏មានគោលបំណងធានាថា ប្រជាពលរដ្ឋ និងអ្នកទទួលផលពីរបប និងកម្មវិធីគាំពារសង្គម ដែលរាជរដ្ឋាភិបាលបានដាក់ចេញ អាចទទួលបានព័ត៌មានគ្រប់គ្រាន់ ត្រឹមត្រូវ និងទាន់ពេលវេលា។

លោកបានបញ្ជាក់ថា មតិយោបល់ និងធាតុចូលដែលទទួលបានពីសិក្ខាសាលានេះ នឹងក្លាយជាមូលដ្ឋានសម្រាប់កែលម្អការងារគាំពារសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងជួយឱ្យគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាសាធារណជន កាន់តែយល់ដឹងស៊ីជម្រៅអំពីការផ្តល់សេវាគាំពារសង្គមជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដែលបានចូលរួមក្នុងសិក្ខាសាលា បានប្រាប់បណ្តាញព័ត៌មាន AMS ថា សិក្ខាសាលានេះមានសារៈសំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ដែលមានតួនាទីទាំងជាប្រតិបត្តិករ និងជាអ្នកគាំទ្រ ក្នុងការអនុវត្តយន្តការគាំពារសង្គមនៅកម្ពុជា។

ឯកឧត្តមបណ្ឌិតបានបន្តថា យុទ្ធសាស្ត្រទំនាក់ទំនង និងផ្សព្វផ្សាយនេះ ត្រូវបានប្រើប្រាស់ជាឧបករណ៍សំខាន់មួយ ដើម្បីជំរុញការអនុវត្តការងារគាំពារសង្គម ឱ្យសម្រេចបាននូវគោលដៅដែលបានកំណត់ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។

ឯកឧត្តមបណ្ឌិត ឈួរ សុបញ្ញា បានបញ្ជាក់បន្ថែមថា ការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងសិក្ខាសាលានេះ មានសារៈសំខាន់យ៉ាងខ្លាំង ព្រោះជាឱកាសសម្រាប់ពិនិត្យមើលថា តើការងារអ្វីខ្លះដែលបានអនុវត្តរួច តើការងារអ្វីខ្លះដែលមិនទាន់បានអនុវត្ត និងតើបញ្ហាប្រឈមអ្វីខ្លះដែលកំពុងជួបប្រទះ។

តាមរយៈការពិភាក្សា និងផ្លាស់ប្តូរយោបល់រួមគ្នា ភាគីពាក់ព័ន្ធអាចស្វែងរកដំណោះស្រាយ ដើម្បីធ្វើឱ្យការផ្តល់សេវាគាំពារសង្គម កាន់តែមានប្រសិទ្ធភាព រហ័ស និងឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលពីគោលនយោបាយ និងកម្មវិធីគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។

រូបភាព៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា