ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីជំរុញសិស្សជ័យលាភីនៅខេត្តកំពតឱ្យចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត AI និងភាសាអង់គ្លេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីជំរុញសិស្សជ័យលាភីនៅខេត្តកំពតឱ្យចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត AI និងភាសាអង់គ្លេស

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីជំរុញសិស្សជ័យលាភីនៅខេត្តកំពតឱ្យចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត AI និងភាសាអង់គ្លេស

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកទឹកចឹត្តឱ្យសិស្សានុសិស្ស ឱ្យចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ ប៉ុន្តែត្រូវប្រកបដោយការគិតពិចារណាឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់រៀនសូត្រភាសាអន្តរជាតិ ពិសេសភាសាអង់គ្លេស ដែលជាស្ពានចម្លងដ៏សំខាន់សម្រាប់ស្វែងយល់ពីចំណេះដឹងទូទាំងពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ទូទាំងខេត្តកំពតជាង ៥ពាន់នាក់ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៦។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពតផងដែ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរដល់សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរនៅពេលប្រឡង។ ឯកឧត្តមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលប្រៀបបាននឹងឪពុកម្តាយទីពីរ ក្នុងការអប់រំទូន្មាន ក៏ដូចជាមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបីបាច់ថែរក្សាកូនចៅ ឱ្យបានរៀនសូត្រចប់ចុងចប់ដើម ។

ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលក្នុងការកសាង និងពង្រីកទាំងផ្នែកធនធានមនុស្ស វប្បធម៌អប់រំ ព្រមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ផ្លូវថ្នល់ និងបណ្តាញផ្សេងៗ ដើម្បីជំរុញឱ្យខេត្តកំពតក្លាយជាខេត្ត ដែលមានសេដ្ឋកិច្ចរីកចម្រើន និងជាគោលដៅទេសចរណ៍ ដ៏មានតម្លៃ ។

ឯកឧត្តម សាយ សំអាល់ បានក្រើនរំលឹកដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូឱ្យចេះប្រើប្រាស់ឧបករណ៍ ក៏ដូចជាបច្ចេកវិទ្យាទំនើបៗ ដូចជាបញ្ញាសិប្បនិម្មិត (AI) ជាជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ ប៉ុន្តែត្រូវប្រកបដោយការគិតពិចារណាឱ្យបានត្រឹមត្រូវ ។ ម្យ៉ាងទៀត ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកទឹកចិត្តយ៉ាងខ្លាំងដល់យុវជនជំនាន់ក្រោយឱ្យយកចិត្តទុកដាក់រៀនសូត្រភាសាអន្តរជាតិ ពិសេសភាសាអង់គ្លេស ដែលជាស្ពានចម្លងដ៏សំខាន់សម្រាប់ស្វែងយល់ពីចំណេះដឹងទូទាំងពិភពលោក ។

ដោយឡែក ឯកឧត្តម ប៉ែន ស៊ីម៉ន វិញបានមានប្រសាសន៍ថា ចំណេះដឹង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់មនុស្សក្នុងសម័យបច្ចុប្បន្ន ហើយការប្រឡងជាប់នាពេលនេះ គ្រាន់តែជាជំហានដំបូងសម្រាប់បន្តការសិក្សានៅកម្រិតខ្ពស់ និងអភិវឌ្ឍខ្លួន មិនមែនជាទីបញ្ចប់នៃការរៀនសូត្រនោះទេ។

ឯកឧត្តមបានជំរុញដល់សិស្សានុសិស្សទាំងអស់ បន្តខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាព ដើម្បីយកចំណេះដឹងទៅបម្រើសង្គមជាតិ។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តម ប៉ែន ស៊ីម៉ន បានផ្តល់រង្វាន់ និងថវិកាដល់សិស្សជ័យលាភីសរុប ៤ ៦៩៤នាក់ទៅតាមនិទ្ទេស ក្នុងនោះសិស្សនិទ្ទេស A ទាំង ៦២នាក់ទទួលបានម៉ូតូថ្មីម្នាក់១គ្រឿង។

ជាងនេះទៅទៀត ឯកឧត្តមបានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាចំនួន ១៥០កន្លែង សម្រាប់សិស្សក្នុងខេត្តកំពត ដើម្បីផ្តល់ឱកាសឱ្យពួកគេបន្តការសិក្សា និងពង្រឹងសមត្ថភាព។ ការវិនិយោគលើវិស័យអប់រំនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតយុវជន និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា