លោក Trump ស្នើ ចិន ទិញអាវុធរបស់ សហរដ្ឋអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ស្នើ ចិន ទិញអាវុធរបស់ សហរដ្ឋអាមេរិក

លោក Trump ស្នើ ចិន ទិញអាវុធរបស់ សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន លោក ដេវីដ ភើយូ បានទម្លាយប្រាប់ Fox News ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់សាកសួរប្រមុខដឹកនាំកំពូលចិន លោក ស៊ី ជីនពីង ថាតើទីក្រុងប៉េកាំងមានចំណាប់អារម្មណ៍ចង់ទិញអាវុធពីទីក្រុងវ៉ាស៊ីនតោនដែរឬទេ។
 
ការអះអាងនេះកើតឡើង ចំពេលដែលបញ្ហាលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ កំពុងក្លាយជាចំណុចដ៏រសើបមួយ ក្នុងទំនាក់ទំនងទ្វេភាគីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។
 
មូលហេតុ គឺដោយសារតែមហាយក្សចិនតែងតែចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយប្រឆាំងយ៉ាងដាច់អហង្ការជាប្រចាំ ចំពោះការលក់អាវុធណាមួយរបស់សហរដ្ឋអាមេរិកទៅឱ្យកោះមួយនេះ។
 
 ទោះបីមានការជំទាស់តវ៉ារបស់ចិនក៏ដោយ ក៏សហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធតម្លៃប្រមាណ ១១,១ ពាន់លានដុល្លារ ទៅឱ្យតៃវ៉ាន់កាលពីខែធ្នូ ឆ្នាំ២០២៥ ខណៈដែលកញ្ចប់អាវុធមួយទៀតមានតម្លៃប្រហែល ១៤ ពាន់លានដុល្លារ នៅតែរង់ចាំការអនុម័តប៉ុណ្ណោះ។
 
បើតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន, លោក ត្រាំ តែងតែលើកឡើងថា សហរដ្ឋអាមេរិកបានលក់អាវុធទៅឱ្យប្រទេសជាច្រើនជុំវិញពិភពលោក។ ដូច្នេះហើយ ក្នុងកិច្ចពិភាក្សាជាមួយលោក ស៊ី, លោក Trump ក៏បានសួរថាតើចិនចង់ទិញអាវុធពីសហរដ្ឋអាមេរិកដែរឬទេ។
 
ភ្លាមៗបន្ទាប់ពីបទសម្ភាសន៍ត្រូវបានចាក់ផ្សាយ សេតវិមានបានប្រាប់កាសែត New York Times ថា សហរដ្ឋអាមេរិកគ្មានផែនការលក់អាវុធឱ្យចិនឡើយ។ ចំណែកឯក្រសួងការបរទេសអាមេរិកក៏បានបញ្ជាក់ដែរថា ច្បាប់របស់សហរដ្ឋអាមេរិក គឺហាមឃាត់ដាច់ខាតការលក់អាវុធទៅឱ្យចិន។
 
យ៉ាងណា សំណួររបស់លោក ត្រាំ ត្រូវបានគេមើលឃើញថា អាចគ្រាន់តែជាយុទ្ធសាស្ត្រចរចា ឬជាការនិយាយបែបបញ្ឈឺ ឬក៏លេងសើចតាមទម្លាប់របស់លោកតែប៉ុណ្ណោះ ព្រោះតាមផ្លូវច្បាប់ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មហាមឃាត់ការលក់អាវុធទៅឱ្យចិន តាំងពីឆ្នាំ ១៩៨៩ មកម្ល៉េះ៕
 
ប្រភព ៖ Fox News និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា