ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងកម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងកម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងកម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោកជំទាវបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នូវែលសេឡង់-កម្ពុជា។ លោកជំទាវបានគូសបញ្ជាក់ថា នូវែលសេឡង់ និងកម្ពុជា គឺជាប្រទេសជាមិត្ត និងជាដៃគូរដ៏យូរលង់ ហើយនូវែលសេឡង់មានមោទនភាពចំពោះការចូលរួមចំណែកគាំទ្រដល់ដំណើរការស្ដារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​ នាពេលកន្លងមក។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ លើវិស័យសំខាន់ៗ រួមមាន៖ ការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការគ្រប់គ្រងធនធានទឹក, ការប្រែប្រួលអាកាសធាតុ, បរិស្ថាន, កសិកម្ម, ការលើកកម្ពស់ស្ត្រី និងយុវជន, និងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវែលសេឡង់។ បន្ថែមពីនេះ, លោកជំទាវបានទទួលស្គាល់តួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងតំបន់ ព្រមទាំងថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រទៅដល់ការដំឡើងកម្រិតទំនាក់ទំនង នូវែលសេឡង់-អាស៊ាន ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ លោកជំទាវបានសង្កត់ធ្ងន់ថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ, លោកជំទាវនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នូវែលសេឡង់-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី​ និងតំបន់។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសនូវែលសេឡង់​ ប្រចាំកម្ពុជា និង បានបង្ហាញនូវជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវ​បានបន្តពូនជ្រំឱ្យកាន់តែរីកចម្រើន​ និង រឹងមាំបន្ថែមទៀត។ ជាមួយនឹងការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ, សម្ដេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀតដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង​ និង​ កិច្ចសហប្រតិបត្តិការ។ សម្ដេចធិបតីក៏បានសម្ដែងនូវការអរគុណចំពោះការរួមចំណែករបស់ប្រទេសនូវែលសេឡង់ ក្នុងការដំណើរការស្ដារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, ការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវែលសេឡង់ និងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក៏ដូចជាកងកម្លាំងរក្សាសន្តិភាពសម្រាប់បេសកកម្មមនុស្សធម៌ និងរក្សាសន្តិភាពអន្តរជាតិក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ជាដើម។

សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនលើវិស័យសំខាន់ៗ ប្រកបដោយសក្តានុពល រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ការផ្ទេរបច្ចេកវិទ្យាថ្មី, ថាមពលកកើតឡើងវិញ, ទេសចរណ៍, ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ, ក៏ដូចជាការតភ្ជាប់ប្រជាជន និងប្រជាជន។

មុននឹងបញ្ចប់ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យលោកជំទាវឯកអគ្គរដ្ឋទូតបន្តកិច្ចសហការ និងភ្ជាប់ទំនាក់ទំនងឱ្យបានកាន់តែជិតស្និទ្ធ ជាមួយក្រសួងស្ថាប័នកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន​ និងរឹងមាំបន្ថែមទៀត៕
ប្រភព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា