អាល្លឺម៉ង់និងរុស្ស៊ីជួបគ្នាលើកដំបូង តាំងពីមានការវាយចូលអ៊ុយក្រែន ក្នុងឆ្នាំ២០២២ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់និងរុស្ស៊ីជួបគ្នាលើកដំបូង តាំងពីមានការវាយចូលអ៊ុយក្រែន ក្នុងឆ្នាំ២០២២

អាល្លឺម៉ង់និងរុស្ស៊ីជួបគ្នាលើកដំបូង តាំងពីមានការវាយចូលអ៊ុយក្រែន ក្នុងឆ្នាំ២០២២

អ.ស.ប ៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្ស៊ី និងអាល្លឺម៉ង់ បានជួបគ្នានៅទីក្រុងញូវយ៉ក ក្នុងអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ហើយនេះគឺជាកិច្ចពិភាក្សាទ្វេភាគីលើកដំបូង ចាប់តាំងរុស្ស៊ីបើកប្រតិបត្តិការយោធាលុកលុយចូលទឹកដីអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ខណៈទីក្រុងមូស្គូហៅថា ជាប្រតិបត្តិការយោធាពិសេស។

បើតាម Straits Times, ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៊ែរឡាំងដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ុយក្រែន ត្រូវបានកាត់ផ្តាច់ ឬ ជាប់គាំងចាប់តាំងឆ្នាំ២០២២មក ហើយភាពតានតឹងបានកើនឡើងថែមទៀត បន្ទាប់ពីមានហេតុការណ៍ទាក់ទងនឹងយន្តហោះគ្មានមនុស្សបើកនៅឯព្រលានយន្តហោះ Leipzig/Halle ក្នុងភាគខាងកើតប្រទេសអាល្លឺម៉ង់ កាលពីខែសីហា។

ក្នុងសញ្ញាបង្ហាញពីភាពត្រជាក់ត្រជុំនៃទំនាក់ទំនងដែលនៅតែបន្តនោះ, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់សន្និសីទសារព័ត៌មានថា លោកមិនទទួលបានព័ត៌មានថ្មីអ្វីឡើយពីសមភាគីអាល្លឺម៉ង់របស់លោក នៅក្នុងកិច្ចពិភាក្សានោះ ដែលខុសប្លែកពីអ្វីដែលទីក្រុងប៊ែរឡាំងបាននិយាយជាសាធារណៈរួចហើយ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ខ្លួន។

លោក Lavrov បាននិយាយថា «ខ្ញុំបានប្រាប់គាត់ដោយត្រង់ថា… អ្នកគ្រាន់តែអាចទូរស័ព្ទមកខ្ញុំ ហើយនិយាយថា សូមអានសេចក្តីថ្លែងការណ៍របស់ខ្ញុំទៅ ក៏បានដែរ»។

យ៉ាងណាក៏ដោយ បើតាមមន្ត្រីមកពីភាគីទាំងពីរ, លោក Johann Wadephul រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និង លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និង សង្គ្រាមនៅអ៊ុយក្រែន។

ប្រភពពីគណៈប្រតិភូអាល្លឺម៉ង់មួយរូបបាននិយាយថា ប្រមុខការទូតអាល្លឺម៉ង់ បានប្រើប្រាស់កិច្ចពិភាក្សានេះដើម្បីជំរុញឱ្យលោក Lavrov ធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីការនាំចេញធញ្ញជាតិឆ្លងកាត់សមុទ្រខ្មៅ។

កិច្ចប្រជុំនេះធ្វើឡើងចំពេលដែលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីស្តារឡើងវិញនូវការនាំចេញធញ្ញជាតិ ព្រមទាំង ថាមពលរបស់រុស្ស៊ី និងអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅ ដែលត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ដោយសារការវាយប្រហារលើនាវា និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ។

ជាមួយគ្នានេះ, លោក Lavrov បានប្រាប់សន្និសីទសារព័ត៌មានដែរថា រុស្ស៊ីបាននិងកំពុងពិភាក្សាជាមួយប្រទេសឥណ្ឌា, អេហ្ស៊ីប និងតួកគី អំពីសំណើដើម្បីធានាការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព នៅក្នុងសមុទ្រខ្មៅ ដែលអាចពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទ្វេភាគី រវាងរុស្ស៊ី និងប្រទេសទាំងនោះ៕

ប្រភព ៖ Straits Times, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា