ក្រសួងការពារជាតិប្រកាសជ្រើសរើសយុវជនចូលបំពេញកាតព្វកិច្ចយោធា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការពារជាតិប្រកាសជ្រើសរើសយុវជនចូលបំពេញកាតព្វកិច្ចយោធា​

ក្រសួងការពារជាតិប្រកាសជ្រើសរើសយុវជនចូលបំពេញកាតព្វកិច្ចយោធា​

ក្រសួងការពារជាតិ តាមរយៈគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានប្រកាសឱ្យពលរដ្ឋគ្រប់អាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ដែលចង់ចូលបំពេញកាតព្វកិច្ចយោធា ត្រូវទៅទទួលពាក្យ និងដាក់ពាក្យសុំចូលចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។
 
ក្រសួងការពារជាតិ បានបញ្ជាក់ថា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នឹងចាប់ផ្ដើមចែកពាក្យចូលបំពេញកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី ១០ ខែតុលា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦ នៅគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់បេក្ខជនផ្ទាល់។
 
យុវជនដែលចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល ក្នុងមួយខែ ព្រមទាំងគោលរបបផ្សេងៗទៀតដូចយោធិនអាជីពដែរ ក្នុងនោះមានប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន របបអង្ករប្រចាំថ្ងៃ របបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខារចាំបាច់មួយចំនួនទៀត។
 
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់មាតា បិតា អាណាព្យាបាល និងប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រផ្ដល់កម្លាំងចិត្ត និងជួយឱ្យយុវជនយល់ច្បាស់អំពីគោលបំណងនៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ព្រោះការគាំទ្ររបស់ក្រុមគ្រួសារ និងសង្គម មានសារៈសំខាន់បំផុតចំពោះការត្រៀមខ្លួនរបស់យុវជន។
 
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បញ្ជាក់ថា ដំណើរការជ្រើសរើសត្រូវអនុវត្តតាមលក្ខខណ្ឌ និងនីតិវិធីដែលបានកំណត់ប្រកបដោយតម្លាភាព និងស្មើភាព។ ការចូលរួមហ្វឹកហាត់នឹងធ្វើឱ្យយុវជនពង្រឹងកម្លាំងកាយ ចិត្តគំនិត វិន័យប្រកបដោយជំនាញបទពិសោធន៍ និងអាចបង្កើនភាពជឿជាក់ មានទំនុកចិត្តកាន់តែប្រសើរ មានមូលដ្ឋានល្អសម្រាប់ការសិក្សាការងារ និងជីវិតក្រោយពេលបញ្ចប់ការអនុវត្តកាតព្វកិច្ចយោធានេះ។
 
ប្រទេសជាតិ​ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំងធនធានមនុស្សប្រកបដោយគុណភាពការអនុវត្តកាតព្វកិច្ចយោធា និងផ្តល់នូវចំណេះដឹងវិន័យស្មារតីជួយគ្នាការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួនដែលអាចចូលរួមចំណែកក្នុងការបម្រើជាតិមាតុភូមិនៃយើង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឧបនាយករដ្ឋមន្រ្តី ទៀ សីហា។
 
លោក មាស នី អ្នកឃ្លាំមើលសង្គម ចាត់ទុកការអនុវត្តកាតព្វកិច្ចយោធា គឺជារឿងសំខាន់ និងជាពេលវេលាស្របពេលដែលកម្ពុជា ចាំបាច់ត្រូវការពង្រឹងវិស័យការពារជាតិ។ អ្នកវិភាគរូបនេះ ស្នើឲ្យសង្គមជាតិផ្ដល់តម្លៃ និងការលើកទឹកចិត្តដល់អ្នកបម្រើការងារក្នុងវិស័យការពារជាតិ គ្រប់កាលៈទេសៈ មិនមែនតែពេលមានសង្គ្រាមនោះទេ។
 
 
រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូង គឺសំដៅពង្រឹងកម្លាំងការពារជាតិ។ ការចូលចំពេញកាតព្វកិច្ចយោធា ត្រូវអនុវត្តដោយស្ម័គ្រចិត្ត និងតាមការចាប់ឆ្នោត។ យុវជនដែលមានចាប់ពីអាយុ ១៨ឆ្នាំ ដល់២៥ឆ្នាំ ត្រូវចូលបំពេញកាតព្វកិច្ចយោធា រយៈពេល ២៤ខែ។
 
បន្ទាប់ពីអនុវត្តកាតព្វកិច្ចយោធាចប់ ពួកគេអាចវិលទៅជីវភាពស៊ីវិលវិញបាន ហើយក៏អាចចូលទៅបំពេញការងារក្នុងស្ថាប័ន ឬក្រុមហ៊ុនដើមវិញបាន ដោយរក្សាតំណែងដូចមុនពេលបំពេញកាតព្វកិច្ចយោធា៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា