ចិន និងអាមេរិក លុបចោលពន្ធ ៦០ ពាន់លានដុល្លារលើមុខទំនិញនាំចូលទៅវិញទៅមក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន និងអាមេរិក លុបចោលពន្ធ ៦០ ពាន់លានដុល្លារលើមុខទំនិញនាំចូលទៅវិញទៅមក

ចិន និងអាមេរិក លុបចោលពន្ធ ៦០ ពាន់លានដុល្លារលើមុខទំនិញនាំចូលទៅវិញទៅមក

ប៉េកាំង, វ៉ាស៊ីនតោន ៖ ប្រទេសចិន និង សហរដ្ឋអាមេរិក បានយល់ព្រមកាត់បន្ថយពន្ធដែលបានដាក់លើទំនិញនាំចូលពីគ្នាទៅវិញទៅមកក្នុងតម្លៃ ៦០ ពាន់លានដុល្លារ ។ នេះបើតាមការបញ្ជាក់របស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ។

លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនិយាយថា ការយល់ព្រមកាត់បន្ថយពន្ធលើមុខទំនិញទាំងនេះ គឺគ្របដណ្តប់លើផលិតផលជាច្រើនប្រភេទ រាប់ចាប់ពីផ្លែពោតរបស់អាមេរិក រហូតដល់គ្រឿងសម្អាង, ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ចិន និងរួមទាំងប្រដាប់ប្រដាក្មេងលេង ផលិតនៅប្រទេសទាំងពីរផងដែរ ។

លោក Jamieson Greer អះអាងថា នេះគឺជាការបើកផ្លូវឱ្យមានលទ្ធភាពចូលទៅកាន់ទីផ្សារកាន់តែប្រសើរសម្រាប់ទំនិញនាំចេញរបស់អាមេរិក ទៅកាន់ប្រទេសចិន ប្រហែល ៣០% ។

បើតាម Reuters, ការកាត់បន្ថយពន្ធទៅវិញទៅមកនេះ បានកើតមានជាមួយនឹង ការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងមហាអំណាចទាំងពីរ ។

ជាមួយគ្នានេះ វាក៏ជាសមិទ្ធផលដែលកើតចេញពីកិច្ចប្រជុំកំពូល លើកទីពីរ រវាងលោកប្រធានាធិបតី Xi Jinping និងលោកប្រធានាធិបតី Donald Trump ដែលបានធ្វើឡើង នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនផងដែរ ។

ក្រសួងពាណិជ្ជកម្មចិននិយាយនៅថ្ងៃចន្ទនេះថា ការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧ នឹងផ្តល់ឱកាសឱ្យភាគីទាំងពីរវាយតម្លៃលើកិច្ចព្រមព្រៀង ដែលកំពុងដំណើរការ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំង ពិចារណាអំពីរបៀបជំរុញវឌ្ឍនភាពលើវិស័យទាំងនោះដូចគ្នា ។

ក្រសួងពាណិជ្ជកម្មចិនបញ្ជាក់ថា ភាគីទាំងពីរក៏នឹងរៀបចំកិច្ចពិភាក្សាជាប្រចាំអំពីឱកាស និងឧបសគ្គនានាសម្រាប់ការវិនិយោគ ព្រមទាំង ការដោះស្រាយកង្វល់របស់វិស័យធុរកិច្ចផងដែរ ៕

ប្រភព Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា