ព្រះសង្ឃដំឡើងជណ្ដើរយន្តឡើងភ្នំសំបុក ខេត្តក្រចេះ ដើម្បីសម្រួលដល់ពលរដ្ឋ និងអ្នកទេសចរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះសង្ឃដំឡើងជណ្ដើរយន្តឡើងភ្នំសំបុក ខេត្តក្រចេះ ដើម្បីសម្រួលដល់ពលរដ្ឋ និងអ្នកទេសចរ

ព្រះសង្ឃដំឡើងជណ្ដើរយន្តឡើងភ្នំសំបុក ខេត្តក្រចេះ ដើម្បីសម្រួលដល់ពលរដ្ឋ និងអ្នកទេសចរ

រមណីយដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌ភ្នំសំបុកដ៏ល្បីល្បាញ ក្នុងខេត្តក្រចេះ កំពុងអនុវត្តគំនិតផ្តួតផ្តើមថ្មីមួយទៀត តាមរយៈការដំឡើងជណ្ដើរយន្តឡើងភ្នំប្រវែង ៥០ ម៉ែត្រ ដែលជាស្នាដៃ និងបច្ចេកទេសដំឡើងដោយកូនខ្មែរសុទ្ធសាធ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ។

វត្តភ្នំសំបុក ក្នុងឃុំថ្មគ្រែ ស្រុកក្រចេះ ខេត្តក្រចេះ បានផ្តួចផ្តើមកសាងជណ្ដើរយន្តមួយឡើងភ្នំប្រវត្តិសាស្រ្តនេះ ដែលមានប្រវែង ៥០ ម៉ែត្រ ​ទទឹង ៣ ម៉ែត្រ និងមានប្រអប់សម្រាប់ឡើងមួយ និងចុះមួយ។

ព្រះតេជគុណ អ៊ុន ហេន ចៅអធិការវត្តភ្នំសំបុក មានសង្ឃដីកាថា គម្រោងនេះផ្តើមចេញពីបំណងប្រាថ្នាចង់សម្រួលដល់មនុស្សចាស់ កុមារ អ្នកមានជំងឺ ជាពិសេសអ្នកខ្សោយកម្លាំងជើង ឱ្យមានឱកាសឡើង-ចុះ ដោយងាយស្រួល ដើម្បីធ្វើបុណ្យទាន ឬទស្សនាកម្សាន្តនៅលើកំពូលភ្នំប្រវត្តិសាស្រ្តមួយនេះ។

បើតាមព្រះតេជគុណ អ៊ុន ហេន ការសាងសង់ និងការដំឡើងបច្ចេកទេសគ្រឿងឧបករណ៍ទាំងមូលនៃជណ្ដើរយន្តនេះ គឺធ្វើឡើងដោយក្រុមជាងជាកូនខ្មែរ ដោយមិនបាននាំចូលគ្រឿងសម្ភារពីខាងក្រៅឡើយ។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ៤ ម៉ឺនដុល្លារ ដែលបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនទូទៅ ទាំងក្នុង និងក្រៅប្រទេស។

បច្ចុប្បន្ន ការសាងសង់សម្រេចបានរហូតដល់ ៩០% ហើយ បន្ទាប់ពីដំណើរការបានរយៈពេល ២ ខែ ហើយរំពឹងថានឹងបញ្ចប់ជាស្ថាពរក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។ ព្រះចៅអធិការវត្តបានបង្ហាញក្តីសង្ឃឹមថា បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការ ជណ្ដើរយន្តនេះនឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ដែលជួយទាក់ទាញប្រជាពលរដ្ឋ ក៏ដូចជាទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅភ្នំសំបុកកាន់តែច្រើនឡើង។

សូមបញ្ជាក់ថា វត្តភ្នំសំបុក មិនត្រឹមតែជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលប្រតិបត្តិវិបស្សនាកម្មដ្ឋាន និងជាទីតាំងសម្រាកលំហែកាយយ៉ាងស្រស់បំព្រងរបស់ខេត្តក្រចេះផងដែរ។

មន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា សំបុក គឺជាកូនភ្នំតូចមួយដែលមានកម្ពស់ប្រមាណ ៧០ ម៉ែត្រ អមទៅដោយរុក្ខជាតិតូចធំយ៉ាងខៀវស្រងាត់។ ក្រៅពីណ្តើរយន្ត ភ្នំនេះមានរៀបចំជណ្ដើរថ្មឡើងចំនួន ៣ ជាន់ ដែលភ្ញៀវទេសចរអាចជ្រើសរើសធ្វើដំណើរឡើងទៅដល់ជាន់ទី១ តាមរយៈការដើរឡើងតាមជណ្ដើរថ្ម ឬបើកបរយានយន្តឡើងតាមផ្លូវបេតុងព័ទ្ធជុំវិញភ្នំបានយ៉ាងងាយស្រួល៕ ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា