កសិដ្ឋានចិញ្ចឹមក្រពើនៅសៀមរាប និងប៉ោយប៉ែត មានសុវត្ថិភាពខ្ពស់ ទោះមានការលិចនៅតំបន់ជុំវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កសិដ្ឋានចិញ្ចឹមក្រពើនៅសៀមរាប និងប៉ោយប៉ែត មានសុវត្ថិភាពខ្ពស់ ទោះមានការលិចនៅតំបន់ជុំវិញ

កសិដ្ឋានចិញ្ចឹមក្រពើនៅសៀមរាប និងប៉ោយប៉ែត មានសុវត្ថិភាពខ្ពស់ ទោះមានការលិចនៅតំបន់ជុំវិញ

ទោះបីជាតំបន់មួយចំនួនកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងណាក៏ដោយ អ្នកចិញ្ចឹមក្រពើនៅ ខេត្តសៀមរាប និងក្រុងប៉ោយប៉ែត បានអះអាងថា កសិដ្ឋានរបស់ពួកគាត់នៅតែរក្សាបានសុវត្ថិភាពខ្ពស់ និងគ្មានការព្រួយបារម្ភពីការរួចសត្វក្រពើនោះឡើយ។

អ្នកចិញ្ចឹមក្រពើនៅខេត្តសៀមរាប និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអះអាងពីសុវត្ថិភាព ១០០% នៃកសិដ្ឋានរបស់ខ្លួន ដោយធានាថាក្រពើទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន ទោះជាមានទឹកជំនន់លិចលង់តំបន់ជុំវិញក៏ដោយ។

លោក ញ៉ែម បូរាណ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅខេត្តសៀមរាប បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនាឆ្នាំនេះហាក់មានភាពខ្លាំងក្លាជាងឆ្នាំមុនៗ ប៉ុន្តែមិនបានបង្កផលប៉ះពាល់ដល់អាងចិញ្ចឹមក្រពើជាង ១៥០ក្បាលរបស់លោកនោះទេ។ លោកបានប្រាប់បណ្តាញព័ត៌មាន AMS ថា អាងចិញ្ចឹមក្រពើរបស់លោក ត្រូវបានសាងសង់ឡើងប្រកបដោយសុវត្ថិភាព និងមានរបងព័ទ្ធជុំវិញយ៉ាងខ្ពស់រឹងមាំ ដោយធានាថាសត្វក្រពើមិនអាចរួចចេញក្រៅបានឡើយ។

​ដូចគ្នានេះដែរ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយរូបទៀត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អាងចិញ្ចឹមក្រពើរបស់លោកមានសុវត្ថិភាពខ្ពស់បំផុត ដោយសារកម្ពស់ទឹកនៅឃ្លាតឆ្ងាយពីមាត់អាងជាង ២ម៉ែត្រទៀត ដូច្នេះគ្មានហានិភ័យនៃការលិចនោះឡើយ។

ឯកឧត្តម ប៉ាន់ ខេមប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមក្រពើដោយផ្ទាល់ ដើម្បីសម្រាលការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានណែនាំឱ្យម្ចាស់កសិដ្ឋានបន្ថែមវិធានការសុវត្ថិភាពភ្លាមៗ ទោះបីជាកម្ពស់ទឹកជំនន់បច្ចុប្បន្ននៅទាបជាងឆ្ងាយពីមាត់អាងក៏ដោយ។

ខណៈស្ថានការណ៍នៅកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង ​ក្នុងប្រទេសថៃឯណោះវិញ ក្រពើមួយចំនួន​បានរួចចេញពីកសិដ្ឋាន ជាពិសេសនៅតំបន់ជាប់ព្រំដែនជាមួយកម្ពុជា ដែលជាហេតុបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតាមព្រំដែនផងដែរ។

គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានកសិដ្ឋានចិញ្ចឹមក្រពើប្រមាណ ១៧០កសិដ្ឋាន ក្នុងនោះនៅខេត្តសៀមរាប មានប្រហែល ១០០កសិដ្ឋាន, ខេត្តបាត់ដំបងជាង ២០កសិដ្ឋាន, កំពង់ធំជាង ១០, ខេត្តកណ្តាល ៣, រាជធានីភ្នំពេញ ២, និងនៅខេត្តបន្ទាយមានជ័យ មាន១កសិដ្ឋាន៕ ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា