ACU លាតត្រដាងល្បិចកលមេខ្លោងស្កេមចិន ប្រើប្រាក់គ្រីបតូ និងតូបប្តូរប្រាក់ក្នុងស្រុក លាងលុយកខ្វក់ជាង ២៥០លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ACU លាតត្រដាងល្បិចកលមេខ្លោងស្កេមចិន ប្រើប្រាក់គ្រីបតូ និងតូបប្តូរប្រាក់ក្នុងស្រុក លាងលុយកខ្វក់ជាង ២៥០លានដុល្លារ

ACU លាតត្រដាងល្បិចកលមេខ្លោងស្កេមចិន ប្រើប្រាក់គ្រីបតូ និងតូបប្តូរប្រាក់ក្នុងស្រុក លាងលុយកខ្វក់ជាង ២៥០លានដុល្លារ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលាតត្រដាងពីល្បិចកលដ៏ស្មុគស្មាញរបស់ក្រុមឧក្រិដ្ឋជនអនឡាញ ដែលបានប្រើប្រាស់ប្រាក់ឌីជីថល (Crypto) បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត( AI) និងភ្នាក់ងារប្តូរប្រាក់ក្នុងស្រុក ដើម្បី​បិទបាំង​ប្រភពថវិកាមិនស្របច្បាប់ និងលាងលុយកខ្វក់រហូតដល់ជាង ២៥០លានដុល្លារអាម៉េរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ ACU កាលពីថ្ងៃទី២៨ ខែកញ្ញា បានឱ្យដឹងថា  បច្ចុប្បន្នល្បិច​កលរបស់ក្រុមឧក្រិដ្ឋជនអនឡាញកាន់តែមានភាពស្មុគស្មាញ និងជឿនលឿន ដោយសារការយកបច្ចេកវិទ្យា​បញ្ញាសិប្ប​និម្មិត (AI) មកប្រើប្រាស់ ដែលជួយឱ្យសកម្មភាពឆបោក និងការបិទបាំងអត្តសញ្ញាណមានភាពងាយស្រួល គេចផុតពី​ការ​តាមដានរបស់សមត្ថកិច្ច។

បើតាម ACU ក្រុមឧក្រិដ្ឋជនបានបង្វែរការទូទាត់ថវិកាទៅជាប្រាក់និម្មិត ឬគ្រីបតូ ដែលជារូបិយវត្ថុបច្ចេកទេសកុំព្យូទ័រ​គ្មានរដ្ឋាភិបាលណាគ្រប់គ្រងបាន ដើម្បីលាក់បាំង និងផ្ទេរថវិកាទៅកាន់ទីតាំងសុវត្ថិភាព មុននឹងប្តូរយកជាប្រាក់ពិត​ប្រាកដ​ដូចជា ដុល្លារអាមេរិក យ៉ន់ចិន ឬប្រាក់រៀល។ ការបើកគណនីគ្រីបតូ ពុំទាមទារអត្តសញ្ញាណបណ្ណ ឬឯកសារ​ផ្លូវការ​ឡើយ ដោយគ្រាន់តែប្រើប្រាស់ឈ្មោះក្លែងក្លាយ និងលេខគណនីសម្ងាត់ ៣៥ តួអក្សរ គឺអាចផ្ទេរ និងទិញទំនិញ​បាន​យ៉ាងងាយស្រួល។

ផ្អែកលើការស្រាវជ្រាវរបស់ ACU ប្រាក់គ្រីបតូត្រូវ បានបែងចែកជាពីរប្រភេទសំខាន់ៗ គឺប្រភេទគ្រីបតូថេរ ដែលមាន​តម្លៃ​ស្មើនឹងប្រាក់ដុល្លារអាម៉េរិកដូចជា USDT, USDC, DAI និងប្រភេទគ្រីបតូអថេរ ដែលមានតម្លៃប្រែប្រួលលឿនដូចជា Bitcoin , Ethereum , Solana  និង Binance Coin ជាដើម។

ជាមួយគ្នានេះ ពាក់ព័ន្ធនឹងសំណុំរឿងនៅឃុំព្រែកខ្សាច់ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា មេខ្លោងអនឡាញ​ស្កេមជនជាតិចិន ឈ្មោះ ចាង ចៀនឃាំង (Zhang Jian Qiang) ឬមានឈ្មោះក្នុងបញ្ជីក្រុមឆបោកថា ឆៃ យ៉ូវយៀន (Cai You Yuan) និងមានឈ្មោះហៅក្រៅថា ត្រងោល បានប្រើប្រាស់គណនីគ្រីបតូប្រភេទ USDT លើកម្មវិធី Token Pocket ដោយមានការសម្របសម្រួលប្តូរប្រាក់ពីបុគ្គលឈ្មោះ ឡាយ សុខគង់ ដែលជាអ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត មិនផ្លូវការ។

មេខ្លោង ចាង ចៀនឃាំង មានគណនីគ្រីបតូច្រើនជាង ១០ ដោយបានប្រើប្រាស់ប្រាក់ USDT ប្តូរជាប្រាក់ដុល្លារ ឬប្រាក់​យ៉ន់ តាមរយៈតូបប្តូរប្រាក់ «សុខគង់ ១៤៨» របស់ឈ្មោះ ឡាយ សុខគង់។ បន្ទាប់មក ឈ្មោះ ឡាយ សុខគង់ បាន​ប្រើប្រាស់​គណនីធនាគារស្របច្បាប់របស់ខ្លួន ផ្ទេរប្រាក់ដុល្លារពិតប្រាកដទៅឱ្យបុគ្គលពាក់ព័ន្ធនានា ដូចជាមន្ត្រីនគរបាល​អន្តោប្រវេសន៍ និងមេឃុំ រៀម រុំ ដើម្បីបិទបាំងប្រភពដើមនៃថវិកា និងចៀសវាងការសង្ស័យថាជាប្រាក់ដែលចេញពី​មេខ្លោងចិនរូបនេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា ចំណូលបានពីការឆបោកប្រមាណ ៩០ ភាគរយ ត្រូវបានមេខ្លោង ចាង ចៀនឃាំង ផ្ទេរចេញភ្លាមៗតាមប្រព័ន្ធគ្រីបតូទៅកាន់កាបូបប្រាក់ក្រៅប្រទេស មានទឹកប្រាក់រហូតដល់ជាង ២៥០ លានដុល្លារអាម៉េរិក គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ ការណ៍នេះបង្ហាញថា ប្រាក់ដែលបានពីបទល្មើសមិនត្រូវបានបន្សល់ទុក​នៅក្នុង​ប្រទេសកម្ពុជានោះទេ ដោយប្រាក់ដែលប្រើប្រាស់ និងនៅសេសសល់ក្នុងស្រុកមានត្រឹមតែរាប់ម៉ឺនដុល្លារប៉ុណ្ណោះ។

សូមបញ្ជាក់ថា បុគ្គលឈ្មោះ ឡាយ សុខគង់ អាយុ ២៥ ឆ្នាំ ជាម្ចាស់តូបប្តូរប្រាក់ «សុខគង់ ១៤៨» ស្ថិតក្នុងបុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រើប្រាស់គណនី និងឈ្មោះក្លែងក្លាយជាច្រើន​នៅលើ​បណ្តាញ Telegram, WeChat និង Token Pocket ដើម្បីទទួលប្តូរប្រាក់គ្រីបតូ ខុសពីបញ្ញត្តិរបស់ធនាគារជាតិ​នៃ​កម្ពុជា។ បុគ្គលរូបនេះ ធ្លាប់ជានិស្សិតរៀនភាសាចិន និងអង់គ្លេស ហើយបានវិវឌ្ឍខ្លួនពីអ្នកបកប្រែ មកធ្វើជាភ្នាក់ងារ​ប្តូរប្រាក់ស្របច្បាប់ និងជាអ្នកសម្របសម្រួលហិរញ្ញវត្ថុឱ្យក្រុមឧក្រិដ្ឋជនអនឡាញទាំងនោះ៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា