បាងកក ៖ ទឹកជំនន់ដែលកើតឡើង ប្រមាណជាង២សប្តាហ៍មកនេះ អាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច យ៉ាងហោចណាស់ ១១ ពាន់លានបាត ឬ ៣២៧ លានដុល្លារអាមេរិក នៅទូទាំងប្រទេសថៃ។ នេះបើតាមការប៉ាន់ស្មានរបស់ លោក Aat Pisanwanich មកពីដេប៉ាតឺម៉ង់សេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Rangsit កាលពីថ្ងៃចន្ទ។
លោក Aat Pisanwanich ក៏បានព្រមានដែរថា ការខាតបង់ទំនងជានឹងកើនឡើងបន្ថែមទៀត ប្រសិនបើស្ថានភាពមិនមានភាពប្រសើរឡើង។
លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ទៀតថា «ទឹកជំនន់នេះត្រូវបានគេព្យាករណ៍ថា នឹងកាត់បន្ថយអត្រាកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP ប្រចាំឆ្នាំចំនួន ០,៣ ភាគរយ ដែលធ្វើឱ្យកំណើនធ្លាក់ចុះមកនៅត្រឹម ២,១% និងកាត់បន្ថយកំណើនក្នុងត្រីមាសទី ៣ ប្រហែល ០,៥ ភាគរយ មកនៅត្រឹម ១,៧%»។
លោក Aat បានបន្ថែមថា ទីក្រុងបាងកក និងតំបន់ភាគខាងកើតទំនងជានឹងរងផលប៉ះពាល់ខ្លាំងជាងគេ ជាពិសេស អាជីវកម្មលក់ដុំ និងលក់រាយ ខណៈដែលវិស័យឧស្សាហកម្ម និងកសិកម្មនឹងរងផលប៉ះពាល់នៅក្នុងតំបន់ផ្សេងទៀត។
បើតាម Reuters, សាកលវិទ្យាល័យនៃសភាពាណិជ្ជកម្មថៃ ឬ University of the Thai Chamber of Commerce ក៏បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ដែរថា ការខូចខាតផ្នែកសេដ្ឋកិច្ចទូទាំងប្រទេសត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ១២,៣ ពាន់លានបាត ដែលមានចំនួនច្រើនជាងការព្យាករណ៍ ពីខាងដេប៉ាតឺម៉ង់សេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Rangsit។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ កាលពីថ្ងៃចន្ទ បានប្រកាសពីការស្លាប់មនុស្សចំនួន ៨ នាក់ ដោយសារតែគ្រោះទឹកជំនន់ដ៏មហន្តរាយ កំពុងវាយប្រហារនៅទូទាំង ២៨ រាជធានី-ខេត្ត ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញាមក ។
បើតាម Bangkok Post, មានប្រជាជនជាង ៥០ ម៉ឺនគ្រួសារ Rស្មើនឹងមនុស្ស ១ លាន ៧ សែននាក់ នៅទូទាំង ២៧ ខេត្ត បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់មួយនេះ ។
សម្រាប់ទីក្រុងបាងកកតែឯង, មានប្រជាជន ៥ ម៉ឺន ២ពាន់គ្រួសារ បានរងផលប៉ះពាល់ ដោយកាលពីថ្ងៃសៅរ៍ រាជធានីមួយនេះបានប្រកាសស្ថានភាពគ្រោះមហន្តរាយទូទាំងទីក្រុង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង រយៈពេលជិត ៤៨ ម៉ោង ដែលបានធ្វើឱ្យកម្រិតទឹកក្នុងប្រឡាយកើនឡើង និង បង្កជាទឹកជំនន់លើដងផ្លូវ៕
ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត























