គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់រាជធានី-ខេត្តចំនួន ១០ក្នុងប្រទេសកម្ពុជា ដោយធ្វើឱ្យមានការខូចខាត និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះទៅពិនិត្យស្ថានការណ៍លិចលង់នៅខេត្តចំនួនពីរ។
គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥និង០០នាទីល្ងាច គ្រោះទឹកជំនន់ ដែលបានកើតឡើងចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា មក បានបង្កផលប៉ះពាល់ដល់ក្រុង-ស្រុកចំនួន៥២ នៅក្នុងខេត្តចំនួន ១០ រួមមាន៖ បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ប៉ៃលិន, ពោធិ៍សាត់, ព្រះវិហារ, និងឧត្តរមានជ័យ។ នេះបើយោងតាមការបញ្ជាក់តរបស់ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ឯកឧត្តម បានឲ្យដឹងថា មកដល់ពេលនេះ មានប្រជាពលរដ្ឋរងគ្រោះសរុបចំនួនជិត ៤ម៉ឺន ៥ពាន់គ្រួសារ ហើយផ្ទះសម្បែងចំនួនជាង ៤ម៉ឺនខ្នងត្រូវបានប៉ះពាល់ ក្នុងនោះ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋចំនួន ៣ ៦៨៥ គ្រួសារទៅកាន់ទីទួលសុវត្ថិភាព។ ក្រៅពីនេះ ទឹកជំនន់ដោយសារទឹកភ្លៀងបានបណ្តាលឱ្យខូចខាតដល់ស្រូវប្រមាណជិត ៥ម៉ឺនហិកតា។
មូលហេតុនៃទឹកជំនេះ ត្រូវបាន ឯកឧត្តម អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា ដោយសារបញ្ហាទឹកភ្លៀងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បូករួមជាមួយនិងទឹកហូរមកពីប្រទេសជិតខាង ។
ចំពោះវិធានការអន្តរាគមន៍ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិងកំពុងបន្តចុះពិនិត្យ និងវាយតម្លៃស្ថានភាពផ្ទាល់នៅតំបន់ដែលរងផលប៉ះពាល់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តនីមួយៗ បានបង្ហាញពីភាពម្ចាស់ការយ៉ាងសកម្មក្នុងការដោះស្រាយ និងបានបន្តជួយជម្លៀសប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់បានទាន់ពេលវេលា។
យោងតាម ឯកឧត្តម សុទ្ធ គឹមកុលមុន្នី ខេត្តដែលរងផលប៉ះពាល់ច្រើនជាងគេគឺខេត្តបាត់ដំបង រងផលប៉ះពាល់១៤ក្រុងស្រុក។ មកដល់ពេលនេះ ទឹកជំនន់តាមទឹកទន្លេមានការថយចុះ ហើយខេត្តនៅភាគខាងលិចក៏បន្តថយចុះ បើមិនភ្លៀងទៀតនោះទេ គឺទឹកមានការថយចុះលឿន។
ទោះយ៉ាងណា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅតែបន្តតាមដានជាប់ជាប្រចាំពាក់ព័ន្ធទៅនឹងស្ថានភាពទឹកជំនន់ដោយសារទឹកភ្លៀង និងការហូរឆ្លងកាត់មកពីបណ្តាប្រទេសជិតខាងមក ។
លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា ស្ថានភាពទឹកនៅអាងពហុបំណងបាត់ដំបង សេកសក និងទំនប់កង្ហតបានវិលមករកប្រក្រតីភាពវិញ ខណៈស្ថានភាពទឹកស្ទឹងសង្កែនៅក្នុងក្រុងបាត់ដំបងចាប់ផ្ដើមថមថយបន្តិចម្ដងៗនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ និងអាចស្រកវិលមករកប្រក្រតីភាពវិញនៅថ្ងៃបន្ទាប់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ អាជ្ញាធរខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជន់លិចនៅតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
សម្តេចបានគូសបញ្ជាក់នៅលើបណ្តាញសង្គមផ្លូវការថា «ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល។»
ជាមួយគ្នានេះ សម្តេចធិបតីបានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ដែលបានរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ បានរហ័សទាន់ពេលវេលា ទៅកាន់ទីទួលសុវត្ថិភាព។
សម្តេចធិបតីក៏បានអរគុណផងដែរចំពោះក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាខេត្ត គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រដល់ការសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ៕
អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា























