បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភេសជ្ជៈផ្អែម និងស្រាបៀលក់បញ្ចុះតម្លៃ​ក្រោយរដ្ឋបញ្ឈប់លែងឲ្យមានការផ្ដល់រង្វាន់

ភេសជ្ជៈផ្អែម និងស្រាបៀលក់បញ្ចុះតម្លៃ​ក្រោយរដ្ឋបញ្ឈប់លែងឲ្យមានការផ្ដល់រង្វាន់

ចាប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦តទៅ​ រាជរដ្ឋាភិបាលបញ្ឈប់លែងឲ្យក្រុមហ៊ុនផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់ ផ្តល់ ឬប្តូរជារង្វាន់តាមរយៈក្រវិលកំប៉ុង គម្របដប ឬរង្វាន់ក្នុងទម្រង់ផ្សេងៗទៀតហើយ។
 
អ្នកឃ្លាំមើលសង្គមខ្លះបង្ហាញការព្រួយបារម្ភ ក្រោយឃើញក្រុមស្រាបៀ និងភេសជ្ជៈចាប់ផ្ដើមលក់បញ្ចុះតម្លៃជាងមុន ក្រោយឱសានវាទបិទបញ្ចប់ការផ្ដល់រង្វាន់លើក្រវិលកំប៉ុង។ លោក យង់ គឹមអេង នាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានកត់សម្គាល់ឃើញថា មុនឱសានវាទនៃការបិទបញ្ចប់ការផ្ដល់រង្វាន់លើក្រវិលកំប៉ុងស្រាបៀ និងភេសជ្ជៈ ក្រុមហ៊ុនផលិត និងនាំចូលចែកចាយ បានចាប់ផ្ដើមលក់បញ្ចុះតម្លៃ ដែលជាផ្នែកមួយជំរុញឲ្យអ្នកផឹកកាន់តែច្រើនជាងមុន។ ដោយមានការព្រួយបារម្ភ លោកបានជំរុញឲ្យរដ្ឋាភិបាលបន្ថែមពន្ធឲ្យខ្ពស់ដើម្បីទប់ស្កាត់បញ្ហានេះ​។
 
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនៈវិជ្ជានិងឃ្លាំមើលសង្គមមួយរូបនៅរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឲ្យមានការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុក​ដាក់ទៅលើក្រុមហ៊ុនសហគ្រាសផលិតគ្រឿងស្រវឹង និងភេសជ្ជៈមាន​ជាតិស្ករនេះ។ បើរកឃើញថា នៅមានក្រុមសហគ្រាសណាបន្តល្មើស ដោយមានការគប់​គិតគ្នាជាមួយអាជ្ញាធរណាមួយ ត្រូវដាក់ពិន័យ និងដាក់ទោសទណ្ឌក្នុងករណីធ្ងន់ធ្ងរ។
 
ដើម្បីទប់ស្កាត់ការផឹកគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា វិធានការអប់រំ គឺជារឿងសំខាន់នៅក្នុងសហគមន៍ និងនៅក្នុងគ្រួសារ ដូច្នេះគ្រប់​ភាគីពាក់ព័ន្ធត្រូវចូលរួមផ្សព្វផ្សាយ ណែនាំ អប់រំអំពីផលប៉ះពាល់នៃការផឹកគ្រឿងស្រវឹង និងភេសជ្ជៈដែលមា​ន​ជាតិស្ករនេះ។
 
ដូចគ្នានេះដែរ​ អ្នកជំនាញខាងវិស័យសុខាភិបាលមួយរូប គឺលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានជំរុញឲ្យរាជរដ្ឋាភិបាលរឹតបន្តឹងទៅលើការផ្សព្វផ្សាយគ្រឿងស្រវឹងបន្ថែម។
 
 
សូមបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចហាមឃាត់ការផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្ដល់រង្វាន់តាមទម្រង់ផ្សេងៗសម្រាប់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ចាប់​ពីខែតុលាឆ្នាំ២០២៦តទៅ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ៕

សេង បារាំង AMS

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា