ក្រុមហ៊ុននាំចេញអង្ករចំនួន១២នៅកម្ពុជា នឹងយកអង្ករប្រណិតកម្ពុជាទៅបង្ហាញនៅក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិ នៅទីក្រុងប៉ារីស៍ ប្រទេសបារាំង ដើម្បីជំរុញទីផ្សារនាំចេញ។ ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះគ្រោងប្រព្រឹត្តទៅចាប់ថ្ងៃទី១៧ រហូតថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការចូលរួមតាំងបង្ហាញផលិតផលអង្ករកម្ពុជាក្នុងពិព័រណ៍នេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហគ្រិនខ្មែរ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
សហព័ន្ធស្រូវអង្ករកម្ពុជានឹងរៀបចំការតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុននាំចេញអង្ករកម្ពុជាជាក្រុមរួមគ្នា ក្រោមពន្លាជាតិកម្ពុជាដ៏ស្រស់ស្អាតមួយ ដែលមានទំហំ ៩៦ ម៉ែត្រការ៉េ ស្ថិតនៅស្តង់ C006 អាគារ Hall 8។ នេះជាការចូលរួមជាលើកទី៣ សម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជា បន្ទាប់ពីការចូលរួមលើកទី២ ក្នុងឆ្នាំ២០២៤ និងលើកទី១ ក្នុងឆ្នាំ២០១៤។
គោលបំណងចម្បងនៃការចូលរួមក្នុងពិព័រណ៍ SIAL Paris 2026 គឺដើម្បីផ្សព្វផ្សាយអំពីអង្ករ និងផលិតផលធ្វើពីអង្ករដែលមានគុណភាព និងស្តង់ដាររបស់កម្ពុជា ជំរុញការនាំចេញស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងធ្វើពិពិធកម្មទីផ្សារ។ ព្រឹត្តិការណ៍នេះនឹងបង្កើនឱកាស និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញអន្តរជាតិ ជាពិសេសអ្នកទិញនៅទីផ្សារទ្វីបអឺរ៉ុប។
ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ SIAL Paris 2026 គឺជាពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារដ៏ធំបំផុតមួយនៅលើពិភពលោក ដែលប្រមូលផ្តុំអ្នកតាំងពិព័រណ៍ជាង ៨ពាន់ក្រុមហ៊ុន និងអ្នកជំនាញក្នុងវិស័យម្ហូបអាហារប្រមាណជិត ៣០ម៉ឺននាក់ មកពីប្រមាណ១៣០ប្រទេស។
ពិព័រណ៍នេះគឺជាវេទិកាដ៏សំខាន់សម្រាប់បង្ហាញនវានុវត្តន៍ម្ហូបអាហារថ្មីៗ ការបង្កើតភាពជាដៃគូអាជីវកម្ម និងការស្វែងយល់អំពីនិន្នាការទីផ្សារ។ SIAL Paris 2026 ត្រូវបានរៀបចំឡើងជារៀងរាល់ពីរឆ្នាំម្ដង ហើយសម្រាប់ឆ្នាំ២០២៦ ព្រឹត្តិការណ៍នេះនឹងត្រូវបានរៀបចំឡើងនៅតំបន់ Paris Nord Villepinte ទីក្រុងប៉ារីស ប្រទេសបារាំង៕
ខន ណារី AMS

























