ទឹកជំនន់ ដែលបានគ្របដណ្តប់ខេត្តបាត់ដំបងស្ទើរតែទាំងមូល បានបង្កផលប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ក្នុងខេត្តនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ទឹកជំនន់បានជន់លិចតំបន់ទំនាបនៃក្រុងស្រុកស្ទើរតែទូទាំងខេត្ត ជាពិសេសបណ្តាក្រុងស្រុកជាប់ដងស្ទឹងសង្កែ និងបឹងទន្លេសាប។
ការវាយប្រហារដោយគ្រោះធម្មជាតិនេះ បានបណ្តាលឱ្យជន់លិចផ្លូវ ផ្តាច់ផ្លូវ លិចផលដំណាំ ផ្ទះសម្បែងប្រជាពលរដ្ឋ ប្រឡាយទឹក ជាពិសេសតំបន់ទេសចរណ៍នៅជាប់ប្រភពទឹក ដែលបានរារាំងដល់ភ្ញៀវទេសចរធ្វើដំណើរទៅកាន់តំបន់ទាំងនោះ។
មន្រ្តីមន្ទីរទេសចរណ៍បានលើកឡើងដូច្នេះ ៖ ទឹកជំនន់នៅប៉ុន្មានថ្ងៃនេះ តំបន់ទេសចរណ៍ខ្លះរងផលប៉ះពាល់ខ្លាំង ទឹកលិចតាំងពីផ្លូវទៅដល់នោះ(តំបន់ទេសចរណ៍) នៅមានកន្លែងមួយចំនួននៅមានភ្ញៀវមកបន្ត។ ជាក់ស្តែងភ្ញៀវនៅរយៈពេលប៉ុន្មានថ្ងៃនេះធ្លាក់ចុះខ្លាំងមែនទែន ដោយសារផ្លូវទៅតំបន់រមណីយដ្ឋានលិចពិបាកធ្វើដំណើរ ស្ងាត់ កន្លែងខ្លះប៉ះពាល់ដោយសារទឹកជំនន់អត់បើកតែម្តង ខូចផ្លូវ ប៉ះពាល់ដល់សម្ភារមួយចំនួន បាក់ដើមឈើ កន្លែងខ្លះអត់រងផលប៉ះពាល់ តែផ្លូវទៅកាន់តំបន់ហ្នឹងត្រូវបានលិច។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង មិនទាន់អាចកំណត់ចំនួនតំបន់ទេសចរណ៍ដែលរងផលប៉ះពាល់នៅឡើយទេ តែគ្រាន់តែបញ្ជាក់ថា តំបន់ទេសចរណ៍ដែលរងផលប៉ះពាល់តិចតួចជាងគេ គឺមានតែនៅភ្នំសំពៅប៉ុណ្ណោះ។
បើតាមការបញ្ជាក់របស់លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង មកដល់ថ្ងៃអង្គារ៍នេះ ទឹកជំនន់ចាប់ផ្តើមស្រកទៅវិញបណ្តើរៗហើយ ដោយកន្លែងខ្លះទឹកបានស្រកអស់ ហើយតំបន់ខ្លះទៀតនៅបន្តមានទឹកជំនន់នៅឡើយ។
ក្នុងរយៈពេល៩ខែឆ្នាំ២០២៦នេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបចំនួនជាង៤០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិចំនួនជាង ៣៨ម៉ឺននាក់ និងភ្ញៀវអន្តរជាតិចំនួនជាង ២ម៉ឺន៣ពាន់នាក់។ ខេត្តបាត់ដំបង មានតំបន់ទេសចរណ៍សរុបចំនួន ១១៥កន្លែង ក្នុងនោះមានតំបន់ទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត វប្បធម៌ធម្មជាតិ ទេសចរណ៍កែច្នៃ សហគមន៍អេកូទេសចរណ៍ កសិទេសចរណ៍ សារមន្ទីរវប្បធម៌ប្រវត្តិសាស្ត្រ និងវត្តទេសចរណ៍៕
សៅ សុខអេង


























