ប៉ូឡូញ ស្នើ អាមេរិក យកទឹកដីខ្លួនសង់រោងចក្រផលិតមីស៊ីលរបស់សំណាញ់មេឃ Patriot ជំនួស អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ូឡូញ ស្នើ អាមេរិក យកទឹកដីខ្លួនសង់រោងចក្រផលិតមីស៊ីលរបស់សំណាញ់មេឃ Patriot ជំនួស អ៊ុយក្រែន

ប៉ូឡូញ ស្នើ អាមេរិក យកទឹកដីខ្លួនសង់រោងចក្រផលិតមីស៊ីលរបស់សំណាញ់មេឃ Patriot ជំនួស អ៊ុយក្រែន

វ៉ាសូវី ៖ ប្រទេសប៉ូឡូញបានស្នើសុំទៅសហរដ្ឋអាមេរិក យកទឹកដីរបស់ខ្លួនធ្វើជាទីតាំងសម្រាប់ការសាងសង់រោងចក្រផលិតមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ជំនួសឲ្យការសាងសង់វានៅលើទឹកដីរបស់អ៊ុយក្រែន ។ នេះបើតាមការអះអាងរបស់អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញកាលពីថ្ងៃចន្ទ ។

លោកស្រី Magdalena Sobkowiak Czarnecka អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញនិយាយថា ការស្នើសុំនេះធ្វើឡើង ក្នុងករណីដែលទីក្រុងកៀវទទួលបានអាជ្ញាប័ណ្ណផលិតមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ជាផ្លូវការពីសហរដ្ឋអាមេរិក ។

សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលស្ទាក់ចាប់ដ៏មានអនុភាពចំនួន ២ ប្រភេទ ។

ក្នុងនោះ មីស៊ីលស្ទាក់ចាប់ PAC-2 របស់សំណាញ់មេឃ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 អាចបាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។

មីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាសនេះ មួយគ្រាប់ៗត្រូវចំណាយពេលផលិតយូរខែ ឬយូរឆ្នាំ ហើយមានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់ ។

បើតាម RBC Ukraine, លោកស្រីអនុរដ្ឋមន្រ្តីការពារជាតិប៉ូឡូញ Sobkowiak Czarnecka អះអាងថា ទីក្រុងវ៉ាសូវីបានដាក់សំណើទៅកាន់ភាគីអាមេរិក និងអ៊ុយក្រែនរួចរាល់ហើយដើម្បីធ្វើជាទីតាំងសម្រាប់ការសាងសង់រោងចក្រផលិតមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot នៅលើទឹកដីរបស់ខ្លួន ។

លោកស្រីថា ប្រសិនបើមានផែនការសាងសង់រោងចក្របែបនេះសម្រាប់អ៊ុយក្រែន ទីក្រុងវ៉ាសូវីសុំស្នើឱ្យមកសាងសង់លើទឹកដីប៉ូឡូញវិញ ពីព្រោះជាតំបន់មានសុវត្ថិភាពជាង ។

លោកស្រីបញ្ជាក់ថា ការសាងសង់វានៅលើទឹកដីអ៊ុយក្រែនចំពេលមានសង្រ្គាម អាចប្រឈមមុខនឹងហានិភ័យខ្ពស់ នៃការទម្លាក់គ្រាប់បែកពីសំណាក់រុស្ស៊ី ។

យ៉ាងណា ភាគីសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃទី២៣ ខែកញ្ញាថា មិនទាន់មានការសម្រេចចិត្តចុងក្រោយ លើការអនុញ្ញាតឱ្យអ៊ុយក្រែនផលិតមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot នៅឡើយទេ ខណៈដែលការចរចានៅតែបន្ត ។

ប៉ុន្តែលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និយាយថា មានវឌ្ឍនភាពជាក់លាក់មួយជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងបញ្ហានេះ បន្ទាប់ពីលោកបានពិភាក្សាជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ៕

ប្រភព ៖ RBC Ukraine ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា